ដោយៈសុផល/ភ្នំពេញ៖លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានធ្វើសន្និសីទសារព័ត៌មានមួយ នៅស្ថានទូតក្រោម ប្រធានបទ“ខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងរុស្ស៊ី និងកម្ពុជាស្ថានភាពជុំវិញប្រទេសអ៊ុយក្រែនព្រមទាំងប្រធានបទសំខាន់ៗផ្សេងទៀត នៃ គោលនយោបាយការបរទេសរុស្ស៊ី”។
លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា៖កាលពីថ្ងៃទី១៣ ខែឧសភា ស្ថានទូតរុស្ស៊ី និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានប្រារព្ធខួប លើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសយើងទាំងពីរ (ថ្ងៃទី១៣ ខែឧសភាឆ្នាំ១៩៥៦)។យើងមានបំណងបន្តពង្រីកកិច្ចសហប្រតិបត្តិការរវាង រដ្ឋរបស់យើងក្នុងគ្រប់វិស័យទាំងអស់។
ចាប់តាំងពីខែសីហាឆ្នាំ២០២១ព្រះរាជាណាចក្រកម្ពុជាធ្វើជាប្រទេសសម្របសម្រួលនៃភាពជាដៃគូសន្ទនារុស្ស៊ី–អាស៊ាន។យើងបញ្ជាក់ពីសារសំខាន់នៃខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្ររបស់យើង ជាមួយបណ្តាប្រទេសអាស៊ាន ដែលយើងប្រារព្ធនៅឆ្នាំ២០២៣នេះ។ឆ្នាំនេះ ក្នុងក្របខណ្ឌកម្ពុជាធ្វើជាប្រទេសសម្របសម្រួល ព្រឹត្តិការណ៍អាស៊ានមួយចំនួនត្រូវបានរៀបចំឡើង។ដោយឡែក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ កិច្ចប្រជុំឧត្តមមន្ត្រីរុស្ស៊ី–អាស៊ានថ្នាក់អនុរដ្ឋមន្ត្រីការបរទេស បានកើតឡើងនៅខេត្តសៀមរាប។ លោក អេនឌ្រេ រូដេនកូ ( Andrey Rudenko) អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ីបានដឹកនាំគណៈប្រតិភូរុស្ស៊ី។គ្រប់ភាគីទាំងអស់បាន ពិភាក្សាអំពីទិដ្ឋភាពជាក់ស្តែងនៃការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរុស្ស៊ី–អាស៊ាននៅខែកក្កដាឆ្នាំនេះនៅប្រទេសឥណ្ឌូនេស៊ី។ទស្សនវិស័យសម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងមនុស្សធម៌ត្រូវបានវិភាគយ៉ាងលម្អិត ដោយសង្កត់ធ្ងន់លើការអនុវត្តផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ សម្រាប់ឆ្នាំ២០២១–២០២៥ដែលត្រូវបានអនុម័តដោយថ្នាក់ដឹកនាំនៃប្រទេសរបស់យើង និងបណ្តាប្រទេសអាស៊ាន។ វិធានការជាក់លាក់ត្រូវបានត្រួសត្រាយដើម្បីបង្កើនអន្តរកម្មក្នុងវិស័យធានាសន្តិសុខស្បៀងអាហារ និងថាមពល ឌីជីថលភាវូបនីយកម្ម ហិរញ្ញវត្ថុ ការអប់រំ រួមទាំងការបង្កើតយន្តការពិគ្រោះយោបល់ថ្មី។
យើងកត់សំគាល់ដោយការពេញចិត្តថា នៅថ្ងៃទី២៣ ខែឧសភានេះ ក្នុងតំបន់ម៉ូស្គូ ក្នុងអំឡុងពេលកិច្ចប្រជុំអន្តរជាតិលើកទី១១ នៃអ្នកតំណាងជាន់ខ្ពស់ទទួលបន្ទុក សន្តិសុខ ដោយមានប្រទេសកម្ពុជាធ្វើជាសហប្រធាន ការពិគ្រោះយោបល់រុស្ស៊ី–អាស៊ានលើកទី៣ របស់តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខត្រូវបានធ្វើឡើង។ មានការផ្លាស់ប្តូរយោបល់អំពីប្រព័ន្ធស្ថិរភាពយុទ្ធសាស្ត្រការគ្រប់គ្រងអាវុធ ក៏ដូចជាស្ថានភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោក នីកូឡៃ ប៉ាទ្រូឆេវ ( Nikolai Patrushev) លេខាធិការក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី ដែលធ្វើជាសហប្រធានពីភាគីរុស្ស៊ីបានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់អាស៊ាន ក្នុងការធានាសន្តិភាព ស្ថិរភាព និងទំនុកចិត្តគ្នារវាងបណ្តាប្រទេសក្នុងតំបន់។ វិធីសាស្រ្តដែលត្រូវបានផ្សព្វផ្សាយដោយសមាគមអាស៊ានគឺស្រដៀងគ្នាជាមួយនឹង យុទ្ធសាស្ត្ររុស្ស៊ីស្តីពីសន្តិសុខស្មើគ្នាមិនអាចបំបែកបាន។យុទ្ធសាស្ត្រគោលនយោបាយការបរទេសរបស់សហព័ន្ធរុស្ស៊ី ដែលត្រូវបានអនុម័តក្នុងខែមីនា ឆ្នាំ២០២៣ ចែងចេតនារបស់យើងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខ មនុស្សធម៌ និងវិស័យផ្សេងទៀតជាមួយបណ្តារដ្ឋនៃតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ាន។ យើងគាំទ្រប្រព័ន្ធសមាគមពហុភាគីក្នុងតំបន់ ទទួលបន្ទុកក្នុងការធានាសន្តិសុខនិងការអភិវឌ្ឍន៍ ដែលត្រូវបានបង្កើតឡើងនៅជុំវិញអាស៊ានដោយផ្អែក លើគោលការណ៍នៃឯកភាព និងសមភាពនៃសមាជិករបស់វា។ នៅក្នុងលក្ខខណ្ឌនៃការបង្កើតប្លុក លោកខាងលិចនៅក្នុងតំបន់ ដូចជាសម្ព័ន្ធភាពត្រីភាគី AUKUS និងសម្ព័ន្ធមិត្តចតុភាគី QUAD ព្រមទាំងការផ្សព្វផ្សាយរបៀបវារៈនៃការបែងចែក យើងមានបំណងប្រឆាំងនឹងការប៉ុនប៉ងបំផ្លាញប្រព័ន្ធនេះ។
លោក អាណាតូលី បូរ៉ូវីក បានបញ្ជាក់ថា៖រុស្ស៊ីខិតខំប្រឹងប្រែងជួយការបង្កើត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នូវស្ថាបត្យកម្មសន្តិសុខគ្រប់ជ្រុងជ្រោយ បើកចំហ ពហុភាគី ប្រកបដោយតម្លាភាពដែលមិនអាចបំបែកបាន និងកិច្ចសហប្រតិបត្តិការជាផលប្រយោជន៍ទៅវិញទៅមក ដោយផ្អែកលើមូលដ្ឋានរួមគ្នាមិនចូលក្នុង ប្លុកទេ។ ក្នុងន័យនេះ យើងជឿថាគួរតែប្រើប្រាស់សក្តានុពលនៃតំបន់នេះដើម្បីបង្កើតភាពជាដៃគូដ៏អស្ចារ្យនៃអឺរ៉ាស៊ី៕/PC