ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្រុមបាល់ទាតអាយុក្រោម ២៣ ឆ្នាំ កម្ពុជា នឹងចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ AFF U23 Championship 2023 ដែលជាពានរង្វាន់ សម្រាប់តំបន់អាស៊ីអាគ្នេយ៍។

ព្រឹត្តិការណ៍នេះ នឹងចាប់ផ្ដើមពីថ្ងៃទី១៧ ដល់ ២៦ ខែសីហា ឆ្នាំ២០២៣។ ក្នុងការចាប់ឆ្នោត បែងចែកពូលនោះ ក្រុមកម្ពុជា ស្ថិតនៅពូល A ជាមួយ ថៃ ព្រុយណេ និង មីយ៉ាន់ម៉ា

មុននឹងព្រឹត្តិការណ៍នេះ មកដល់ក្រុម U23 កម្ពុជា នឹងប្រកួតជាមិត្តភាព ជាមួយក្រុមបង់ក្លាដែស នាថ្ងៃទី១៥ មិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្រៅពីព្រឹត្តិការណ៍ AFF U23 Championship 2023 ក្រុមបាល់ទាត់ អាយុក្រោម ២៣ ឆ្នាំ (U-23) កម្ពុជា នឹងចូលរួមក្នុងព្រឹត្តិការណ៍ ប្រកួតជម្រុះពានរង្វាន់ សហព័ន្ធកីឡាបាល់ទាត់អាស៊ី ឆ្នាំ២០២៤ ( Qualification AFC Asian Cup 2024) នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ព្រឹត្តិការណ៍នេះ កម្ពុជា ស្ថិតនៅក្នុងពូល J ជាមួយក្រុមម្ចាស់ផ្ទះអារ់ាប៊ីសាអ៊ូឌីត លីបង់ និង ម៉ុងហ្គោលី។ សម្រាប់ពូល J គ្រប់ការប្រកួតទាំងអស់ ធ្វើនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចាប់ពីថ្ងៃទី៦ ដល់ ១២ ខែកញ្ញា ឆ្នាំ២០២៣។

ក្រុម U23 កម្ពុជា ជួបក្រុមលីបង់ នាថ្ងៃទី៦ កញ្ញា បន្ទាប់មក ជួបក្រុមម៉ុងហ្គោលី នៅថ្ងៃទី៩ កញ្ញា និងចុងក្រោយ ជួបក្រុមម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

វគ្គជម្រុះនេះ មានចំនួន ៤៣ ក្រុមចូលរួម ដោយបែងចែកជា ១១ ពូល ក្នុងចំណោម ៤៣ ក្រុម ដែលចូលរួមប្រកួតជម្រុះនេះ នឹងយកតែ ១៥ ក្រុមប៉ុណ្ណោះ ដែលនឹងទទួល បានកៅអី ទៅកាន់ការប្រកួត AFC U23 Asian Cup នៅប្រទេសកាតា ឆ្នាំ២០២៤ /V-PC