ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ថ្ងៃទី២៩ ឧសភា ម្សិលមិញនេះ ប្រធានសហព័ន្ធកីឡា បានជួបសំណេះសំណាល ជាមួយគ្រូបង្វឹក កីឡាករបាល់ទះកម្ពុជា ដែលទើបតែប្រជែង បានមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលទើបតែបញ្ចប់នោះ។
ក្នុងឱកាសជួបសំណេះសំណាលនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានផ្តល់ថវិកាលើកទឹកចិត្ត ដល់គ្រូបង្វឹក និងក្រុមកីឡាករ ចំនួន ២០ នាក់ ដោយក្នុង ម្នាក់ៗ ទទួលបានថវិកា ចំនួន ២,០០០ ដុល្លារ និងម៉ូតូម្នាក់ មួយគ្រឿងទៀតផង។
នាយឧត្តមសេនីយ៍ បានបន្ថែមថាៈ រង្វាន់នេះ ជារឿងមួយផ្នែកនោះទេ ប៉ុន្ដែអ្វីដែលជារឿង សំខាន់នោះ គឺជាមោទនភាព សម្រាប់ជាតិទាំងមូល។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថាៈ រឿងរ៉ាវភ្ញាក់ផ្អើល ធ្វើឲ្យបណ្ដាប្រទេសក្នុងតំបន់ និងប្រជាពលរដ្ឋកម្ពុជា នឹកស្មានមិនដល់ ចំនួន២ គឺទី១៖ កាលពីស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ក្រុមកីឡាបាល់ទះកម្ពុជា ទទួលបាន មេដាយសំរិទ្ធ និងទី២៖ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្រុមកីឡាបាល់ទះកម្ពុជា ទទួលបានមេដាយប្រាក់។ ជោគជ័យរបស់ ក្រុមបាល់ទះកម្ពុជា គឺដោយសារថ្នាក់ដឹកនាំសហព័ន្ធ ការប្ដេជ្ញាចិត្ត និងកិច្ចសហការល្អ របស់កីឡាករ។
ក្នុងឋានៈជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានអះអាងថាៈ នៅពេលកីឡាបាល់ទះកម្ពុជា ទទួលបានមេដាយសំរិទ្ធ និងមេដាយប្រាក់ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ទទួលស្គាល់ចំពោះ ការខិតខំប្រឹងប្រែង របស់អ្នកពាក់ព័ន្ធទាំងអស់ ប៉ុន្ដែនាយឧត្តមសេនីយ៍ បង្ហាញមហិច្ឆតាខ្ពស់ ដើម្បីឈានទៅ ដណ្ដើមមេដាយមាស នៅពេលអនាគត។
លោកបានលើកឡើងថាៈ ដើម្បីឈានទៅដណ្ដើមមេដាយមាស ទាមទារឲ្យថ្នាក់ដឹកនាំ និងក្រុមកីឡាករទាំងអស់ ត្រូវខិតខំប្រឹងប្រែង ដោយមិនភ្លេច នូវការឧបត្ថម្ភផ្សេងៗ នោះឡើយ។ លោកបន្ដថាៈ បច្ចុប្បន្ន កីឡាករបាល់ទះកម្ពុជា គ្រប់ៗរូប បានក្លាយជា អាយដុល (idol) របស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដោយពួកគាត់ ផ្ដល់ក្ដីស្រលាញ់ និងចូលចិត្ត។
នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថាៈ កីឡាករម្នាក់ៗ ត្រូវតែខិតខំប្រឹងប្រែងហ្វឹកហាត់ ប៉ុន្ដែមិនមែនហ្វឹកហាត់ រហូតនោះទេ ពោលត្រូវបែកចែកកាលវិភាគច្បាស់លាស់ ដោយត្រូវមានពេលវេលា ដើម្បីសម្រាកឲ្យបានគ្រប់គ្រាន់៕/V/R