​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អគ្គលេខាធិការ​អង្គការ​ណា​តូ លោក ជែន ស្តូល​ធិន​បឺក (Jens Stoltenberg) បាន​និយាយថា អង្គការ​ណា​តូ​បាន​បញ្ជូន​ទាហាន​ចំនួន ៧០០ នាក់​បន្ថែម​ទៀត​ទៅ​កាន់កូ​សូ​វ៉ូ ដើម្បី​ជួយ​ទប់ទល់​នឹង​ការតវ៉ា​ហិង្សា ហើយ​បានដាក់​កងវរសេនាតូច​មួយ​ទៀត​ឱ្យ​ប្រុង​ជើងការ​ក្នុងករណី​ដែល​កុបកម្ម​រីក​រាលដាល​។​

​លោក​ស្តូល​ធិន​បឺក​បានប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​អូ​ស្លូ​បន្ទាប់​ពី​កិច្ចពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រីន័​រវែ​ស ចូ​ណាស ហ្គា ស្ត័រ (Jonas Gahr Store) យ៉ាង​ដូច្នេះ​ថា “​យើង​បាន​សម្រេចចិត្ត​​ដាក់ពង្រាយ​កងទ័ព​ចំនួន ៧០០ នាក់​បន្ថែម​ទៀត​ពី​កម្លាំង​បម្រុង​ប្រតិបត្តិការ​សម្រាប់​តំបន់​បាល់​កង់​ខាងលិច ហើយ​នឹង​ដាក់​កងវរសេនាតូច​បម្រុង​មួយ​ឱ្យ​ប្រុង​ជើងការ​ខ្ពស់​ដូច្នេះ​ទើប​ពួកគេ​អាច​​ត្រូវបាន​ដាក់ពង្រាយ ប្រសិនបើ​ចាំបាច់​។ ទាំងនេះ​គឺជា​ជំហាន​ប្រកបដោយ​ការប្រុងប្រយ័ត្ន​”​។​

​កងវរសេនាតូច​មួយ​ជា​ធម្មតា​មាន​ទាហាន​ពី ៣០០ ទៅ​ប្រហែល ១.០០០ នាក់​។​

​លោក​ស្តូល​ធិន​បឺ​ក​បាន​ថ្កោលទោស​អំពើ​ហិង្សា​នៅ​កូ​សូ​វ៉ូ ដោយ​និយាយថា “​ការវាយប្រហារ​បែបនេះ​មិន​អាច​ទទួលយក​បាន​ទេ ហើយ​ត្រូវតែ​បញ្ឈប់​”​។ លោក​បាន​ព្រមាន​ថា កងទ័ព​ណា​តូ “​នឹង​ចាត់វិធានការ​ចាំបាច់​ទាំងអស់​ដើម្បី​រក្សា​បរិយាកាស​សុវត្ថិ​ភាព​និង​សន្តិសុខ​សម្រាប់​ពលរដ្ឋ​ទាំងអស់​នៅ​កូ​សូ​វ៉ូ​”​។​

​លោក​បាន​ជំរុញ​ភាគី​ទាំងពីរ​ឱ្យ​ចាត់​វិធានការ​ដើម្បី​បន្ថយ​ភាព​តានតឹង ទប់​ឱ្យ​ជាប់​នូវ “​អាកប្បកិរិយា​មិន​ទទួលខុសត្រូវ​បន្ថែមទៀត​” និង​ត្រឡប់​ទៅរក​កិច្ចពិភាក្សា​ដែល​គាំទ្រ​ដោយ EU លើ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​។​

​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ដោយ​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ​ដែល​គេ​ស្គាល់​ថា​កងកម្លាំង​ថែរក្សា​សន្តិភាព​KFOR បាន​និយាយថា​ទាហាន ៣០ នាក់ គឺ​អ៊ីតាលី ១១ នាក់​និង​ហុងគ្រី ១៩ នាក់ “​បាន​រងរបួស​រួមទាំង​ការបាក់​ឆ្អឹង​និង​ការ​រលាក​ពី​ឧបករណ៍​បំផ្ទុះ​កែច្នៃ​”​។​

​សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា ទាហាន​ហុងគ្រី​បីនាក់បាន “​រងរបួស​ដោយសា​រកា​រ​ប្រើ​អាវុធ​” ប៉ុន្តែ​របួស​របស់​ពួកគេ​មិន​គំរាមកំហែង​ដល់​អាយុជីវិត​នោះទេ​។​

