ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ខ្សែប្រយុទ្ធ អានថូនី ម៉ាហ្សល់ (Anthony Martial)របស់ក្រុមបិសាចក្រហម Manchester United ត្រូវបានដកចេញពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ទល់នឹង Manchester City នៅថ្ងៃសៅរ៍ខាងមុខ ដោយសាររបួសសរសៃពួរ។
ម៉ាហ្សល់បានរងរបួសក្នុងការប្រកួត Premier League ចុងក្រោយរបស់ Man Utd នៃរដូវកាលនេះ បន្ទាប់ពីចេញពីកៅអីបម្រុងកាលពីថ្ងៃអាទិត្យទល់នឹងក្រុមផ្កាឈូកស Fulham ហើយការស្កែនបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីទំហំនៃរបួស។
United បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អានថូនី ម៉ាហ្សល់ នឹងនៅក្រៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ Emirates FA Cup ទល់នឹង Manchester City ដោយសាររបួស”។
“កីឡាករសញ្ជាតិបារាំងរូបនេះបានរងរបួសសរសៃពួរនៅចុងបញ្ចប់នៃជ័យជម្នះ ២-១ កាលពីថ្ងៃអាទិត្យជាមួយនឹងក្រុម Fulham នៅកីឡដ្ឋាន Old Trafford។ ចាប់តាំងពីពេលនោះមក ការវាយតម្លៃបានបង្ហាញឱ្យឃើញពីការហែកសាច់ដុំដែលធ្វើឱ្យកីឡាករអាយុ ២៧ ឆ្នាំរូបនេះនៅក្រៅការប្រកួតនៅកីឡដ្ឋាន Wembley”។
ម៉ាហ្សល់បានខកខានការប្រកួត Premier League ពីរប្រកួតដំបូងរបស់ Man Utd នៅរដូវកាលនេះ ដោយសារបញ្ហាសរសៃពួរ ខណៈរបួសតូចៗផ្សេងទៀតចាប់តាំងពីពេលនោះមកបានធ្វើឱ្យរូបគេបង្ហាញខ្លួនបានត្រឹម ២៩ ដងប៉ុណ្ណោះដោយរកបាន ៩ គ្រាប់៕
ម៉ាហ្សល់នឹងខកខានការប្រកួត FA Cup វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសៅរ៍