ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ កងកម្លាំងថែរក្សាសន្តិភាពដឹកនាំដោយអង្គការណាតូហៅKFORបានរាយការណ៍នៅថ្ងៃអង្គារទី៣០ឧសភានេះថា ចំនួនទាហានរងរបួសក្នុងការប៉ះទង្គិចដ៏ខ្លាំងជាមួយជនជាតិស៊ែបបានកើនដល់៣០នាក់។
ក្រុមជនជាតិស៊ែបបានព្យាយាយមចូលកាន់កាប់ការិយាល័យនៅទីក្រុងមួយនៅកូសូវ៉ូខាងជើងដើម្បីប្រឆាំងការការជាប់ឆ្នោតរបស់អភិបាលក្រុងថ្មីដែលសុទ្ធតែជាជនជាតិអាល់បានី។
សូមបញ្ជាក់ថា កូសូវ៉ូ ឈ្មោះផ្លូវការថា «សាធារណរដ្ឋកូសូវ៉ូ)ជាប្រទេសប្រកាសឯករាជ្យភាពដោយខ្លួនឯងនៅអឺរ៉ុបភាគអាគ្នេយ៍ចេញពីប្រទេសស៊ែប៊ី កាលពីឆ្នាំ២០០៨និងតាំងពីពេលនោះមកទើបទទួលបានការទទួលស្គាល់ពីរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ១០១ប្រទេស ក្នុងនាមជារដ្ឋមានអធិបតេយ្យមួយ។
សេចក្តីថ្លែងការណ៍មួយបាននិយាយថា ទាហានអ៊ីតាលី១១នាក់និងហុងគ្រី១៩នាក់ បានរងរបួស រួមមានការបាក់ឆ្អឹងនិងរលាកភ្លើងដោយសារគ្រឿងផ្ទុះ។ទាហានហុងគ្រីបីនាក់បានរងរបួសពីការបាញ់កាំភ្លើង តែស្ថានភាពរបួសមិនគំរាមដល់ជីវិតទេ។
ពួកស៊ែបបានប៉ះទង្គិចជាមួយទាហានណាតូនៅក្នុងទីក្រុងស្វេកង់( Zvecan) ៤៥គីឡូម៉ែត្រពីរដ្ឋធានី ព្រីស្ទីណា(Pristina)។
ឧត្តមសេនីយ៍ អង់ហ្គេឡូ មីសែល រីស្ទុកស្យា(Angelo Michele Ristuccia)មេបញ្ជាការKFORបាននិយាយថា« ភាគីទាំងពីរត្រូវទទួលខុសត្រូវទាំងស្រុងចំពោះអ្វីដែលបានកើតឡើង និងរារាំងកុំអោយស្ថានកាន់តែរាលដាលខ្លាំងឡើង »។
ពួកជនជាតិស៊ែបគ្រោងនឹងធ្វើការជួបជុំជាថ្មីនៅថ្ងៃអង្គារ។
ទាហានKFORនិងប៉ូលិសកូសូវ៉ូ យាមអាគារក្រុងមួយ ក្រោយការប៉ះទង្គិចរវាងជនជាតិស៊ែបនិងទាហានមកពីកងកម្លាំងថែរក្សាសន្តិភាពKFOR
ទាហានKFORសែងសហការីដែលរងរបួស
ទិដ្ឋភាពនៃការប៉ះទង្គិចកាលពីថ្ងៃ២៩ឧសភា
