ដោយ៖សុក្ខារិន/ពោធិ៍សាត់៖រដ្ឋបាលខេត្តពោធិសាត់កាលពី​រសៀល​ថ្ងៃ២៩ខែឧសភា​ បានអញ្ជើញតំណាងរោងចក្រ សហគ្រាសដែល​មាន​មូលដ្ឋាននៅក្នុងខេត្តពោធិ៍សាត់ជួបប្រជុំជាមួយ លោក ខូយ រីដា អភិបាល​ខេត្តទាក់ទងនឹងការត្រៀមរៀបចំផែនការទទួលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាស​ជួប​សំណេះ​សំណាលជាមួយកម្មករ កម្មការនី រោងចក្រ សហគ្រាសនៅ​ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៣ ។

លោក កុល ប៊ុន ធឿន ប្រធានមន្ទីរការងារបណ្តុះបណ្តាល វិជ្ជាជីវៈ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា សម្តេចតេជោហ៊ុន សែន នឹងអញ្ជើញ​ជួបសំណេះ​សំណាលជាមួយកម្មករ កម្មការនី រោងចក្រសហគ្រាស​ដែលមានមូលដ្ឋានក្នុងខេត្តពោធិ៍សាត់នៅថ្ងៃទី២៣ខែមិថុនា ដែលមាន​កម្មករ និយោជិត​មកពី​១១រោងចក្រក្នុងនោះ រោងចក្រកាត់ដេរចំនួនបី និងសេវាផ្សេងៗចំនួនប្រាំបួន។ មានប្រសាសន៍ក្នុងឱកាសនោះលោក ខូយ រីដា អភិបាលខេត្ត បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំមន្ទីរការងារបណ្តុះ បណ្តាលវិជ្ជាជីវៈខេត្តសហការ​ជាមួយ​ក្រុមហ៊ុនរោងចក្រសហគ្រាសដែលមានមូលដ្ឋាននៅក្នុងខេត្តដើម្បីធ្វើការងារលំអិតមួយចំនួនថែមទៀត៕សរន/R