ដោយ៖ រ៉ាម៉ន/ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានចំនួនពីរគឺស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សី កែវ បន្ទាប់ពីដាក់ឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេលជាងមួយខែកន្លងមកនោះ។ នេះជាសមិទ្ធផលថ្មី និងជាប្រវត្តិសាស្ត្រថ្មីទៀត លើទឹកដីរាជធានីភ្នំពេញនិយាយដោយឡែក និងនិយាយជារួមសម្រាប់ប្រទេសកម្ពុជាទាំងមូល ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ សមិទ្ធផលនេះ កើតមានទៅបានក៏ដោយសារកម្ពុជារក្សាបាននូវសុខសន្តិភាពពេញលេញ គ្មានភ្លើងសង្គ្រាម និងមានការឯកភាពជាតិ ឯក ភាពទឹកដីរយៈពេលជាង ២០ឆ្នាំមកនេះ។ ស្ពានឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ គឺជាស្ពានដែលដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការធ្វើដំណើររបស់ប្រជា ពលរដ្ឋរវាងផ្លូវជាតិលេខ៥ និងលេខ៦ ក៏ដូចជាប្រជាពលរដ្ឋរស់នៅសងខាងនៃទន្លេសាប។
បើយោងតាមរបាយការណ៌របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងពិធីសម្ភោធនេះ បានឱ្យដឹងថា ស្ពានឫស្សីកែវឆ្លងកាត់ទន្លេសាប គឺជាប្រភេទស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារមកកាន់ផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វផ្លូវលេខ ៣៦ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ស្ពាននេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ ការស្ថាបនាស្ពាននេះ បានប្រើរយៈពេលសាងសង់ជាង ៦៨ខែ ដោយចំណាយថវិកាអស់ចំនួន ៣៥លានដុល្លារអាមេរិកដែលជាកញ្ចប់ថវិកា បានមកពីមូលនិធិតំបន់អភិវឌ្ឍន៍ជ្រោយចង្វាររបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។ ស្ពាននេះមានប្រវែង ៥១០ម៉ែត្រ ទទឹង ២០.៥ ម៉ែត្រ និងមានបណ្តោយស្ពានសរុបប្រវែង ៩២២ ម៉ែត្រ។ គន្លងផ្លូវរត់របស់តួស្ពាន មានចំនួន ៦គន្លង សម្រាប់ចរាចរទ្វេទិស ៣គន្លងទៅនិង៣គន្លងមក។ក្នុងនោះ គន្លងផ្លូវរត់ម្ខាងៗ មាន២គន្លង សម្រាប់រថយន្ត និង ១គន្លង សម្រាប់ទោចក្រយាន យន្ត។ ស្ពាននេះ មានសសរសម្រាប់ព្យួរខ្សែកាបកម្ពស់ ៤០ម៉ែត្រនិងមានសសរស្ពានចំនួន ៤ ដើម មានរាងអដ្ឋកោនក្នុងនោះ ចន្លោះសសរពីមួយទៅមួយមានគម្លាតអប្បបរមា ៧២ម៉ែត្រ និងអតិបរមា ១២០ម៉ែត្រ ហើយសសរស្ពាននីមួយៗ ត្រូវខួងគ្រឹះសសរ ដែលមានអង្កត់ផ្ចិតទំហំ ២ម៉ែត្រ ជម្រៅចន្លោះពី ៣៣ម៉ែត្រ ទៅ៦២ម៉ែត្រ។ ស្ពាននេះ មានជម្រាលបណ្ដោយស្ពាន ៥ភាគ រយ និងជម្រាលទទឹងស្ពាន ២ភាគរយ ដោយកំណត់ល្បឿនយានយន្តបើកបរលើស្ពាន ៤០ គីឡូម៉ែត្រក្នុង១ម៉ោង និងមានកម្ពស់អតិបរមាអនុញ្ញាតឱ្យនាវាឆ្លងកាត់ក្រោមស្ពាន ១០.៥ម៉ែត្រ នៅរដូវវស្សា និង ២០.៥ម៉ែត្រនៅរដូវប្រាំង។
ក្រៅពីសំណង់តួស្ពាននិងផ្លូវតភ្ជាប់ក្បាល ស្ពានហើយនោះ ក៏នៅមានហេដ្ឋារចនា សម្ព័ន្ធមួយចំនួន ដែលត្រូវបំពាក់ភ្ជាប់ក្នុងគម្រោងនេះ រួមមាន ការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ, ការរៀបចំបណ្តាញលូអមសងខាងផ្លូវក្បាលស្ពាន, ការដាក់ស្លាកសញ្ញាចរាចរ និងការលាបគំនូសចរាចរក្នុងតំបន់ការដ្ឋាន។ ក្រោយការសាងសង់រួចរាល់ជាស្ថាពរ ដោយមានគោលការណ៍អនុញ្ញាតពី សម្ដេចតេជោនាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរទាំងឡាយបានប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានឫស្សីកែវឆ្លងកាត់ទន្លេសាប ចាប់តាំងពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ។ ដោយឡែក ស្ពានអាកាសឫស្សីកែវវិញ មានទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៥ ត្រង់ចំណុចប្រសព្វផ្លូវលេខ ៣៦ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ស្ពាននេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតី ភាពរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។
