ដោយៈ សុផល ភ្នំពេញ៖ ខេត្តទេសចរណ៍ឆ្នេរសមុទ្រ ចំនួនពីរ គឺខេត្តកែប និង កំពត ទទួលបានទីលានទុកដាក់សំរាម រៀងៗខ្លួន ដែលមានសមត្ថភាពប្រតិបត្តិការ ដល់ទៅ ២០ ឆ្នាំ ដែលស្របតាមបទដ្ឋានបច្ចេកទេស។ ទីលានទុកដាក់សំរាម ដែលទើបសម្ពោធ ប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៣០ ខែឧសភា នេះ ជាគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀងនៃ មហាអនុតំបន់មេគង្គជំហានទី២ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
ទីលានទុកដាក់សំរាម នៅខេត្តកំពត ចំណាយថវិកាស្ថាបនាសាងសង់ អស់ថវិកា ៣.៣៧២.៥១៤ ដុល្លារអាមេរិក ចាប់ផ្ដើមការងារសាងសង់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ និងបញ្ចប់ការងារសាងសង់ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ ទីតាំងគម្រោងស្ថិតនៅក្នុងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។ កន្លែងទុកដាក់សំរាម ត្រូវបានរចនាឡើងជាពីរណ្ដៅ ដែលមានទំហំមាត់រណ្ដៅប៉ុនគ្នា ៨០ម គុណនឹង ១៧០ម ជម្រៅ ៣ម ត្រូវជា ១,៣៦ ហិកតា។ តាមផែនការរណ្ដៅទាំងពីរនេះ នឹងត្រូវបំពេញសំរាម រហូតដល់ ១០ ម៉ែត្រ គិតពីមាត់រណ្ដៅ ដែលអាចទទួលបានបរិមាណសំរាម ៣៤៨.៤០០ ម៉ែត្រគូប ។ គម្រោងទាំងមូល ត្រូវបានសាងសង់ លើផ្ទៃដី ៨,៧៧ ហិកតា នៃផ្ទៃដីសរុប ១០,៣៣៨ ហិកតា ដែលនឹងគ្រោងឱ្យប្រើប្រាស់ ក្នុងរយៈពេល ២០ ឆ្នាំ សម្រាប់ប្រជាជនក្នុងខេត្តកំពតទាំងមូល ប្រមាណជា ៥២.៣៣៧ នាក់។
ចំណែកទីលានទុកដាក់សំរាម នៅខេត្តកែប ប្រើប្រាស់ថវិកាសាងសង់ ១០.៧៦៩.៥៣២ ដុល្លារអាមេរិក។ ទីលានសំរាមនេះ ស្ថិតនៅភូមិដំណាក់ចង្អើរ ឃុំព្រៃធំ ក្រុងកែប ខេត្តកែប ត្រូវបានសាងសង់ឡើង មានចំនួន ៤ រណ្ដៅ មានសមត្ថភាពផ្ទុកសំរាមបានប្រមាណ ៦០០.០០០ ម៉ែត្រត្រីគុណ ក្នុងរយៈពេល ២០ ឆ្នាំ។ ទីលានទុកដាក់សំរាមថ្មីនេះ ត្រូវបានសាងសង់ លើផ្ទៃដីទំហំ ១៤ ហិកតា សម្រាប់បម្រើសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋក្នុងក្រុងកែប និងស្ទើរតែទាំងអស់នៃវិស័យទេសចរណ៍ ដូចជាភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងផ្សារ ទទួលបានសេវានេះ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា៖ ទីលានទុកដាក់សំរាមនេះ នឹងចូលរួមចំណែក ក្នុងការលើកកម្ពស់គុណភាពការរស់នៅក្នុងតំបន់ និងតំបន់ជុំវិញទីតាំងទុកដាក់សំរាមនេះ ជាពិសេស ការកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព និងការបំពុលបំផ្លាញបរិស្ថានផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអរគុណចំពោះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាដៃគូអភិវឌ្ឍន៍មួយ តែងតែចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈកម្ចីឥណទាន ក្រុមហ៊ុនសាងសង់ ក្រុមការងារ ត្រួតពិនិត្យបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី និង ប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជំរុញឱ្យការងារសាងសង់ អាចដំណើរការទៅបានដោយរលូន និងបញ្ចប់តាមផែនការគ្រោងទុក៕ V / N