ដោយៈ ភ្នំដែក / ព្រះវិហារ៖ លោក គីម រិទ្ឋី អភិបាលខេត្តព្រះវិហារ នៅរសៀល ថ្ងៃទី៣០ ខែឧសភា នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នការងារ ការរក្សាសណ្តាប់ធ្នាប់ ដល់នាយ នាយរង កងរាជអាវុធហត្ថខេត្តព្រះវិហា ឆមាសទី១ ឆ្នាំ២០២៣។

លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានថ្លែងថាៈ ដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងបន្ថែម អំពីតួនាទី ភារកិច្ច លើការបំពេញបេសកកម្ម ទាំងចំណេះដឹង ចំណេះធ្វើ លើមុខវិជ្ជាយោធា មុខវិជ្ជាជំនាញអាវុធហត្ថ ធ្វើឱ្យនាយ ទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តព្រះវិហារ មានស្មារតីទទួលខុសត្រូវ គោរពច្បាប់ ក្រមសីលធម៌ គុណធម៌ មានមនសិការការងារ និងអត្តចរិតស្លូតត្រង់ ដើម្បីពង្រឹងសមត្ថភាពដឹកនាំបញ្ជា អនុវត្តន៍ច្បាប់ប្រកបទៅដោយប្រសិទ្ឋភាព និងសម្រេចបានជោគជ័យ គ្រប់ភារកិច្ច ជូនជាតិ មាតុភូមិ។

លោក គីម រិទ្្ធី បានថ្លែងការកោតសរសើរ ចំពោះកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលបានបំពេញតួនាទី ភារកិច្ចបានល្អប្រសើរ ជូនជាតិ មាតុភូមិ។ អភិបាលខេត្ត បានបន្តថាៈ ដាច់ខាតការពារឱ្យបាន នូវសុខសន្តិភាព កងកម្លាំងប្រដាប់អាវុធ បង្កើតឡើងក្នុងគោលបំណង ការពាររក្សាសណ្តាប់ធ្នាប់សង្គម ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ការពាររដ្ឋធម្មនុញ ការពារភាពសុខសាន្ត ជូនប្រជាពលរដ្ឋ។ កងកម្លាំងប្រដាប់អាវុធ ​ក្រៅពីភារកិច្ចស្នូល នៅមានភារកិច្ចសំខាន់ជាច្រើនទៀត ដូចជាជួយប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះធម្មជាតិ កន្លងមក កម្លាំងរបស់យើង បានជួយបង្កបង្កើនផល ប្រជាពលរដ្ឋ ដែលខ្វះកម្លាំងពលកម្មជាដើម ៕/V/R