​ប្រែ​សម្រួលៈ​បំណង​(abs-cbn)៖ អ្នក​ផ្សាយ​វិទ្យុ​ម្នាក់ ត្រូវបាន​បាញ់សម្លាប់​នៅ​ក្រៅ​ផ្ទះ​របស់​គាត់​នៅ​ហ្វីលីពីន​ភាគ​កណ្តាល​នៅ​ថ្ងៃ​ពុធ​ទី​៣១​ឧសភា ។​លោក​ក្រេស​សិន​ស្យា​ណូ ប៊ុន​ឌី​គ្វី​ន​(Cresenciano Bunduquin)​អាយុ​៥០​ឆ្នាំ ត្រូវបាន​ខ្មាន់កាំភ្លើង​ជិះ​ទោចក្រយានយន្ត​(​ម៉ូតូ​)​មក​ជិត​និង​បាញ់​សម្លាប់​នៅ​ទីក្រុង កាឡា​ប៉ាន ស៊ី​ធី​(Calapan City)​នៅក្នុង​ខេត្ត អី​រៀន​ថ​ល មីន​ដូ​រ៉ូ​(Oriental Mindoro) នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​ប៉ូលីស​។​

​ឃាតករ​ម្នាក់​បាន​ស្លាប់​ក្រោយ​ពី​កូនប្រុស​របស់​លោក​ប៊ុន​ឌី​គ្វី​ន​បើករថយន្ត​បុក​ខណៈ​ពួក​ឃាតក​របើក​ម៉ូតូ​គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​នៅក្នុង​ការវាយប្រហារ​មុន​ព្រឹក​ព្រលឹម​។​

​មន្ត្រី​ប៉ូលីស​បាន​និយាយថា​« ជនសង្ស័យ​នៅ​សល់​ម្នាក់​ទៀត​បាន​រត់​រួចខ្លួន តែ​ប្រតិបត្តិការ​តាម​ស្វែងរក​កំពុង​ធ្វើ​»​។​

​សូមបញ្ជាក់​ថា ប្រជាជាតិ​កម្រង​កោះ​នៅ​អាស៊ី​អាគ្នេយ៍​នេះ ជា​កន្លែង​គ្រោះថ្នាក់​បំផុត​នៅក្នុង​លោក​សំរាប់​អ្នកកាសែត និង​ឃាតករ​ភាគច្រើន​មិន​ត្រូវបាន​ចាប់​មក​ផ្តន្ទាទោស​ទេ​។​

​លោក​ ប៊ុន​ឌី​គ្វី​ន កាន់​កម្មវិធី​ផ្សាយ​មួយ​សំរាប់​វិទ្យុ​101.7 DWXR ព្រមទាំង​ការផ្សាយ​លើ​ហ្វេ​សប៊ុក​។​លោក​ជា​បុគ្គលិក​និយាយ​រិះគន់​មិន​សំចៃមាត់​អំពី​បញ្ហា​សង្គម និង​ចុងក្រោយ​លោក​និ​​យាយ​រឿង​ការ​កំពប់​ហៀរ​ប្រេង​ដែល​ប៉ះពាល់​ខេត្ត​របស់​គាត់ ការ​លេងល្បែង​ខុសច្បាប់​និង​នយោបាយ​។​

​ប្រធាន​ស្ថានីយ​វិទ្យុ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​AFP​ថា «​គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​បានទទួល​ការ​គំរាម តែ​គាត់​មិន​ព្រម​សហការ​។​គាត់​ក៏​បាន​បង្ហាញ​បំណង​ដូរ​ការងារ​ទៅ​បើក​កសិដ្ឋាន​​ចិញ្ចឹម​មាន់ ដោយសារ​ចង់បាន​ភាពស្ងប់ស្ងាត់​»​។​

​ប៊ុន​ឌី​គ្វី​ន ជា​អ្នកកាសែត​ទី​បី​ដែល​ត្រូវបាន​សម្លាប់​ចាប់តាំងពី​ប្រធានាធិបតី ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ជូនៀ ចូលកាន់​តំណែង​កាលពី​ខែ​មិថុនា​ឆ្នាំមុន​។​វា​ក៏​បាន​កើតឡើង​នៅ​ជាង​មួយ​ឆ្នាំ​ក្រោយ​ពី​អ្នក​សារព័ត៌​​មាន​វិទ្យុ​ល្បី​ម្នាក់​ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​ទីក្រុង​ម៉ានីល ពេល​លោក​ជិះ​រថយន្ត​ទៅកាន់​ស្ថានីយ​៕

​លោក​ ប៊ុន​ឌី​គ្វី​ន ត្រូវបាន​បាញ់សម្លាប់​នៅមុន​ព្រឹក​ព្រលឹម​ថ្ងៃ​៣១​ឧសភា​