មើល​ត្រួតៗ​អ្នករងគ្រោះ​និង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ប្រាំពីរ​ខេត្ត​

1503
ចែករម្លែក

ដោយៈ​ម៉េង​ឆៃ​/​ភ្នំពេញៈ​ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តតាកែវ និង​រាជធានី​ភ្នំពេញ គិត​ត្រឹម​ថ្ងៃទី​២៣ ខែកក្កដា ត្រូវបាន​លោក កែវ វី នាយក​ខុទ្ទកាល័យ​និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ បញ្ជាក់ថា​កាន់តែ​ធូរស្រាល​ដោយនៅ​តំបន់​ខ្លះ​ជំនន់​ទឹកភ្លៀង បាន​ស្រក​អស់ហើយ​។​តែ​ជនរងគ្រោះ​ដោយ​ជំនន់​មាន​រហូត​ជាង​៧.០០០​គ្រួសារ​។​

សកម្មភាពចូលរួមទប់ទល់នឹងជំនន់ទឹកភ្លៀងនាពេលថ្មីៗកន្លងទៅនេះ(រូបធនធានទឹក)

​ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់ និង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ប្រាំពីរ​ខេត្ត រាជធានី ក៏ត្រូវ​បាន លោក កែវ វី បង្ហាញ​ពី​របាយការណ៍​បឋម​ដែល​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ទទួលបាន គិត​ត្រឹម​ថ្ងៃទី​២៣ ខែកក្កដា​ថា ជំនន់​ទឹកភ្លៀង នៅ​ប្រាំពីរ​ខេត្ត​រាជធានី​នេះ ប៉ះពាល់​ដល់​ប្រជាជន ៧.១០៦ គ្រួសារ ក្នុងនោះ មាន​ប្រជាជន ១.៤១៦ គ្រួសារ ត្រូវបាន​ជម្លៀស​ចេញពីផ្ទះ​លិច​ទឹក ទៅកាន់​ទីទួល​សុវត្ថិភាព​។ ជំនន់​ទឹកភ្លៀង​នេះ ធ្វើ​ឲ្យ​ខូចខាត​ផ្ទះ ៦ ខ្នង នៅ​ខេត្តកោះកុង​។ លិច​សាលារៀន ១០ កន្លែង លិច​វត្ត ប្រាំ និង​វិហារ​អ៊ីស្លាម​ប្រាំមួយ កន្លែង​។ ងាប់​គោ ១១ ក្បាល​។ ក្នុងនោះ ក៏មាន​ស្រូវ​រង​ការប៉ះពាល់ ដោយ​លិច​ទឹក ចំនួន ៨.២៣២ ហិកតា ខូចខាត​ស្រូវ ដែល​លិច​ទឹក​ចំនួន ៥២ ហិកតា​។ រីឯ​ដំណាំ​រួមផ្សំ ៩៨៤ ហិកតា ត្រូវ​ទឹក​លិច និង​ខូចខាត ៤៤ ហិកតា​។​

​លោក​បាន​បន្តថា នៅ​ភ្នំពេញ​ជំនន់​ទឹកភ្លៀង តាម​ស្ទឹង​ព្រែក​ត្នោត បាន​បង្ក​ការលិចលង់​នៅ​ខណ្ឌដង្កោ និង​ខេត្ត​ពោធិ៍​សែន​ជ័យ ដែលមាន​ប្រជាពលរដ្ឋ​ប៉ះពាល់​សរុប ៨៣៨ គ្រួសារ​។ ក្នុងនោះ នៅ​ខណ្ឌដង្កោ ប៉ះពាល់​ប្រជាពលរដ្ឋ ៥៨៧ គ្រួសារ នៅក្នុង ២៦ ភូមិ និង ប្រាំបួន​សង្កាត់​។ ចំណែក​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទឹក​លិច ១៦ ភូមិ​។ ក្នុង​ខណ្ឌដង្កោ​ជំនន់​ទឹកភ្លៀង​ពី ស្ទឹង​ព្រែក​ត្នោត បាន​លិច​សាលាសង្កាត់ និង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស​ង្កា​ត់ ចំនួន​២ គឺ​នៅ​សង្កាត់​ស្ពានថ្ម និង​សង្កាត់​គង​ន​យ ព្រមទាំង​បាក់​ផ្លូវ​បេតុង​មួយ​ខ្សែ នៅ​ផ្លូវ​ចូល​វត្ត​សាក់​សំពៅ​។​

លោក កែវ វី បាន​បញ្ជាក់ថា គិត​មកដល់​ថ្ងៃ​ចន្ទ ទី​២៣ ខែកក្កដា ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅតាម​បណ្តា​ខេត្ត​ទាំង​ប្រាំពីរ ដែល​បាន​រៀបរាប់​ខាងលើ បាន​ធូរស្រាល​អស់ហើយ ដោយ​ទឹក​ស្រក​អស់​ជា​បណ្តើរៗ​ហើយ​។ ក្នុងនោះ​នៅ​រយៈពេល ប៉ុន្មាន​ថ្ងៃ​នៃ​ជំនន់​ទឹកភ្លៀង នៅ​ប្រាំពីរ ខេត្ត​រាជធានី​នេះ មិនមាន​ប៉ះពាល់​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ទេ​៕ សរន

ទឹកនៅស្ពានសំរោងរសៀលថ្ងៃទី២៣កក្កដា(រូបធនធានទឹក)

ទីតាំងផ្សាយពាណិជ្ជកម្ម