​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ពុត​និក​) ៖ ក្រសួង​ការពារជាតិ​អ៊ីស្រាអែល​បាន​និយាយថា អ៊ីស្រាអែល​កាលពី​ថ្ងៃ​ចន្ទ​បាន​សាកល្បង​ដោយ​ជោគជ័យ​នូវ​ប្រព័ន្ធ​ការពារ​ដែនអាកាស​តាម​សមុទ្រ ដែល​ខ្លួន​សង្ឃឹមថានឹង​បញ្ចប់​សព្វគ្រប់​ការដំឡើង​ខែល​ការពារ​ដែនអាកាស​របស់​ខ្លួន​ពេញលេញ​ដើម្បី​ផ្តល់​ការការពារ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ទ្រព្យសម្បត្តិ​យុទ្ធសាស្ត្រ​។​

​ក្រសួង​បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម​ថា “​អង្គការ​ការពារ​មី​ស៊ី​ល​អ៊ីស្រាអែល (IMDO)​ក្រោម DDR&D [​នាយក​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ការពារជាតិ​] របស់​ក្រសួង​ការពារជាតិ​អ៊ីស្រាអែល​រួមជាមួយ​​នឹង​កងទ័ពជើងទឹក​អ៊ីស្រាអែល​និង​ប្រព័ន្ធ​ការពារ​កម្រិត​ខ្ពស់ Rafael បាន​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ការសាកល្បង​ពហុ​ប្រព័ន្ធ និង​ពហុ​ស្រទាប់ ដោយ​ប្រើ​កំណែ​ប្រព័ន្ធ Iron Dome របស់​កងទ័ពជើងទឹក ដែល​គេ​ស្គាល់​ថា C-Dome”​។​

​ក្រសួង​បាន​បន្ថែមថា អាវុធ C-Dome ដែល​ដំឡើង​នៅ​លើ​នាវា Saar 6-class Magen បាន​ស្ទាក់ចាប់​ដោយ​ជោគជ័យ​នូវ​គោលដៅ​កម្រិត​ខ្ពស់​ដែល​បង្ក​ការគំរាមកំហែង​ដល់​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​និង​ទ្រព្យសម្បត្តិ​យុទ្ធសាស្ត្រ​របស់​អ៊ីស្រាអែល​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​។​

​ប្រព័ន្ធ C-Dome ត្រូវបាន​រចនា​ឡើង​ដើម្បី​ការពារ​នាវា​និង​ទ្រព្យសម្បត្តិ​ដែល​មាន​មូលដ្ឋាន​លើ​សមុទ្រ​ប្រឆាំងនឹង​ការគំរាមកំហែង​យ៉ាង​ទូលំទូលាយ​។ កាសែត Jerusalem Post បាន​រាយការណ៍​ថា ការសាកល្បង​ចុងក្រោយ​នេះ​គឺពាក់ព័ន្ធ​នឹង​គោលដៅ​គ្រប់​រយៈ​ចម្ងាយ រាប់​ចាប់ពី​មី​ស៊ី​ល​បញ្ជា​ទិស​រហូត​ដល់​ដ្រូ​ន​៕

ប្រព័ន្ធ C-Dome ត្រូវបាន​រចនា​ឡើង​ដើម្បី​ការពារ​នាវា​និង​ទ្រព្យសម្បត្តិ​ដែល​មាន​មូលដ្ឋាន​លើ​សមុទ្រ​ប្រឆាំងនឹង​ការគំរាមកំហែង​យ៉ាង​ទូលំទូលាយ