ដេាយ៖ ដេប៉ូ / ភ្នំពេញ៖ នេះជារូបភាពដែលគេទើបទទួលបាន ពីមន្ត្រីនៃអគ្គនាយកដ្ឋាន តំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន ដែលបានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ នៅក្នុងតំបន់អភិរក្សកម្ពុជា គឺសត្វកែះ ដែលជាប្រភេទសត្វកម្រ ជិតផុតពូជ បានបង្ហាញ វត្តមាន នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។

តាមទំព័រហ្វេសប៊ុករបស់លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យ ក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា៖ សត្វកែះ ជាប្រភេទ សត្វមានដោយកម្រ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះ ថ្នាក់ជាសកល និងជាសត្វ ស្ថិតក្នុងឧបសម្ព័ន្ធទី១ របស់អនុសញ្ញាសាយតេស។ គេមិនទាន់មានទិន្នន័យពិតប្រាកដថា មានសត្វកែះ ប៉ុន្មានក្បាលរស់នៅ ក្នុងប្រទេស កម្ពុជាទេ តែប្រភេទសត្វនេះ មានដង់ស៊ីតេ រស់នៅកម្រិតទាបបំផុត ដោយសារតែជា សត្វកម្រ។ បច្ចុប្បន្ននេះ សត្វកែះ កំពុងប្រឈមមុខនឹងការបាត់បង់ពូជ ដោយសារការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ជីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះ រងគ្រោះខ្លាំង ដោយសារតែការប្រមាញ់ ដើម្បីយកសាច់ ស្នែង ឆ្អឺង ក្នុងការជួញដូរ ដោយសារតែជំនឿ។

បើយោងតាមការសិក្សា កែះមានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើង វាមានដងខ្លួនខ្លី ហើយជើងទាំង ៤ របស់វាវែង។ ផ្នែកខាងលើដងខ្លួន​សម្បុរខ្មៅ និងផ្នែកក្រោមនៃជើង ចាប់ពីក្បាលជង្គង់ ចុះមានពណ៌ចម្រុះខ្មៅ ប្រផេះ លឿង។ នៅលើពំនូកក្បាល រហូតដល់ស្មារបស់វា មានរោមរឹងវែងៗសណ្ឋាន ដូចជាប្រែង។ វាមានស្នែងដូចសត្វពពែ ដុះកោងទៅក្រោយបន្តិច ប្រវែងប្រហែល ២៨០ មម ពណ៌ខ្មៅ និងមានគន្លាក់ៗ ជារង្វង់នៅផ្នែកគល់។ កន្ទុយខ្លី ហើយមានរោមសំពោង ពណ៌ខ្មៅប្រផេះ។

តាមការសិក្សា ចំពោះជីវសាស្ត្រវិញ សត្វកែះ ចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗ ដែលមាគម្របព្រៃ និងមានស្រទាប់រុក្ខជាតិ ថ្នាក់ក្រោមច្រើន។ កែះមានជើងយ៉ាង ចំណាប់ក្នុងការដើរឡើងតាមផ្ទាំងថ្មចោតៗ។ នៅពេលថ្ងៃ វាចូលចិត្តសម្រាក តាមគម្ពោតព្រៃក្រាស់ ហើយចេញរកស៊ី នៅពេលព្រលឹម ឬក្បាលព្រលប់។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ។

សត្វកែះ ចូលចិត្តយករូងភ្នំរាក់ៗ ធ្វើជាទីជម្រករបស់វា ហើយគេអាចសម្គាល់វត្តមាន វាដោយសារគំនរលាមក។ ដោយសារតែកែះ ជាសត្វមានភាពរហ័សរហួន និងពូកែស្រង់ ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់ដូច្នេះគេកម្រនឹងជួបប្រទះវាណាស់។ រដូវបន្តពូជសត្វកែះ មាននៅខែតុលា និងខែធ្នូ ហើយកើតបានកូន ១ ជួនកាលភ្លោះ មានដោយកម្រ បន្ទាប់ពីពពោះ ៧ ខែ។ កូនរស់នៅជាមួយមេវាស្ទើរពេញមួយឆ្នាំ ទើបចាកចេញ៕ V / N