ដោយៈ ភ្នំសន្ទុក / កំពង់ធំៈ លោក ឈួន រ៉ា ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបល្ល័ង្ក លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានប្រកាសតែងតាំង និងប្រគល់តួនាទី ភារកិច្ចជូនមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលស្រុកចំនួន ១៤ រូប នៅរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្នុងនោះមាននាយករងរដ្ឋបាល ប្រធាន-អនុប្រធានការិយាល័យ សាលាស្រុកប្រាសាទបល្ល័ង្ក ។

លោកប្រធានក្រុមប្រឹក្សា ស្រុកប្រាសាទបល្ល័ង្ក បានណែនាំដល់មន្ត្រី ត្រូវខិតខំអភិវឌ្ឍន៍ សមត្ថភាពរបស់ខ្លួន ដើម្បីឱ្យប្រសិទ្ធភាពការងារ ឱ្យស្របទៅនឹងស្ថាប័ន និងតាមយុគ សម័យ បច្ចេកវិទ្យាឌីជីថល ខិតខំបំពេញការងារ តាមតួនាទី ភារកិច្ច ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ និងខិតខំអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍ បទបញ្ជារបស់ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ។ ខិតខំបង្កើនសាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អ ជាមួយគ្រប់អ្នកពាក់ព័ន្ធ ផ្តួចផ្តើមគំនិត និងចូលរួមគ្រប់សកម្មភាព ដែលបម្រើផល ប្រយោជន៍រួម និងមានអធ្យាស្រ័យខ្ពស់ រវាងគ្នានិងគ្នា ដែលនាំឲ្យអង្គភាព កាន់តែមាន ការរីកចម្រើន ពិសេសគោរពស្រឡាញ់ ប្រជាពលរដ្ឋ ស្មោះត្រង់ និងបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋជាធំ។

ជាមួយនេះ លោកអភិបាលស្រុកប្រាសាទបល្ល័ង្ក ក៏បានណែនាំដល់មន្ត្រីមូលដ្ឋាន ពង្រឹងនូវការងាររបស់ខ្លួន លើសពីនេះ ក្រុមការងារ ក៏ត្រូវចុះជួបជាមួយប្រជាពលរដ្ឋ បានញឹកញាប់ ដើម្បីជួយដោះស្រាយ និងប្រឹក្សារាល់បញ្ហា ដែលប្រជាពលរដ្ឋជួបប្រទះ ដាក់ផែនការបន្តដល់មន្ត្រីមូលដ្ឋាន ក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងធ្វើការផ្សព្វផ្សាយ លិខិតបទដ្ឋាននានា របស់រាជរដ្ឋាភិបាល ដល់ប្រជាពលរដ្ឋ។

លោក វណ្ណៈ សោភានិត បានបន្តថាៈ ចំពោះភូមិ ឃុំ មានសុវត្ថិភាព ត្រូវបានផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ នៅតាមមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋ ទទួលបាននូវចំណេះដឹង ច្បាស់លាស់ កុំឲ្យមានបញ្ហាអំពើហិង្សា ក្នុងគ្រួសារ និងការរំលោភបំពានផ្សេងៗ ដែលរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់បំផុត ព្រមទាំងខិតខំពន្យល់ដល់ ប្រជាពលរដ្ឋ ឲ្យយល់ដឹង ពីការប្រែប្រួលអាកាសធាតុ នៅក្នុងមូលដ្ឋាន។

លោកអភិបាលស្រុកប្រាសាទបល្ល័ង្ក បានណែនាំដល់មន្ត្រីរាជការគ្រប់រូប ត្រូវតែបម្រើ ផលប្រយោជន៍ ជូនប្រជាពលរដ្ឋជាធំ ដើម្បីលើកកម្ពស់កម្រិតជីវភាពភាពរស់នៅ ឲ្យកាន់តែល្អប្រសើរថែមទៀត។ ក្នុងនោះផងដែរ មន្ត្រីរាជការទាំងអស់ នៅក្នុងរដ្ឋបាល ស្រុក ត្រូវតែធ្វើការឱ្យបានពេញម៉ោង និងគោរពពេលវេលាការងាររបស់ខ្លួន ឲ្យបានល្អ ប្រសើរ មានភាពត្រឹមត្រូវ និងយុត្តិធម៌ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន៕/V/R