ដោយ៖ដេប៉ូ/ភ្នំពេញ៖ រដូវបន្តពូជរបស់សត្វត្រយងចង្កំកស ក្នុងឆ្នាំ២០២២–២៣ ត្រូវបានបញ្ចប់ ដោយក្នុងនេះ ជាលទ្ធផល សំបុកសរុបចំនួន ១៣ ដោយក្នុងនោះ សំបុកចំនួន ៨ ត្រូវបានញាស់ជោគជ័យ ជាមួយកូនចំនួន ១៣ ក្បាល នៅដែនជម្រកសត្វ ព្រៃលំផាត់ក្នុងខេត្តរនតគិរី។
យោងតាមអង្គការជីវិតធម្មជាតិ នៅកម្ពុជា (Nature Life Cambodia) បានឱ្យដឹង កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៣ ថា៖ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមការងារជីវចម្រុះ នៃអង្គការជីវិតធម្មជាតិ នៅកម្ពុជា សហការជាមួយឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ និងសហគមន៍ ក្នុងការស្វែងរក និងការពារសំបុករបស់ សត្វជិតផុតពូជបំផុត នៃសត្វត្រយងចង្កំកស គេបានរកឃើញចំនួនសំបុករបស់វា នៅក្នុងរដូវបន្តពូជនេះ មានការកើនឡើង បើប្រៀបធៀបនឹងរដូវបន្តពូជ ក្នុងរយៈពេល ៥ រដូវកាលចុងក្រោយនេះ ដែលនេះជាសញ្ញាល្អមួយ សម្រាប់ដែនជម្រកសត្វព្រៃលំផាត់សម្រាប់គាំទ្រដល់ការរស់នៅ និងការបន្តពូជរបស់សត្វត្រយងចង្កំកស។ ទោះជាយ៉ាង ណា ចំនួនសំបុកបរាជ័យ នៅតែមានចំនួនច្រើន។ កត្តាដែលនាំដល់ការបរាជ័យ ភាគច្រើន គឺមិនត្រូវបានរកឃើញ និងមួយចំនួន គឺត្រូវបានរកឃើញថា រងការរំខានពី សកម្មភាពមនុស្ស ដែលនាំឱ្យសត្វបោះបង់សំបុក។ ការរំខានពីសត្វដទៃទៀត ដូចជា ក្អែក ពពួកខ្លែង និងស្ទាំង ក៏ជាមូលហេតុចំបងនាំដល់ការបរាជ័យសំបុកផងដែរ។
អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia) បង្ហាញជំហរថា នឹងបន្តខិតខំសហការជាមួយមន្ត្រីឧទ្យានុរក្ស ដែលជម្រកសត្វព្រៃលំផាត់ ក្នុងការល្បាត ការពារសំបុក និងបង្កើនការផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋ ចូលរួមការពារសត្វកម្រជិត ផុតពូជនៅក្នុងប្រទេសកម្ពុជាយើង៕/V-PC