ដោយ: ពៅនិមល / ភ្នំពេញ៖ ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា មូលនិធិគន្ធបុប្ផាកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ប្រកាសបើក យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ក្នុងគោលបំណងកៀរគរការបរិច្ចាគពីសប្បុរសជន នានា ទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ ដល់កុមារនៅកម្ពុជា។
តាមមូលនិធិគន្ធបុប្ផាកម្ពុជា បានរៀបរាប់ថា យុទ្ធនាការនេះ ត្រូវបានរៀបចំម្តងរួចមក ហើយ កាលពីខែមិថុនា ឆ្នាំ២០២២ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពី សាធារណជន និងទទួលបានថវិកាបរិច្ចាគ សរុបជាង ៣០ ម៉ឺនដុល្លារអាម៉េរិក។
ប្រភពដដែលនេះ បានបន្តថា ក្នុងឆ្នាំ២០២៣ នេះ ក៏មិនខុសពីឆ្នាំ២០២២ ដែរ មូលនិធិគន្ធបុប្ផាកម្ពុជា គ្រោងរៀបចំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ជាថ្មីម្តងទៀត ដោយសង្ឃឹមយ៉ាងមុតមាំថា សប្បុរសជន នឹងចូលរួមកាន់តែច្រើនថែមទៀត ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នាផ្ដល់ភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់ កម្ពុជា តារយៈការរក្សាឱ្យបាននូវនិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំង ៥ទីតាំង នៅព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារ ដែលត្រូវបានបង្កើត និងដាក់ឱ្យ ដំណើរការឡើងវិញ កាលពីឆ្នាំ១៩៩២ ដោយបានព្យាបាលកុមារ រាប់លាននាក់ និងចំណាយថវិកា ជាមធ្យម ៤០ លានដុល្លារអាម៉េរិក ក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការ មនុស្សធម៌ សង្គ្រោះជីវិតកុមារ នៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។
សូមបញ្ជាក់បន្ថែមទៀតថា ចំពោះសប្បុរសជន ទាំងនៅក្នុងស្រុក និងក្រៅប្រទេស ដែលមានបំណងចង់ចូលរួមក្នុងយុទ្ធនាការខាងលើនេះ សូមស្កែន KHQR CODE ដែលមានជូនដូចខាងក្រោម ដើម្បីបរិច្ចាគ។ ថវិកាបរិច្ចាគរបស់លោកអ្នក គឺពិតជាមាន តម្លៃខ្លាំងណាស់ សម្រាប់ជួយសង្គ្រោះជីវិតកុមារ នៅកម្ពុជា៕/V