ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីនឹងពន្យារកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប(EU)នៅពេលប្រទេសទាំងពីរស្វះស្វែងរកការប្រព្រឹត្តត្រឹមត្រូវសំរាប់ក្រុមហ៊ុនផលិតប្រេងឆាផលិតពីដូងប្រេងខ្នាតតូចៗរបស់ខ្លួន នេះបើតាមការផ្សាយរបស់សារព័ត៌មានFinancial Timesកាលពីថ្ងៃពុធ។
ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ហ្វាឌីលឡា យូសូហ្វ(Fadillah Yusof)បាននិយាយថា ច្បាប់EUដែលទើបអនុម័តកាលពីពេលថ្មីៗហាមការនាំចូលប្រេងឆារបស់ក្រុមហ៊ុនណាដែលកាប់រានព្រៃដើម្បីដាំដូងប្រេង។លោកថាច្បាប់នេះជា«ការប្រព្រឹត្តបែបដាក់ទោសនិងមិនយុត្តិធម៌ចំពោះយើងនិងក្រុមហ៊ុនតូចៗ»។
ចំណែករដ្ឋមន្ត្រីឥណ្ឌូនេស៊ីសំរាប់កិច្ចការសេដ្ឋកិច្ចលោកអ៊ែរឡាងហ្កា ហាតារ៉ូ( Airlangga Hartarto)បាននិយាយថា «ច្បាប់នេះគាំពារក្រុមហ៊ុនសារជីវកម្មធំៗ ឬក្រុមហ៊ុនពហុជាតិ»។
មុននេះកាលពីខែមុន ឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីបានបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់EUដើម្បីបង្ហាញការព្រួយបារម្ភអំពីច្បាប់ប្រឆាំងការកាប់បំផ្លាញព្រៃឈើ ដែលប្រទេសទាំងពីរជឿថាអាចកំហិតអាជីវកម្មរបស់ក្រុមហ៊ុនប្រេងដូងតូចៗ។
សូមបញ្ជាក់ថា ប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរជាអ្នកផលិតប្រេងឆាមកពីគ្រាប់ដូងប្រេងធំបំផុតក្នុងលោក និងតំណាងអោយប្រមាណ៨៥ភាគរយនៃការនាំចេញប្រេងឆាប្រភេទនេះនៅទូទាំងសកលលោក។
សហភាពអឺរ៉ុប ជាទីផ្សារធំបំផុតទីបីរបស់ប្រទេសទាំងពីរ។
ច្បាប់ប្រឆាំងការកាប់បំផ្លាញព្រៃឈើរបស់EUក៏នឹងហាមឃាត់ការនាំចូលកាហ្វេ សាច់គោ សណ្តែកសៀងនិងផលិតផលវត្ថុធាតុដើមដទៃទៀត បើសិនជាក្រុមហ៊ុននាំចូលទាំងនោះមិនបង្ហាញឯកសារបញ្ជាក់ថា ផលិតផលរបស់គេត្រូវបានដាំដុះលើដីដែលបានកាប់រានមុនឆ្នាំ២០២០ទេ៕
ឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីជាអ្នកផលិតប្រេងឆាមកពីគ្រាប់ដូងប្រេងធំបំផុតក្នុងលោក និងតំណាងអោយប្រមាណ៨៥ភាគរយនៃការនាំចេញប្រេងឆាប្រភេទនេះនៅទូទាំងសកលលោក