ដោយៈ ភ្នំសន្ទុក / កំពង់ធំៈ នៅរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចុះត្រួតពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ផ្លូវបេតុង ពីភូមិលាភទង ស្ថិតនៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានប្រវែង ១.៧០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ។
នៅក្នុងឱកាសនេះ លោក សាយ គឹមឡម បានអំពាវនាវដោយទទូច ដល់បងប្អូន ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ សូមជួយថែរក្សាចំណីផ្លូវ ដើម្បីធានានូវសំណង់ ផ្លូវថ្នល់ ឱ្យមានគុណភាព បានយូរអង្វែង ព្រមទាំងមានសោភ័ណភាពស្រស់ស្អាត ប្រកបដោយអនាម័យ និងមានបរិស្ថានស្រស់បំព្រង ជាពិសេសត្រូវនាំគ្នាថែរក្សាប្រព័ន្ធលូ និងចៀសវាងនូវការបោះចោលកាកសំណល់ ឬសំរាមផ្សេងៗ ចូលទៅក្នុងលូ ដែលនាំឱ្យ មានការកកស្ទះ ដល់ប្រព័ន្ធបង្ហូរទឹក។ ជាមួយគ្នានេះ លោកអភិបាលស្រុកស្ទោង ក៏បានណែនាំដល់អាជ្ញាធរឃុំកំពង់ចិនត្បូង ត្រូវធ្វើការណែនាំ និងតាមដានជាប្រចាំ ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់បងប្អូន ដែលកំពុងរស់នៅ អមសងខាងផ្លូវ ដើម្បីធានានូវប្រសិទ្ធភាព និងកិច្ចសហការជាមួយ ប្រជាពលរដ្ឋនិងអាជ្ញាធរ។ ផ្លូវល្អស្អាត ទាល់តែមានការចូលរួមថែរក្សាទាំងអស់គ្នា រវាងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរ អាជ្ញាធរមូលដ្ឋាន ដើម្បីអភិវឌ្ឍន៍ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សោភ័ណភាព របស់ស្រុកស្ទោង យើងផងដែរ។
សូមបញ្ជាក់ផងដែរថា ផ្លូវបេតុងនេះ មានប្រវែង ១.៧០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ដែលជាគម្រោងសាងសង់របស់ក្រសួងអភិវឌ្ឍន៍ជនប ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅពាក់កណ្ដាល ខែមិថុនា ឆ្នាំ២០២៣ នេះ ៕/V/R