ក្នុងពេលជាមួយគ្នា ប្រធានាធិបតីស៊ែប បានចំណាយពេលពេញមួយយប់នៅជាមួយកងទ័ពរបស់លោកនៅព្រំដែនជាមួយនឹងកូសូវ៉ូ។កងកម្លាំងលោកបានស្ថិតក្នុងស្ថានភាពប្រុងជើងការខ្ពស់បំផុត។លោកប្រធានាធិបតីបានអះអាងថា ជនជាតិស៊ែប៥២នាក់បានរងរបួសក្នុងហេតុការណ៍ប៉ះទង្គិចកាលពីថ្ងៃ២៩មិថុនា។
ស៊ែប៊ី ដាក់យោធាប្រទេសខ្លួនអោយស្ថិតក្នុងស្ថានភាពប្រុងជើងការណ៍ខ្ពស់ និងបានបញ្ជូនទាហានទៅកាន់ព្រំដែនជាប់កូសូវ៉ូ
វាជាឧបទ្ទវហេតុហិង្សាចុងក្រោយបំផុតមួយនៅពេលភាពតានតឹងកើនឡើងតាំងពីចុងសប្តាហ៍ នៅពេលជនជាតិភាគតិចស៊ែបនៅកូសូវ៉ូខាងជើងព្យាយាមរារាំងមិនអោយមន្ត្រីជនជាតិអាល់បាលីចូលកាន់មុខតំណែងនិងធ្វើការនៅតាមការិយាល័យរបស់ទីក្រុង។
សូមបញ្ជាក់ថា កូសូវ៉ូនិងស៊ែប៊ីជាគូសត្រូវនឹងគ្នាអស់រាប់ទសវត្សរ៍មកហើយ ដោយរដ្ឋាភិបាលទីក្រុងបែលហ្ក្រាត( Belgrade )មិនព្រមទទួលស្គាល់អធិបតេយ្យភាពកូសូវ៉ូនៅឆ្នាំ២០០៨។អាម៉េរិកនិងសហភាពអឺរ៉ុបបានខិតខំជួយដោះស្រាយជម្លោះកូសូវ៉ូ-ស៊ែប៊ី ដោយខ្លាចវាបង្កអសន្តិសុខដល់អឺរ៉ុបនៅពេលរុស្ស៊ីកំពុងបញ្ឆេះសង្គ្រាមនៅអ៊ុយក្រែន។សហភាពអឺរ៉ុបបានបញ្ជាក់ច្បាស់ថា ស៊ែប៊ីនិងកូសូវ៉ូ ត្រូវតែបង្កើតទំនាក់ទំនងការទូតធម្មតា បើសិនជាពួកគេចង់ចូលរួមក្នុងប្លុកនេះ។
ទីក្រុងចំនួនបួនរួមមាន Zvecanបានធ្វើការបោះឆ្នោតរើសអភិបាលក្រុងនិងសភាកាលពីខែមុន តែត្រូវជនជាតិស៊ែបពហិការមិនចូលរួម ។មានតែតំណាងជនជាតិអាល់បានីនិងក្រុមជនជាតិភាគតិចតូចៗជាងដែលបានជាប់ឆ្នោតកាន់តំណែងអភិបាលក្រុងនិងសសភា។
តាមពិតជម្លោះនៅកូសូវ៉ូបានផ្ទុះឡើងនៅឆ្នាំ១៩៩៨ នៅពេលពួកផ្តាច់ខ្លួនអាល់បានីបានបះបោរប្រឆាំងនឹងការកាន់កាប់របស់ស៊ែប៊ី ហើយស៊ែប៊ីបានឆ្លើយតបជាមួយនឹងការបង្ក្រាបដ៏សាហាវ។មនុស្សប្រមាណ១៣.០០០នាក់ ភាគច្រើនជាពួលអាលើបានី បានស្លាប់។ក្រោយមកនៅឆ្នាំ១៩៩៩យោធាណាតូបានចូលអន្តរាគមន៍ ដោយបង្ខំអោយស៊ែប៊ីដកចេញពីទឹកដីនោះ។អាម៉េរិក និងប្រទេសនៅអឺរ៉ុបជាច្រើនទទួលស្គាល់កូសូវ៉ូ ជារដ្ឋឯករាជ្យមួយ តែស៊ែប៊ី រុស្ស៊ី និងចិនមិនទទួលស្គាល់ទេ៕