ដោយៈ សម្បត្តិ / ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហា ផ្ទៃ ការិយាល័យកម្រិតធ្ងន់ បានដឹកនាំសហការជាមួយ ស្នងការដ្ឋាននគបាលរាជធានី ភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងអធិការដ្ឋាននគរបាលស្រុកមេសាង បានឃាត់ខ្លួនជនសង្ស័យ ជាឃាតកបានហើយ បន្ទាប់ពីចាក់សម្លាប់បុរសម្នាក់ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៦ល្ងាចនៅចំណុចផ្លូវបេតុង ភូមិ ព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យ ឈ្មោះ ប៉ុន វ៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង១ថ្ងៃត្រង់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅផ្ទះម្តាយជនសង្ស័យ ស្ថិតក្នុងភូមិឫស្សីស្បាត ឃុំព្រៃខ្នេះ ស្រុកមេសាង ខេត្តព្រៃវែង។ចំណែកជនរងគ្រោះ មានឈ្មោះ គីម ប្រាក់ ភេទប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលលេខ៤B នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត រស់នៅបន្ទប់ជួលក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
សូមរំលឹកថា វេលាម៉ោង ៦និង៤០នាទី យប់ថ្ងៃសៅរ៏ ទ៏២៧ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៏សែនជ័យ រាជធានីភ្នំពេញ បុរសរត់ម៉ូតូឌុបម្នាក់ ត្រូវបានជនដៃដល់ ចាក់នឹងកាំបិត ចុងស្រួច ចំនួន ៤ កាំបិត បណ្តាលឲ្យស្លាប់ បន្ទាប់ពីផឹកស៊ីបាត់លុយ ចំនួន ១២ ម៉ឺនរៀល ហើយជនរងគ្រោះ ខឹងជនដៃដល់ប្រមាថមើលងាយកូនស្រីរបស់គាត់ផង ក៏កើតជា ហិង្សាប្រតាយប្រតប់គ្នា កើតឡើង ។
តាមការបំភ្លឺរបស់ឈ្មោះ ហ៊ុយ គន្ធា ភេទស្រី អាយុ៥៣ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យខាងលើ អង្គុយផឹកស៊ី មានគ្នា ៤នាក់ និងមានចាក់ធុងបាស់ ច្រៀងផងដែរ ។ លុះពេលបន្តិចក្រោយមក ជនសង្ស័យខាងលើ បានយកធុងបាសនេះ មកបញ្ចាំរូបគាត់ ចំនួន ២ ម៉ឺនរៀល។ បន្ទាប់មក ជនសង្ស័យ ក៏យកលុយទៅទិញស្រាបៀផឹក រួមគ្នាដដែល ក្រោយពីផឹកស្រា បៀអស់ ជនសង្ស័យ ក៏បានចេញទៅវិញបាត់ លុះមួយសន្ទុះក្រោយមក ជនសង្ស័យ ក៏ត្រឡប់មកវិញហើយទារយកធុងបាសវិញ តែនាងខ្ញុំ មិនឱ្យដោយប្តីនាងខ្ញុំ ប្រាប់ថា យកលុយឱ្យ ២ ម៉ឺនរៀល គាត់នឹងឱ្យធុងបាស់វិញ ។ ពេលនោះជនសង្ស័យ ក៏បានស្រែកជេរប្រមាថកូនស្រីរបស់ខ្ញុំ និងនិយាយថា ធ្លាប់ដេកជាមួយទៀតផង ពេលនោះប្តីគាត់ ក៏បានមកតាមហើយក៏ត្រូវជនសង្ស័យ យកកំាបិតចាក់ស្លាប់តែម្តង។
បច្ចុប្បន្ននេះ ជនសង្ស័យ ខាងលើ ត្រូវបានកម្លាំងជំនាញ យកមកសាកសួរ នៅនាយកដ្ឋានក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕/V-PC