ដោយៈសុផល/ភ្នំពេញ៖ នៅឆ្នាំ២០២៣នេះ SME Bank គ្រោងនឹងបញ្ចេញឥណទាន១០០លានដុល្លារអាមេរិក ដើម្បីជួយគាំទ្រដល់អាជីវកម្មសហគ្រាសធុនតូច និងមធ្យមកម្ពុជាហើយអត្រាការប្រាក់ទាប ដែលត្រឹមតែ៥,៥ភាគរយប៉ុណ្ណោះក្នុង១ឆ្នាំ។នេះបើតាមការឱ្យដឹងរបស់លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank)។ លោកបានបញ្ជាក់ថា ឥណទាននឹងផ្តោតសំខាន់លើវិស័យកែច្នៃកសិ-ឧស្សាហកម្ម ដែលមានទាំងការកែច្នៃគ្រាប់ស្វាយចន្ទីដែរ។
ធនាគារសហគ្រាសធុនតូច និងមធ្យម ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើង កាលពីឆ្នាំ២០២០ ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា។ ធនាគារមានបេសកកម្មផ្ដល់ហិរញ្ញប្បទាន និងសេវាធនាគារពាណិជ្ជ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម សំដៅជំរុញពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។
គិតត្រឹមខែមេសា ឆ្នាំ២០២៣, ធនាគារនេះ បានធ្វើប្រតិបត្តិការផ្តល់ឥណទានដោយផ្ទាល់ លើទំហំទឹកប្រាក់សរុបចំនួន ៦២,៤លានដុល្លារ ទៅសហគ្រាសធុនតូច និងមធ្យមចំនួន ២៧៥សហគ្រាស ក្នុងនោះសហគ្រាសដែលមានសហគ្រិនជាស្រ្តីមានចំនួន ៧៥សហគ្រាស៕/R