​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ មនុស្ស​ជាង ១.០០០ នាក់​នៅក្នុង​ប្រទេស​វៀត​ណា​ម​ត្រូវបាន​ចាត់ទុកជា “​អ្នក​មាន​ផុត​លេខ​” ក្នុង​ឆ្នាំ ២០២២​គឺ​កើនឡើង​ជិត​ទ្វេ​ដង​ពី​តួលេខ​ដែល​​បាន​កត់ត្រា​ក្នុង​ឆ្នាំ ២០១៧ នេះ​បើ​យោងតាម​របាយការណ៍​ចុងក្រោយ​ដោយ​ក្រុមហ៊ុន​ប្រឹក្សា​អចលនទ្រព្យ​របស់​ចក្រ​ភព​អង់គ្លេស Knight Frank​។​

​របាយការណ៍​ទ្រព្យសម្បត្តិ​ប្រចាំ​ឆ្នាំ​ដោយ Knight Frank បាន​និយាយថា អ្នក​មាន​ផុត​លេខ​មាន​ចំនួន ១.០៥៩ នាក់​នៅ​វៀតណាម​ក្នុង​ឆ្នាំ ២០២២ គឺ​កើនឡើង​ពី ៥៣៨ នាក់​ក្នុង​ឆ្នាំ ២០១៧ ។​

​អ្នក​មាន​បំផុត​ត្រូវបាន​កំណត់​ដោយ Knight Frank ថា​ជា​អ្នក​ដែល​មាន​ទ្រព្យសម្បត្តិ​សុទ្ធ​យ៉ាងតិច ៣០ លាន​ដុល្លារ ដោយ​ដក​ប្រាក់កម្ចី​ចេញ​។​

​យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន​បានឱ្យដឹងថា ក្នុង​ឆ្នាំ ២០២៧ ចំនួន​អ្នក​មាន​ផុត​លេខ​នៅ​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ដល់ ១.៣០០ នាក់ ពោលគឺ​កើនឡើង ២២ ភាគរយ​ពី​ឆ្នាំ ២០២២ និង​កើនឡើង ១២២ ភាគរយ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​។​

​ចំនួន​បុគ្គល​ដែល​មាន​ទ្រព្យសម្បត្តិ​ខ្ពស់​នៅ​វៀតណាម ដែល​គេ​កំណត់ថា​ជា​អ្នក​ដែល​មាន​ទ្រព្យសម្បត្តិ​សុទ្ធ​យ៉ាងតិច ១ លាន​ដុល្លារ ក៏​បាន​កើនឡើង ៧០ ភាគរយ​ដែរ ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ គឺ​កើន​ពី ៤០.៩៧១ នាក់​ក្នុង​ឆ្នាំ ២០១៧ ដល់ ៧០.០០០ នាក់​ក្នុង​ឆ្នាំ ២០២២​។​

​របាយការណ៍​បាន​ព្យាករណ៍​ថា​នឹង​មាន​បុគ្គល​ដែល​មាន​ទ្រព្យសម្បត្តិ​ខ្ពស់ជាង ១១២.២០០ នាក់​ក្នុង​ប្រទេស​វៀតណាម​នៅ​ឆ្នាំ ២០២៧ ដែល​កើនឡើង ១៧៣ ភាគរយ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​៕

​ចំនួន​អ្នក​មាន​កាន់តែ​កើន​ឡើង​នៅ​វៀតណាម ក៏​បង្កើន​ហាង​ប្រណិតៗ​ផងដែរ​