​ប្រែ​សម្រួលៈ​បំណង​(​ស្ពុ​ត​និច​,​ដេល្លី​ម៉េល​)៖ មនុស្ស​ប្រាំ​នាក់​ត្រូវបាន​សម្លាប់​និង​១៩​នាក់​ទៀត​រងរបួស​ក្នុង​ការបាញ់​ផ្លោង​ចូល​កសិដ្ឋាន​ចិញ្ចឹម​មាន់​​នៅ​ភូមិ​មួយ​ក្នុង​សាធារណរដ្ឋ​ប្រជាមានិត​លូ​ហ្កានស​ខ៍​(LPR)​នេះ​បើ​តាម​ការបញ្ជាក់​អះអាង​ពី​មន្ត្រី​រុស្ស៊ី​កាលពី​ថ្ងៃ​ពុធ​។​

​មន្ត្រី​ដដែល​បាន​បន្ថែមថា កងកម្លាំង​អ៊ុយ​ក្រែន​បាន​បាញ់កាំ​ជ្រួចហាយ​ម៉ាស​(HIMARS)​បួន​គ្រាប់​ចូល​ភូមិ កា​ប៉ា​ទី​( Karpaty)​ក្នុង​សាធារណរដ្ឋ​ប្រជាមានិត​លូ​ហ្កានស​ខ៍​កាលពី​ថ្ងៃ​៣១​ឧសភា ។​រ​បាយ​​ការណ៍​ដំបូង​និយាយថា​កម្មករ​សំណង់​បួន​នាក់​បាន​ស្លាប់​និង​មនុស្ស​១៦​នាក់​ទៀត​រងរបួស​។​

​ពួក​មន្ត្រី​រុស្ស៊ី​ក៏​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ដ្រូ​ន​អ៊ុយ​ក្រែន​មួយ​បាន​បង្ក​អគ្គិភ័យ​នៅ​រោងចក្រ​ចម្រាញ់​ប្រេង​មួយ​នៅ​រុស្ស៊ី​ខាងត្បូង និង​កងកម្លាំង​អ៊ុយ​ក្រែន​បាន​បាញ់​ផ្លោង​ចូល​ទីប្រជុំ​ជាប់​ព្រំដែន​ជា​​លើក​ទី​បី​នៅក្នុង​ពេល​មួយ​សប្តាហ៍​កន្លងទៅ ដោយ​បាន​បំផ្លាញ​អាគារ​និង​ឆេះ​យានយន្ត​។​

​នៅ​មួយ​ថ្ងៃ​ក្រោយពី​រុស្ស៊ី​ចោទប្រកាន់​អ៊ុយ​ក្រែនថា​បាន​បញ្ជូន​ដ្រូ​ន​ទៅ​វាយប្រហារ​អាគារ​ជាច្រើន​នៅ​ក្រុង​មូ​ស្គូ អភិបាល​តំបន់​ក្រា​ស្នូ​ដា​(Krasnodar) របស់​រុស្ស៊ី​បាន​និយាយ​ថា​ដ្រូ​ន​មួយ​ទំនងជា​បាន​បង្ក​​អគ្គិភ័យ​នៅ​រោងចក្រ​ចម្រាញ់​ប្រេង​Afipsky​។​អគ្គិភ័យ​នេះ​ត្រូវ​បាន​ពន្លត់​ភ្លាម​និង​មិន​មាន​មនុស្ស​ស្លាប់​ឬ​រងរបួស​ទេ​។​

​មិនទាន់​មាន​ការអះអាង​ថានរណា​បញ្ជូន​ដ្រូនមកវាយប្រហារទីតាំងរុស្ស៊ី​ទាំងនេះ​ទេ តែ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បានចោទប្រកាន់​រដ្ឋាភិបា​ល​ទី​ក្រុ​ង​គៀវ​ថា​បង្កើន​ការវាយប្រហារ​ចូល​ក្នុង​ប្រទេស​រុស្ស៊ី​នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោ​​យ​នេះ នៅពេល​រុស្ស៊ី​ក៏​បង្កើន​ការវាយប្រហារ​ដោយ​ដ្រូ​ន​និង​កាំជ្រួច​លើ​ទី​ក្រុង​គៀវ​៕

​រុស្ស៊ី​អះអាងថា អ៊ុយ​ក្រែន​បាន​បាញ់​ផ្លោង​កាត់​ព្រំដែន​ចូល​តំបន់​មួយ​ក្នុង​ទឹក​ដៅ​រុស្ស៊ី​