​ក្រុមមន្ត្រី​សែ​ប៊ី​បាន​និយាយថា មនុស្ស​៥២​នាក់​បាន​រងរបួស ក្នុងនោះ​មាន​៣​នាក់​របួសធ្ងន់​។ យោង​តាម​ប៉ូលិស​កូ​សូ​វ៉ូ បាតុករ​បួន​នាក់​ត្រូវបាន​ឃុំខ្លួន​។​

​ភាព​តានតឹង​បាន​កើនឡើង​ជា​លើកដំបូង​កាលពី​ចុង​សប្តាហ៍​កន្លងទៅ បន្ទាប់ពី​ក្រុម​មន្ត្រី​ដើមកំណើត​អាល់​បា​នី​បាន​ជាប់ឆ្នោត​ក្នុង​ការបោះឆ្នោត ដែល​ត្រូវបាន​ធ្វើ​ពហិការ​លើសលប់​ដោយ​ជនជាតិ​សែ​ប បាន​ចូល​ទៅក្នុង​អគារ​សាលាក្រុង​។​

​នៅក្នុង​សារ​វីដេអូ​ដែល​បាន​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ នាយករដ្ឋមន្ត្រីកូសូ​វ៉ូ លោក អាល់​ប៊ីន គួ​ទី (Albin Kurti) បាន​និយាយថា អភិបាល​ក្រុង​ជាប់​ឆ្នោត​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃទី ២៣ ខែ​មេសា “​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​មាន​ភាពស្របច្បាប់​ក្នុង​ការចូល​ទៅ​អគារ​សាលាក្រុង និង​សេវាកម្ម​របស់​ប្រជាពលរដ្ឋ​”​។​

​នៅពេល​ដែល​ជនជាតិ​សែ​ប​ព្យាយាម​រារាំង​ពួកគេ ប៉ូលិស​កូ​សូ​វ៉ូ​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ហ្វូង​មនុស្ស​។​

​ជា​ការឆ្លើយតប ប្រទេស​សែ​ប៊ី​បានដាក់​កម្លាំងយោធា​របស់​ប្រទេស​ឱ្យ​ប្រុង​ជើងការ​ខ្ពស់បំផុត ហើយ​បាន​បញ្ជូន​ទាហាន​បន្ថែម​ទៀត​ទៅ​កាន់​ព្រំដែន​ជាមួយកូ​សូ​វ៉ូ​។​ជនជាតិ​សែ​ប​បាន​តវ៉ា​ម្តងទៀត​​កាលពី​ថ្ងៃ​ចន្ទ ដោយ​ទទូច​ឱ្យ​ទាំង​អភិបាលក្រុង​ជនជាតិ​អាល់​បា​នី​និង​ប៉ូលិស​កូ​សូ​វ៉ូ​ត្រូវតែ​ចាកចេញ​ពី​ភាគ​ខាង​ជើងកូ​សូ​វ៉ូ​។​

​ការប្រឈមមុខ​ដាក់​គ្នា​គឺ​កាន់តែ​អាក្រក់​ទៅៗ នៅពេល​ដែល​ជនជាតិ​សែ​ប​ព្យាយាម​ចូលទៅ​ក្នុង​ការិយាល័យ​សាលាក្រុង​នៅក្នុង​ទីក្រុង​ហ្ស៊ី​វេ​កាន់ (Zvecan) ស្ថិតនៅ​ចម្ងាយ ៤៥ គីឡូម៉ែត្រ​ពី​ភាគ​ខាងជើង​រដ្ឋធានី​ព្រី​ស្ទីណា (Pristina)​។​

​ពួកគេ​ដំបូង​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស​កូ​សូ​វ៉ូ ហើយ​បន្ទាប់មក​ជា​មួយ​កង​រក្សាសន្តិភាព​អន្ត​រ​ជាតិ​ដែល​បាន​ដាក់ពង្រាយ​នៅ​ទីក្រុង​ហ្ស៊ី​វេ​កាន់​។​

​ការផ្ទុះ​ហិង្សា​នេះ​បាន​ញ៉ាំងឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​ជា​អន្តរជាតិ​ដើម្បី​ធ្វើឱ្យ​ស្ថានការណ៍​ស្ងប់ស្ងាត់​វិញ​៕

​កងកម្លាំង Kfor​ឈរ​ការពារ​អគារ​សាលាក្រុង​ហ្ស៊ី​វេ​កាន់ ក្រោយ​ការប៉ះទង្គិច​ជាមួយ​ជនជាតិ​សែ​ប​នៅ​កូ​សូ​វ៉ូ