​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អេក្រង់ LED(OLED) ដែល​មាន​ចលនា អាច​រំលឹក​អំពី​កាសែត​វេទមន្ត Daily Prophet ពី​ខ្សែភាពយន្ត Harry Potter​។​

​ក្រុមហ៊ុន Samsung Display បានបង្ហាញ​អេក្រង់​គំរូ Rollable Flex របស់​ខ្លួន​ក្នុង​សប្តាហ៍​នេះ ពោល​ជា​អេក្រង់​ម៉ូនីទ័រ​ដែល​អាច​រុំ​ឬ​មូរ​ចូលគ្នា​បាន​ឬ​ដូច​កូន​កម្រាល​ហាត់​យូ​ហ្គា​។​

​ឧបករណ៍​នេះ​រុំ​ចូលគ្នា​បាន​ប្រហែល ២ អ៊ី​ញ​ហើយ​ពន្លាត​វិញ​បាន​រហូត​ដល់​ប្រវែង​បញ្ឈរ​អតិបរមា ១០ អ៊ី​ញ គឺ​៥​ដង​នៃ​កម្ពស់​ផ្ទុក​របស់​វា​។​

​អេក្រង់​អាច​បត់​បាន​ឬ​អាច​រុំបាន​កាលពីមុន​មានលទ្ធភាព​យ៉ាងច្រើន​អាច​ពន្លាត​ធំ​ជាង​មុន​តែ​បី​ដង​ប៉ុណ្ណោះ​។​

​ជាមួយនឹង​អេក្រង់ Rollable Flex ក្រុមហ៊ុន Samsung សង្ឃឹមថា ពួក​វា​អាច​ជួយ​អ្នកប្រើប្រាស់ ដោយ​ធ្វើឱ្យ​ឧបករណ៍​ធំៗ ដូចជា កុំព្យូទ័រ​យួរដៃ ថេ​ប្លេត និង​អេក្រង់​ម៉ូនីទ័​រ តូច​ជាង​មុន​និង​ងាយស្រួល​កាន់​។​

​ក្រុមហ៊ុន​និយាយថា អាថ៌កំបាំង​របស់​ឧបករណ៍​នេះ​គឺ​អ័ក្ស​រាង​អក្សរ O ដែល​ត្រូវ​បាន​ធ្វើ​វិស្វកម្ម​យ៉ាង​ប្រុងប្រយ័ត្ន ដែល​នៅ​ជុំវិញ​នោះ អេក្រង់​របស់​វា​រុំ​ចូលគ្នា​ប្រៀប​បី​ដូចជា​ក្រដាស​បង្គន់​ថ្លៃ​បំផុត​របស់​ពិភពលោក​យ៉ាង​អ៊ីចឹង​។​

Samsung Display បាន​និយាយថា “​យើង​អាច​បង្វែរ​អេក្រង់​ធំ​ដែល​ពិបាក​យក​តាម​ខ្លួន​ទៅ​ជា​ទម្រង់​ដែល​អាច​ចល័ត​បាន​”​។​

​ប៉ុន្តែ​អេក្រង់ Rollable Flex មិនមែន​ជា​អេក្រង់​រុំ​ចូលគ្នា​ដំបូង​នៅ​លើ​ទីផ្សារ​នោះទេ​។ ក្រុមហ៊ុន​ផ្សេងទៀត​ក៏​ធ្លាប់បាន​ចូលប្រឡូក​ក្នុង​វិស័យ​នេះ​ពីមុនមក​ដែរ រួម​ទាំង​ក្រុមហ៊ុន​ផលិត​ទូរទស្សន៍​អេក្រង់​សំប៉ែត​របស់​កូរ៉េខាងត្បូង LG ដែល​បាន​ធ្វើឱ្យ​ពិព័រណ៍ CES ភ្ញាក់ផ្អើល​កាលពី​ច្រើន​ឆ្នាំ​មុន​ជាមួយនឹង​អេក្រង់​ទូរទស្សន៍​រុំ​ចូលគ្នា​បាន ៦៥ អ៊ី​ញ​៕

Samsung បង្ហាញ​អេក្រង់​អាច​រុំ​ចូលគ្នា​បាន Rollable Flex ក្នុង​សប្តាហ៍​នេះ