​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ឆ្មា​មួយ​ក្បាល​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​បាន​រួច​ជីវិត​ពី​ការធ្លាក់​ពី​អគារ​កម្ពស់​៦​ជាន់ ដោយ​គ្មាន​របួស​ធ្ងន់ធ្ងរ​ត្បិត​ការធ្លាក់​របស់​វា​បណ្តា​អោយ​ធ្លុះបែក​​កញ្ចក់​ក្រោយរថយន្ត​ក្តី​។​

​ម្ចាស់​រថយន្ត ដែល​មានឈ្មោះ អា​ពី​វ៉ាត់ តូយ៉ូថា​កា (Apiwat Toyothaka)​បាន​ចែករំលែក​រូប​វីដេអូ​នៃ​ហេតុការណ៍​នេះ​កាលពី​ថ្ងៃ​សៅរ៍​និង​ថា​គាត់​ត្រូវបាន​ជូនដំណឹង​អំពី​ឧបទ្ទវហេតុ​នេះ​ដោយ​​អ្នកគ្រប់គ្រង​ខុន​ដូ​របស់​គាត់​នៅ​ម៉ោង ៧ ព្រឹក​។​

​អ្នកបង្កើត​វីដេអូ​ឌីជីថល ដែល​ជា​ម្ចាស់​ឆ្មា​ផងដែរ​នេះ បាន​និយាយថា គាត់​មិនអាច​ខឹង​ទេ នៅ​ពេល​គាត់​ឃើញ​ឆ្មា​ភិតភ័យ​មួយ​ក្បាល​លាក់ខ្លួន​នៅ​ក្រោម​រថយន្ត​របស់​គាត់​បន្ទាប់​ពី​លោត​ចេញពី​​ប្រហោង​ដ៏​ធំ​នៃ​កញ្ចក់​ដែល​ខូច​របស់គាត់​។​

​ឆ្មា​ឈ្មោះ ស៊ី​ហ្វ៊ូ (Shifu) តាម​ដឹង​គឺ​ដាក់​ឈ្មោះ​តាម​គ្រូ​ក្បាច់គុន ស៊ី​ហ្វ៊ូ (Master Shifu) នៅក្នុង​ខ្សែភាពយន្ត Kung Fu Panda នេះ​បើ​យោង​តាម​កាសែត The Nation ។​

​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​បាន​បង្ហាញ​ឆ្មា​ទម្ងន់ ៨,៥ គីឡូក្រាម​តោង​យ៉រ​នៅ​ជាន់​ទី ៦ មុន​ពេល​ធ្លាក់​ចុះ​ក្រោម​។ វា​បាន​ធ្លាក់​បុក​យ៉រ​ជាន់​ទី​៣ មុន​នឹង​ធ្លាក់​បុក​កញ្ចក់​ក្រោយ​នៃ​រថយន្ត​របស់​លោក​អា​ពី​វ៉ាត់​។​

​លោក​អា​ពី​វ៉ាត់​បាន​និយាយថា ការ​ថតកាំរស្មីអ៊ិច​លើ​ស៊ី​ហ្វ៊ូ​បានបង្ហាញ​ថា​មិន​មាន​ការបាក់​ឆ្អឹង​ទេ ហើយ​វា​បាន​បាត់បង់​ក្រ​ញ៉ាំ​តែ​ពីរ​ប៉ុណ្ណោះ​៕

ស៊ី​ហ្វ៊ូ​ពុំ​មាន​របួស​ទេក្រោយ​ធ្លាក់​ពីលើ​ជាន់​ទី​៦