​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក អេ​ឡុន ម៉ាស និង​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ចិន​បាន​ពិភាក្សាគ្នា​អំពី​វិធី​ក្នុង​ការអភិវឌ្ឍ​រថយន្ត​ថាមពល​ថ្មី​កាលពី​ថ្ងៃ​ពុធ​ពោលគឺ​មួយថ្ងៃ​គត់​បន្ទាប់​​ពី​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla រូបនេះ​បាន​ហោះ​ទៅ​ក្រុង​ប៉េកាំង ហើយ​បាន​ប្រកាសថា​គាត់​ចង់​ពង្រីក​អាជីវកម្ម​នៅក្នុង​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​របស់​ពិភពលោក​។​

​ក្រសួង​ឧស្សាហកម្ម​និង​បច្ចេកវិជ្ជា​ព័ត៌មាន​បាន​និយាយ​នៅក្នុង​ការ​សេចក្តីប្រកាស​មួយ​ថា កាលពី​ថ្ងៃ​ពុធ លោក​ម៉ា​សបាន​ជួប​ជាមួយ​លោក ជីន ជួង​ឡុង (Jin Zhuanglong) ក្នុង​ទីក្រុង​ប៉េកាំង ដើម្បី​ពិភាក្សា​អំពី “​ការអភិវឌ្ឍ​យានយន្ត​ថាមពល​ថ្មី​និង​យានជំនិះ​ឆ្លាត​វៃ​”​។​

​ក្រសួង​មិន​បាន​ចែករំលែក​ព័ត៌មាន​លម្អិត​បន្ថែម​ទេ​។ អ្នក​តំណាង​ក្រុមហ៊ុន Tesla មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​សុំ​ការបំភ្លឺ​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AFP​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការធ្វើដំណើរ​​របស់​លោក​ម៉ាស​នោះដែរ​។​

​លោក​ម៉ា​សមាន​ផលប្រយោជន៍​អាជីវកម្ម​យ៉ាង​ទូលំទូលាយ​នៅក្នុង​ប្រទេស​ចិន ហើយ​កាលពី​ថ្ងៃ​អង្គារ​បាន​ប្រាប់​រដ្ឋមន្ត្រីការបរទេស ឈិន កាង (Qin Gang) ថា​ក្រុមហ៊ុន​របស់គាត់​”​មាន​ឆន្ទៈ​​ក្នុង​ការ​បន្ត​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅក្នុង​ប្រទេស​ចិន​” នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​។​

រដ្ឋមន្រ្តីការបរទេសចិនទទួលជួបនាយកប្រតិបត្តិក្រុមហ៊ុនTesla ​កាលពី​ថ្ងៃ​អង្គារ​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​រាយការណ៍​ថា​ក្រុមហ៊ុន Tesla បាន​ស្វាគមន៍​នាយក​ប្រតិបត្តិ​របស់​ខ្លួន​មក​កាន់​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​អង្គារ​ជាមួយនឹង​អាហារ​ពេល​ល្ងាច​ចំនួន ១៦ ឈុត ដែល​រួមមាន​អាហារ​សមុទ្រ សាច់​ចៀម​នូវែ​លសេ​ឡង់ និង​គុយទាវ​សណ្តែកសៀង​ផ្អាប់​បែប​ប្រពៃណី​ប៉េកាំង​។​

​ចិន​គឺ​ជា​ទីផ្សារ​រថយន្ត​អគ្គិសនី​ដ៏​ធំ​បំផុត​របស់​ពិភពលោក ហើយ​ក្រុមហ៊ុន Tesla​បាន​ប្រកាស​កាលពី​ខែ​មេសា​ថា ខ្លួន​នឹង​សាងសង់​រោងចក្រ​ធំ​ទី​ពីរ​នៅ​ទីក្រុង​សៀង​ហៃ​ដែល​នឹង​ក្លាយ​ជា​រោងចក្រ​ទី​ពីរ​​របស់​ខ្លួន​នៅក្នុង​ទីក្រុង​បន្ទាប់​ពី​រោងចក្រ​យក្ស​មួយ ដែល​បាន​បើក​ដំណើរការ​ក្នុង​ឆ្នាំ ២០១៩​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​និយាយថា នៅក្នុង​ជំនួប​របស់គាត់​ជាមួយ​លោក​ឈិន​កាលពី​ថ្ងៃ​អង្គារ លោក​ម៉ាស​ក៏​បាន​សម្តែង​ការប្រឆាំង​របស់​គាត់​ចំពោះ “​ការ​កាត់ផ្តាច់​” សេដ្ឋកិច្ច​រវាង​ចិន​និង​សហរដ្ឋ​អាម៉េរិក​ផងដែរ​។​

​លោក​ម៉ា​ស​បាន​បន្ថែមថា “​ផលប្រយោជន៍​របស់​ស​ហ​រដ្ឋ​អាម៉េរិក​និង​ចិន​គឺ​ជាប់ទាក់ទង​គ្នា ដូចជា​កូនភ្លោះ​ជាប់​គ្នា​យ៉ាង​អ៊ីចឹង ដែល​មិន​អាច​បំបែកចេញ​ពី​គ្នា​បាន​ឡើយ​”៕

លោក​ម៉ាស​កំពុង​នៅ​ស្រុក​ចិន​និយាយ​អំពី​ការបង្កើត​យានយន្ត​ថាមពល​ថ្មី​ជាមួយ​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ចិន