ដោយៈ វ៉ៃកូ / ស្វាយរៀង: លោក នាង សារិទ្ធ ប្រធានសមាគមគ្រួសារសុភមង្គល ទាំងពីរសាខា នៅព្រឹកថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៣ នេះ បានមានប្រសាសន៍ ឱ្យដឹងថាៈ សមាគមគ្រួសារសុភមង្គលរបស់លោ បង្កើតឡើងក្នុងគោលបំណងជួយដល់ កុមារគ្មានទីពឹង និងជនពិការទូទៅ ផ្តល់ឱកាស ឲ្យពួកគាត់ បានសិក្សារៀនសូត្រ ចំណេះជំនាញផ្ទាល់ខ្លួន ដើម្បីបង្កើតមុខរបរចិញ្ចឹមជីវិតខ្លួនឯង និងគ្រួសារ នាពេលអនាគត មិនតែប៉ុណ្ណោះ បានរួមចំណែក លុបបំបាត់ការរើសអើងជនពិការ ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើមនុស្សធម៌ផងដែរ។
លោក នាង សារិទ្ធ បានបន្តថាៈ ទោះបីលោកជាជនពិការភ្នែកពិតមែន ប៉ុន្តែចិត្តរបស់ លោក មិនពិការនោះទេ ហើយរូបលោក មានមកដល់ថ្ងៃនេះ ក៏ដោយសារគុណបំណាច់ ដ៏ធំធេង ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែលោក នាង សារិទ្ធ ព្រមទាំងបុគ្គលិកសមាគមទាំងអស់បានឃើញពីទុក្ខលំបាក ជនពិការមួយចំនួន ទើបមានបំណងចង់បង្កើតធនធានជនពិការ នៅក្នុងខេត្ត តែដោយសារប៉ុន្មានឆ្នាំកន្លងមកនេះ ជួបប្រទះនឹងបញ្ហាកូវីដ ១៩ ធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ច ហើយមានការខ្វះខាត ផងនោះ ទើបលោក និងបុគ្គលិកទាំងអស់គ្នាស្នើសុំជំនួយឧបត្ថម្ភពីសំណាក់ព្រះសង្ឃ គ្រប់ព្រះអង្គ និងសប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ដើម្បីជួយឧបត្ថម្ភជាថវិកា ឬសម្ភារ:សិក្សា (ឧបករណ៍ភ្លេង កុំព្យូទ័រ ព្រមទាំងរបស់ដែលអាចប្រើប្រាស់បាន ក្នុងសមាគម ។ល។ ទៅតាមលទ្ធភាព និងកម្លាំងសទ្ធាជ្រះថ្លា ដើម្បីជួយដល់និស្សិត ជនពិការ ដែលកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យនិងរៀនជំនាញ ផ្សេងៗនៅក្នុងសមាគមគ្រួសារសុភមង្គលខេត្តស្វាយរៀង និងកំពង់ធំ ៕/V-PC