ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកបានរាយការណ៍កាលពីថ្ងៃពុធថា អតីតអនុប្រធានាធិបតី ម៉ៃ ផេន (Mike Pence) គ្រោងនឹងប្រកាសបេក្ខភាពសេតវិមានឆ្នាំ ២០២៤ របស់គាត់នៅសប្តាហ៍ក្រោយ ដោយប្រជែងនឹងលោក ដូណាល់ ត្រាំ សម្រាប់ការតែងតាំងពីគណបក្សសាធារណរដ្ឋ។
ទូរទស្សន៍ NBC News និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបាននិយាយថា លោកផេនអាយុ ៦៣ ឆ្នាំនឹងចាប់ផ្តើមយុទ្ធនាការប្រធានាធិបតីរបស់គាត់នៅថ្ងៃទី ៧ខែមិថុនាជាមួយនឹងសុន្ទរកថានៅក្នុងរដ្ឋអាយអូវ៉ា (Iowa)ជារដ្ឋនៅភាគកណ្តាល ដែលជាធម្មតាចាប់ផ្តើមរដូវកាលបោះឆ្នោតមុនគេ។
លោកត្រាំអាយុ ៧៦ឆ្នាំបានប្រកាសកាលពីខែវិច្ឆិកាថាគាត់កំពុងប្រឹងប្រែងជាលើកទីបីសម្រាប់តំណែងនៅសេតវិមាននិងជាអ្នកនាំមុខគេយ៉ាងច្បាស់នៅក្នុងការប្រជែងដ៏ចង្អៀតដើម្បីស្វែងរកការតែងតាំងជាបេក្ខជនប្រធានាធិបតីពីបក្សសាធារណរដ្ឋ។
អភិបាលរដ្ឋផ្លរីដា លោក រ៉ុន ដេសាន់ទីស (Ron DeSantis)អាយុ ៤៤ ឆ្នាំបានចូលរួមក្នុងការប្រជែងនេះដែរកាលពីសប្តាហ៍មុនហើយសមាជិកគណបក្សសាធារណរដ្ឋដែលមានកេរ្តិ៍ឈ្មោះល្បីម្នាក់ទៀតគឺអតីតអភិបាលរដ្ឋញូវជើស៊ី (New Jersey) លោក គ្រីស គ្រីស្ទី (Chris Christie) អាយុ ៦០ ឆ្នាំត្រូវគេរំពឹងថានឹងចូលរួមក្នុងការប្រណាំងប្រជែងនៅសប្តាហ៍ក្រោយ។
លោកស្រី នីកគី ហាលី (Nikki Haley) អាយុ ៥១ ឆ្នាំជាអតីតអភិបាលរដ្ឋសៅខារ៉ូលីណា (South Carolina)និងជាឯកអគ្គរដ្ឋទូតទីមួយរបស់លោកត្រាំប្រចាំអង្គការសហប្រជាជាតិក៏កំពុងចង់ក្លាយជាបេក្ខជនតែងតាំងពីបក្សសាធារណរដ្ឋផងដែរ រួមជាមួយនឹងព្រឹទ្ធសមាជិករដ្ឋសៅខារ៉ូលីណា លោក ធីម ស្កុត (Tim Scott)ដែលកំពុងប្រជែងគ្នាដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីស្បែកខ្មៅដំបូងគេរបស់គណបក្សសាធារណរដ្ឋ៕
លោកផេននឹងប្រកាសបេក្ខភាពសេតវិមានឆ្នាំ ២០២៤ របស់គាត់នៅសប្តាហ៍ក្រោយ