​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អភិបាល​តំបន់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៣១​ឧសភា​ថា កងកម្លាំង​អ៊ុយ​ក្រែន​បានបាញ់​ផ្លោងដាក់​ទី​ប្រជុំជនរុ​ស្ស៊ី​នៅជាប់​ព្រំដែន​ជា​លើក​ទី​បី​ក្នុង​រយៈពេល​មួយ​សប្តាហ៍​​នេះ ដោយ​បាន​ធ្វើអោយ​ខូច​អាគារ​និង​ឆេះ​រថយន្ត​។​

​អភិបាល​តំបន់​បែ​ល​ហ្គោ​រ៉ូត​(Belgorod)​លោក វីយ៉ា​ឆេ​វស្លា​វ ក្លាត​កូវ​(Vyacheslav Gladkov)​បាន​និយាយថា យ៉ាងហោច​ណាស់​មនុស្ស​ម្នាក់​រងរបួស​ក្នុងអំឡុងពេល​មាន​ការវាយប្រហារ​ដោយ​​កាំភ្លើង​ធំ​លើ​ទីប្រជុំ សេ​បេគី​ណូ​(Shebekino)​។​

​លោក​បាន​បន្ថែមថា កាលពី​ថ្ងៃ​ចន្ទ ទីតាំង​ឧស្សាហកម្ម​ពីរ​នៅក្នុង​ទីប្រជុំជន​ខាងលើក៏រង​ការវាយប្រហារ និង​កាលពី​ថ្ងៃ​សៅរ៍​លោក​បាន​ស្ថិតក្រោម​ការវាយប្រហារ​ពី​កាំភ្លើង​ធំ​ពេល​លោក​ព្យាយាម​ចូល​ទីប្រជុំជន​ដែល​​នៅ​ចម្ងាយ​៧​គីឡូម៉ែត្រ​ពី​ព្រំដែន​អ៊ុ​យក្រែន​។​

​តំបន់​បែ​ល​ហ្គោ​រ៉ូត ជាប់​តំបន់​ខា​គី​វ​របស់​អ៊ុ​យក្រែន បាន​រង​ការវាយប្រហារ​ម្តង​ហើយម្តងទៀត​ពី​កងកម្លាំង​អ៊ុ​យក្រែន ចាប់តាំងពី​ផ្ទុះ​សង្គ្រាម​ពេញទំហឹង​នៅ​អ៊ុយ​ក្រែន​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០២២​។​

​កាលពី​សប្តាហ៍​មុន តំបន់​នេះ​បាន​ជួប​ការវាយប្រហារ​កាត់​ព្រំដែន​ចេញពី​ទឹកដី​អ៊ុយ​ក្រែន​ធ្ងន់ធ្ងរ​បំផុត​ចាប់តាំ​ង​ពី​ពេល​ផ្ទុះ​សង្គ្រាម​កាលពី​១៥​ខែ​មុន​។​ព័ត៌មាន​ស្តីពី​ការ​ឆ្មក់​ចូល​វាយប្រហារ​នេះ​ហាក់​មិន​​ច្បាស់លាស់ តែ​រុស្ស៊ី​បន្ទោស​លើកងកម្លាំង​អ៊ុ​យក្រែន តែ​ក្រុម​រុស្ស៊ី​ចំនួន​ពីរ​បាន​អះអាង​ថា​ពួកគេ​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ ក្នុង​បំណង​ទម្លាក់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន​៕

​រូបថត​បង្ហោះ​ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី​បង្ហាញ​រថយន្ត​ពាស​ដែក​ត្រូវបាន​បំផ្លាញ​និង​រឹបអូស​ក្រោយ​ការប្រយុទ្ធ​គ្នា​នៅ​បែ​ល​ហ្គោ​រ៉ូត​កាលពី​ថ្ងៃ​២៣​ឧសភា​។​រុស្ស៊ី​ក៏​អះអាងថា បានសម្លាប់​សត្រូវ​៧០​នាក់​​ក្នុងការ​ប្រយុទ្ធ​គ្នា​នៅក្នុង​ទឹកដី​រុស្ស៊ី​នេះ​