លោកឃួង ស្រេង បន្តថា៖ស្ពាននេះ បានប្រើរយៈពេលសាងសង់ជាង១៦ខែ។ក្នុងនោះ ក្រោយការសាងសង់រួចរាល់ជាស្ថាពរ និងមានគោលការណ៍អនុ ញ្ញាតពីសម្ដេចតេជោនាយករដ្ឋមន្ត្រី រដ្ឋ បាលរាជធានីភ្នំពេញ បានដាក់ឱ្យប្រជា ពលរដ្ឋ និងអ្នកដំណើរទាំងឡាយបានប្រើ ប្រាស់ជាបណ្ដោះអាសន្ន ចាប់តាំងពីថ្ងៃទី ១ ខែមីនាឆ្នាំ២០២៣ រហូតមកដល់ពេល នេះ។ស្ពានអាកាសឫស្សីកែវ បានចំណាយថវិកាសាងសង់អស់ចំនួន៩,៧១០,៤៧៤ ដុល្លារអាមេរិក ជាកញ្ចប់ថវិកាបានមកពីមូលនិធិអភិវឌ្ឍន៍កោះនរា របស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។ ស្ពាននេះ គឺជាស្ពានអាកាសទី៦ ដែលបានស្ថាបនារួចរាល់ ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងវិស័យឯកជន ស្របតាមអនុសាសន៍ និងចំណាត់ ការដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នោះគឺ «ការយកទីក្រុងចិញ្ចឹមទីក្រុង ឬយកស្លឹកត្នោតខ្ចប់ស្ករត្នោត»។ លោកអភិបាលបន្តទៀតថា៖ស្ពានអាកាសឫស្សីកែវ មានទទឹងទំហំ ១៥.៨ម៉ែត្រ បណ្តោយតួស្ពានប្រវែង ១៤៥ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាល ស្ពានផ្នែកខាងជើងប្រវែង ១៥៧ ម៉ែត្រ និងផ្នែកខាងត្បូងប្រវែង ១៨១ម៉ែត្រ សរុបមានប្រវែង ៤៨៣ម៉ែត្រ។
គន្លងផ្លូវរត់របស់តួស្ពាន មានទទឹង ៣.២៥ម៉ែត្រ បូក ៣.៥០ម៉ែត្រ សម្រាប់ចរាចរទ្វេទិស បែងចែកជា ២គន្លងរថយន្តទៅ និង ២ គន្លងរថយន្តមក។នៅផ្នែកខាង ក្រោមស្ពានអាកាស បានស្ថាបនាពង្រីកតួផ្លូវចំនួន ៣ខ្សែ រួមមាន ផ្លូវឯកទិស មានទិសដៅតាមបណ្តោយផ្លូវជាតិលេខ៥ ឆ្ពោះ ទៅស្ពានព្រែកព្នៅ, ផ្លូវឯកទិសមានទិសដៅតាមបណ្តោយផ្លូវជាតិលេខ៥ ឆឆ្ពោះទៅស្ពានជ្រោយចង្វា និងផ្លូវទ្វេទិសមានទិស ដៅឆ្លងកាត់ផ្លូវជាតិលេខ៥ ឆ្ពោះទៅមកស្ពានឫស្សីកែវ។ ស្ពាននេះ មានជម្រាលបណ្តោយស្ពាន ៥ភាគរយ និងជម្រាលទទឹងស្ពាន ២ភាគ រយ ដោយកំណត់ល្បឿនយានយន្តបើកបរលើស្ពាន ៤០គីឡូម៉ែត្រក្នុង១ម៉ោង និងមានកម្ពស់សុវត្ថិភាព ៥ម៉ែត្រ សម្រាប់ផ្លូវឆ្លងកាត់ផ្នែកខាងក្រោមស្ពានអាកាស។ ក្រៅពីសំណង់តួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពាន ក៏នៅមានហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលត្រូវបំពាក់ភ្ជាប់ក្នុងគម្រោងនេះ រួមមាន ការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ, ការដាក់ស្លាកសញ្ញាចរាចរ, ការលាបគំនូសចរាចរ, ការរៀបចំបណ្តាញលូររមសងខាងផ្លូវ និងការកែសម្រួលចិញ្ចើមផ្លូវក្នុងតំបន់ការដ្ឋាន។ លោកបន្ថែមថា៖ការស្ថាបនាស្ពានឫស្សីកែវឆ្លងកាត់ទន្លេ សាប ទន្ទឹមគ្នាទៅនឹងការស្ថាបនាស្ពានអាកាសឫស្សីកែវ ដោយផ្សារភ្ជាប់ទៅនឹងហេដ្ឋារចនាសម្ព័ន្ធស្ពានភ្លោះជ្រោយចង្វារ គឺជាតភ្ជាប់ប្រព័ន្ធឡូជីស្ទិករវាងផ្លូវជាតិលេខ ៥ និងផ្លូវជាតិលេខ៦ ដែលនឹងធ្វើឱ្យតំបន់នេះ ជាពិសេសតំបន់ឫស្សីកែវ និងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ កាន់តែមានសក្តានុពលក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសរួមចំណែកយ៉ាងសំខាន់ ក្នុងការ សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឆ្លងកាត់ទៅមកចេញ-ចូលរាជធានីភ្នំពេញ បញ្ចៀសការកកស្ទះរយៈ ពេលយូរ និងជាសរសៃឈាមយុទ្ធសាស្ត្រដ៏សំខាន់ ដែលនាំមកនូវកំណើនសេដ្ឋកិច្ច និងលើកកម្ពស់វិស័យទេសចរណ៍ ទាំងក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញ ក៏ដូចជាទូទាំងប្រទេសកម្ពុជា៕/R