​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ថ្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់ចុះ​នៅ​ព្រឹក​ថ្ងៃ​ពុធ ចំ​ពេល​មាន​ការព្រួយបារម្ភ​អំពី​តំរូវការ​ប្រេង​ធ្លាក់ចុះ​នៅក្នុង​ប្រទេស​នាំចូល​ប្រេង​ធំ​បំផុត​(​ចិន​)​ក្រោយ​ការបញ្ចេញ​ទិន្នន័យ​​ចុង​ក្រោយ​បង្ហាញថា​សេដ្ឋកិច្ច​ចិន​ខ្សោយ​ជាង​ការរំពឹង​ទុក និង​មាន​សញ្ញា​វឌ្ឍនភាព​ខ្លះ​អំពី​ការជំរុញ​ច្បាប់​ពិ​ដាន​បំណុល​នៅ​សភា​អាម៉េរិក​។​

​ប្រេង​ឆៅ​ម៉ាក​Brent​សំរាប់​ប្រគល់​នៅ​ខែ​សីហា​បាន​ចុះ​២៨​សេន​មក​នៅត្រឹម​៧៣,៤៣​ដុល្លារ​ក្នុង​មួយ​បារ៉ែល នៅពេល​ប្រេង​WTI​នៅ​ផ្សារ​អាម៉េរិក​ចុះ​២៦​សេន​មក​នៅត្រឹម​៦៩,២០​ដុល្លារ​ក្នុង​មួយ​​បារ៉ែល​។​សូមបញ្ជាក់​ថា ប្រេង​ម៉ាក​ទាំង​ពី​បាន​ធ្លាក់ចុះ​អស់​ជាង​៤​ភាគរយ​កាលពី​ថ្ងៃ​អង្គារ​។​

​សកម្មភាព​ឧស្សាហកម្ម​រោងចក្រ​ចិន​ធ្លាក់ចុះ​ជា​ង​ការរំពឹង​ទុក​នៅ​ខែ​ឧសភា​ពីព្រោះ​តែ​តំរូវការ​ចុះខ្សោយ ដោយ​ស​ន្ទ​ស្សន៍​ទំនិញឧស្សាហកម្ម​PMI​ចុះ​ពី​៤៩,២​នៅ​ខែ​មេសា​មកដល់​៤៨,៨​នៅ​ខែ​ឧសភា​។​លទ្ធផល​​នេះ​នៅ​ពីក្រោម​ការព្យាករណ៍​PMIចំនួន​៤៩,៤​។​

​វី​វេក ដា​( Vivek Dhar) ប្រធាន​ផ្នែក​សិក្សា​ស្រាវជ្រាវ​អំពី​ទំនិញ​វត្ថុធាតុដើម​នៅ​ធនាគារ​អូស្ត្រាលី​មួយបាន​និយាយថា​« ដោយ​ទិន្នផល​ឧស្សាហកម្ម​និង​កា​រវិនិយោគ​ទ្រព្យអកម្ម​របស់​ចិន​កើនឡើង​​យឺត​ជាង​ការរំពឹង​ទុក​កាលពី​ខែ​មុន ទីផ្សារ​បានរ​ម្ភ​ថា តំរូវការ​ទំនិញ​វត្ថុធាតុដើម​នៅ​ចិន​កំពុង​ចុះខ្សោយ​ជាងការ​គិតទុក​។​ទុទិដ្ឋិនិយម​ជុំវិញ​តំរូវការ​ទំនិញ​វត្ថុធាតុដើម​នៅ​ចិន កំពុង​ទាញ​សុទិដ្ឋិនិយម​​ដែល​បាន​កើតមាន​កាលពី​ដើម​ឆ្នាំ​»​។​

តាមពិត​ឧស្សាហករណ៍​ចិន​កំពុង​រងគ្រោះ​ពី​តំរូវការ​សកល​ចុះខ្សោយ​ក្រោយពី​បណ្តា​ធនាគារ​កណ្តាល​នៅ​អាម៉េរិក អឺរ៉ុប​និង​អាស៊ី បង្កើន​អត្រា​កា​ប្រាក់​ដើម្បី​ទប់​អតិផរណា​។​

​នៅក្នុង​ស្រុក ការចំណាយ​របស់​អ្នកប្រើប្រាស់​ចិន​បាន​រើប​រើ​ឡើងវិញ​ក្រោយ​ចិន​លុបចោល​ការទប់ស្កាត់​លើ​ការធ្វើដំណើរ​ដើម្បី​ប្រឆាំង​ការឆ្លង​ជំងឺ និង​សកម្មភាព​ធុរកិច្ច​បាន​ស្ទុះ​ឡើង​នៅ​ខែ​ធ្នូ តែ​ការ​រើ​ប​​រើ​ខ្សោយ​ជា​ការរំពឹងទុក​។​នៅ​បី​ខែ​ដើមឆ្នាំ​នេះ សេដ្ឋកិច្ច​ចិន​កើន​បាន​៤,៥​ភាគរយ​ធៀប​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន​។​កំណើន​នេះ​ត្រូវតែ​បន្ត​កើន​ឡើង​នៅ​បណ្តា​ត្រីមាស​ខាងមុខ​ដើម្បី​អោយ​សំរេចបាន​​កំណើន​តាម​គោលដៅ​កំណត់​របស់​គណបក្ស​កុំម្មុយនីស្ត​ចិន​។​

​កម្មករ​ដំឡើងរថយន្ត​នៅ​រោងចក្រ​មួយ​នៅក្រុង​ស៊ី​យ៉ាន​(Shiyan)​ក្នុង​ខេត្ត​ហ៊ូ​ប៉ី កាលពី​ថ្ងៃ​១០​ឧសភា​។​ការអង្កេត​ចេញ​ថ្ងៃ​៣១​ឧសភា​នេះ បង្ហាញ​ថា​សកម្មភាព​រោង​ចក្រ​ឧស្សាហកម្ម​ចិន​ធ្លាក់ចុះ​នៅក្នុង​ខែ​​ឧសភា​

​នៅ​អាម៉េរិក អារម្មណ៍​របស់​ឈ្មួញ​ត្រូវ​បាន​ជួយ​អោយ​ធូរស្រាល​បន្តិចក្រោយច្បា​ប់​មួយក្រោម​ការសម្របស​ម្រួ​លដោយ​ប្រធានាធិបតី​ចូ បៃ​ដិន និង​ប្រធាន​សភា ខេ​វិន ម៉ាក់​ខា​ធី ដើម្បី​បង្កើន​ពិ​ដាន​បំណុល​​អោយដល់​៣១,៤​ទ្រី​លាន​ដុល្លារ បាន​ឆ្លងកាត់​ឧបសគ្គ​សំខាន់​មួយ​កាលពី​យប់​ថ្ងៃ​អង្គារ មុន​បញ្ជូនទៅ​អោយ​សភា​ពិភាក្សា​និង​អនុម័ត​នៅ​ថ្ងៃ​ពុធ​។​

​បើសិនជា​ត្រូវបាន​សភា​អនុម័ត រដ្ឋាភិបាល​របស់​លោកបៃ​ដិន​ទំនងជា​មិន​ចាំបាច់ច​រចា​អំពី​ពិ​ដាន​បំណុល​ជាថ្មី នៅ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​នា​ខែវិច្ឆិកា ឆ្នាំ​២០២៤៕