ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ មានរៀបចំបើកកិច្ចប្រជុំពិភាក្សា អំពីទិដ្ឋភាពសង្គម–សេដ្ឋកិច្ច និងការវិភាគភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងគំរាម (SWOT) ដើម្បីកំណត់ សក្តានុពល និង បញ្ហាប្រឈមក្នុងកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ចមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកស្រី ប៊ន សុភី អភិបាលរងខេត្តតំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីលោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និង ថ្នាកដឹកនាំក្រុង ស្រុកទាំង៨ ក្នុងខេត្ត ផងដែរ។
កិច្ចប្រជុំពេលនេះ រៀបចំឡើងដោយរដ្ឋបាលខេត្ត សហការជាមួយ មន្ទីរសេដ្ធកិច្ច និងហិរញ្ញវត្ថុ ដោយមានគោលបំណង ពិនិត្យអំពីវឌ្ឍនភាព ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច របស់ខេត្ត ដើម្បីជាប្រយោជន៍កំណត់បញ្ហារបស់ប្រជាជន ទៅលើការអភិវឌ្ឍ ក្នុងការឆ្លុះបញ្ចាំង ជាឧបករណ៍ ឬជាពត៌មានដល់ អ្នកមានចំណែកពាក់ព័ន្ធទាំងស្ថាប័ន រដ្ឋ អង្គការជាតិ–អន្តរជាតិ សមាគម អង្គការក្រៅរដ្ឋាភិបាល និងដៃតួអភិវឌ្ឍន៍ នានា សម្រាប់ជាមូលដ្ឋានគ្រឹះ ដល់អ្នករៀបចំគោលនយោបាយ អ្នករៀបចំផែនការអភិវឌ្ឍ និងកម្មវិធីអភិវឌ្ឍន៍នានាធ្វើ សេចក្តីសម្រេចចិត្ត ដើម្បីធានាបាននូវកំណើនការងារ សមធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ច–សង្គមកិច្ច ប្រកបដោយចីរភាព ដែលជាការរួមចំណែក កាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យប្រសើរឡើង នូវសុខមាលភាព ជីវភាពប្រជាជនធូរធា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕/V-PC