ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ នាយករដ្ឋមន្ត្រីចាំផ្ទះលោក ប្រាយុទ្ធ ចាន់ អូចា កាលពីថ្ងៃចន្ទបានច្រានចោលពាក្យចចាមអារ៉ាមដែលថាលោកនឹងនៅក្នុងតំណែងនាយករដ្ឋមន្ត្រីបើសិនជាកើតមាន«ឧបទ្ទវហេតុនយោបាយ»មួយនៅក្នុងពេលអនាគតដ៏ខ្លី។
ប្រាយុទ្ធ ដែលជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សជាតិថៃរួបរួម(UTN)បាននិយាយថា លោកសុំមិននិយាយពីពាក្យចចាមអារ៉ាមនេះទេ មុនពេលលោកបន្ថែមថា« គ្រប់យ៉ាងត្រូវធ្វើឡើងស្របតាមច្បាប់»។
«កុំនិយាយអ្វីអាចកើតឡើងចំពោះខ្ញុំប្រសិនបើមានករណីដូច្នេះដូច្នោះ ។មិនមានទេ វាជាពាក្យចចាមអារ៉ាម មែនទេ?តើអោយខ្ញុំឆ្លើយម្តេចទៅ?»។
លទ្ធភាពរបស់ប្រាយុទ្ធនៅបន្តកាន់អំណាចមិនទាន់អស់ទាំងស្រុងនៅឡើយទេ វាអាស្រ័យស្ថានការណ៍នយោបាយវិវត្តន៍
ការសង្ស័យនិងពាក្យចចាមអារ៉ាមលេចឡើងព្រោងព្រាត ដូចជាថាតើក្រុមចំរុះប្រាំបីគណបក្សដឹកនាំដោយគណបក្សកាវក្លៃ(MFP)នឹងគាំទ្រប្រធានកាវក្លៃ លោកភិតា លីមចារឺនរ៉ាតជានាយករដ្ឋមន្ត្រីដែរឬទេ ឬក៏ថាតើក្រុមចម្រុះនេះទទួលបានការគាំទ្រគ្រប់គ្រាន់ពីសភាទាំងពីរថ្នាក់ដែរឬទេសំរាប់បង្កើតរដ្ឋាភិបាលបន្ទាប់។
ប្លុកនេះមានសមាជិកសភាជាប់ឆ្នោតថ្មីសរុប៣១៣អាសនៈ ដូច្នេះវាទាមទារការគាំទ្រពីសមាជិកសភាឬព្រឹទ្ធសភា៦៣រូបទៀត ទើបគ្រប់សម្លេងអនុម័តបេក្ខជននាយករដ្ឋមន្ត្រីណាម្នាក់។ឥឡូវគណបក្ស MFPនិងគណបក្សធំលំដាប់ទីពីរក្នុងក្រុមចំរុះនេះ គឺបក្សភឿថៃកំពុងខ្វែងគំនិតជាមួយMFPទៀតអំពីតំណែងប្រធានសភា ជាហេតុនាំអោយលេចឮពាក្យចចាមអារ៉ាមបន្តបន្ទាប់ថា បក្សភឿថៃបានលួចចចរចាជាសម្ងាត់ជាមួយគណបក្សដទៃទៀត រួមទាំងគណបក្សក្នុងរដ្ឋាភិបាលបច្ចុប្បន្ន ដើម្បីបង្កើតក្រុមចំរុះថ្មីមួយ។
ក្នុងពេលជាមួយគ្នា លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin)បេក្ខជននាយករដ្ឋមន្ត្រីម្នាក់របស់បក្សភឿថៃ បានបដិសេធពាក្យចចាមអារ៉ាមអំពី«កិច្ចព្រមព្រៀងសម្ងាត់»មួយដើម្បីបង្កើតក្រុមចំរុះមួយទៀត ដឹកនាំដោយភឿថៃ។
ការបដិសេធនេះនៅពេលមានការបង្ហោះរូបលោកនៅជាមួយប្រធានបក្សភូមចៃថៃនិងជារដ្ឋមន្ត្រីសុខាភិបាលបច្ចុប្បន្នលោក អានុធីន ឆានវីរ៉ាគុល(Anutin Charnvirakul)នៅឯការប្រកួតបាល់ទាត់របស់ក្រុមLeicester City នៅអង់គ្លេស។លោកស្រេតថាបាននិយាយថាវាគ្រាន់តែជាការជួបគ្នាដោយចៃដន្យប៉ុណ្ណោះ៕
ការជួបគ្នារវាងអ្នកទាំងពីរកើតឡើងចំពេលមានពាក្យចចាមអារ៉ាមអំពីកិច្ចព្រមព្រៀងសម្ងាត់មួយរវាងគណបក្សមួយចំនួនដើម្បីបង្កើតក្រុមចំរុះថ្មីមួយ