ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មនុស្ស ៩ នាក់បានរងរបួសកាលពីល្ងាចថ្ងៃចន្ទ នៅពេលការបាញ់ប្រហារដោយកាំភ្លើងបានផ្ទុះឡើងនៅតាមបណ្តោយឆ្នេរខ្សាច់មួយក្នុងទីក្រុងហូលីវូដ រដ្ឋផ្លរីដា ដោយនាំឱ្យមនុស្សម្នារត់រកកន្លែងពួនតាមបណ្តោយឆ្នេរណែនណាន់តាន់តាប់នៅថ្ងៃរំលឹកគុណទាហានអាម៉េរិក។
អ្នកនាំពាក្យប៉ូលិស លោកស្រី ឌីនណា បេតទីណេសឈី (Deanna Bettineschi) បាននិយាយថា អ្នករបួសភាគច្រើនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកុមារមួយកន្លែង។
យោងតាមលោកស្រី យ៉ាណេត អូបារីអូ សាន់ឆេស (Yanet Obarrio Sanchez) អ្នកនាំពាក្យរបស់មន្ទីរពេទ្យ Memorial Healthcare System បានឱ្យដឹងថា មនុស្ស ៩ នាក់ ដែលរងរបួសរួមមានមនុស្សពេញវ័យ ៦ នាក់ និងកុមារ ៣ នាក់ ។ លោកស្រីបន្តថា ជនរងគ្រោះទាំងអស់ស្ថិតក្នុងស្ថានភាពនឹងនរ។
លោកស្រីបេតទីណេសឈីបាននិយាយថា កុមារ ៥ នាក់ដែលមានអាយុចន្លោះពី ១ ទៅ ១៧ ឆ្នាំត្រូវបានបាញ់ចំ រួមជាមួយនឹងមនុស្សពេញវ័យ ៥ នាក់ដែលមានអាយុចន្លោះពី ២៥ ទៅ ៦៥ ឆ្នាំ។ម្នាក់កំពុងទទួលការវះកាត់កាលពីយប់ជ្រៅថ្ងៃចន្ទ ខណៈអ្នកផ្សេងទៀតមានស្ថានភាពនឹងនរ។ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថាតើមន្ទីរពេទ្យនឹងចាត់ទុកក្មេងអាយុ ១៧ឆ្នាំជាមនុស្សពេញវ័យដែរឬយ៉ាងណាទេ។
លោកស្រីបេតទីណេសឈីបាននិយាយថា ការបាញ់ប្រហារបានកើតឡើងភ្លាមៗមុនម៉ោង ៧ យប់។ ការវាយតប់គ្នាមួយបានកើតឡើង ហើយយ៉ាងហោចណាស់មានកាំភ្លើងមួយដើមត្រូវបានដកចេញមកបាញ់ប្រហារ។ យ៉ាងហោចណាស់មានជនសង្ស័យម្នាក់កំពុងជាប់ឃុំ ប៉ុន្តែប៉ូលិសកំពុងស្វែងរកជនសង្ស័យបន្ថែមទៀត។
មេប៉ូលិសក្រុងលោក គ្រីស អូព្រីន (Chris O’Brien) បាននិយាយថា មនុស្សរាប់ពាន់នាក់បានស្ថិតនៅក្នុងតំបន់នោះ ហើយប៉ូលិសរាប់សិបនាក់បានឆ្លើយតប រួមទាំងប៉ូលិសដែលនៅក្បែរនោះផងដែរ៕
តំបន់កើតហេតុនៅមាត់ឆ្នេរក្រុងហូលីវូដត្រូវបានហ៊ុមព័ទ្ធ