ដោយៈ តារារិទ្ធ / ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ពិនិត្យមើលគុណភាព នៃការបណ្តុះបណ្តាលធនធាន ថ្នាក់បណ្ឌិតនៅកម្ពុជា ដែលហាក់បីដូចជាស្រួលពេក ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធអគារសិក្សា នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែឧសភា នេះ។
សម្តេចតេជោ បានមានប្រសាសន៍ថាៈ ការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ទាមទារឲ្យអ្នក ណែនាំនិក្ខេបទ មានភាពច្បាស់លាស់ មានគុណភាពគ្រប់គ្រាន់ ហើយក៏មិនត្រូវប្រើហួស ដូចជា មានសាកលវិទ្យាល័យខ្លះ មានបេក្ខភាពបណ្ឌិតនោះ វាច្រើនពេកហើយ ហើយអ្នកណែនាំ នៃនិក្ខេបទម្នាក់ ហើយទៅណែនាំមនុស្ស ៣០ ទៅ ៤០ នាក់ គឺទៅមិនរួចទេ ។
សម្តេចតេជោ បានបន្តថាៈ ហេតុដូច្នេះហើយ បានជាសម្តេច ទាមទារឲ្យពង្រឹងគុណភាព នៃការបណ្ដុះបណ្ដាល តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។ ខណៈក្រោយឧត្ត មសិក្សា មានបញ្ញាបត្រជាន់ខ្ពស់ ហៅថា អនុបណ្ឌិត និងថ្នាក់បណ្ឌិត ដូច្នេះទាមទារ នូវការជំរុញលើកកម្ពស់គុណភាព នៃការបណ្ដុះបណ្ដាល។
សម្តេច បានបន្តថាៈ “អញ្ចឹង វាមានតែវិធីសាស្រ្ត នៅក្នុងការទាញយកសាស្ត្រាចារ្យ ដែលពូកែ និងមានបទពិសោធន៍ ដើម្បីធ្វើជាអ្នកណែនាំនិក្ខេបទនេះ នៅក្នុងការសិក្សា។ បើមិនដូច្នេះហើយចេះតែជាប់ៗ ពេញទឹកពេញដីទាំងអស់ ។ ព្រោះថ្នាក់បណ្ឌិត ទាមទារនូវនិក្ខេបទ និងការការពារ ហើយការការពារនៅស្រុកយើងនេះ វាធូរបន្តិចហើយ ពេលខ្លះ គណៈកម្មការការពារ មានតែបីនាក់ អីប៉ុណ្ណឹង ឬជួនកាលគ្នា តែពីរនាក់ប៉ុណ្ណោះ ដូចជាធូររលង់ពេក។ ចំណុចនេះ គឺជាចំណុចដែលរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាអ្នកណែនាំនិក្ខេបទ និងគណៈកម្មការការពារនិក្ខេបទ ផង៕/V/R