ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អង្គការណាសាបានបើកកិច្ចប្រជុំជាសាធារណៈលើកដំបូងរបស់ខ្លួនអំពី UFO កាលពីថ្ងៃពុធពោលគឺមួយឆ្នាំគត់បន្ទាប់ពីចាប់ផ្តើមការសិក្សាទៅលើការពើបប្រទះដែលមិនអាចពន្យល់បាន និងបានទទូចថាខ្លួនមិនបានលាក់បាំងអ្វីទាំងអស់។
ទីភ្នាក់ងារអវកាសនេះបានផ្សាយតាមកញ្ចក់ទូរទស្សន៍នូវសវនាការរយៈពេលបួនម៉ោងនេះ ដែលមានក្រុមប្រឹក្សាអ្នកជំនាញឯករាជ្យមួយ ដែលប្តេជ្ញាថានឹងឱ្យមានតម្លាភាព។ក្រុមនេះរួមមានអ្នកវិទ្យាសាស្ត្រ ១៦ នាក់ និងអ្នកជំនាញផ្សេងទៀត ដែលត្រូវបានជ្រើសរើសដោយណាសា រួមទាំងអវកាសយានិកចូលនិវត្តន៍ លោក ស្កុត ឃែលលី (Scott Kelly)ជាជនជាតិអាម៉េរិកដំបូងគេដែលបានចំណាយពេលជិតមួយឆ្នាំនៅក្នុងលំហ។
លោក ដាន់ អ៊ីវ៉ាន់ (Dan Evans) នៃអង្គការណាសា បាននិយាយបន្ទាប់ពីកិច្ចប្រជុំថា “ខ្ញុំចង់បញ្ជាក់ឱ្យខ្លាំងៗនិងដោយមោទនភាពថាមិនមានភស្តុតាងគួរឱ្យជឿជាក់សម្រាប់ជីវិតក្រៅភពដែលទាក់ទងនឹងវត្ថុមិនស្គាល់អត្តសញ្ញាណទាំងនោះទេ”។
ទោះជាយ៉ាងនេះក្តី សំណួររាប់រយពីសាធារណជន ដែលផ្ទុះឡើងនៅមុនការប្រជុំនេះគឺមានលក្ខណៈសង្ស័យ និងផ្តោតច្រើនទៅលើទ្រឹស្ដីសមគំនិតផ្សេងៗ។
ណាសាបានចាប់ផ្តើមការសិក្សាដើម្បីស៊ើបអង្កេតនូវអ្វីដែលខ្លួនហៅថា UAPs ជាពាក្យកាត់សម្រាប់បាតុភូតមិនធម្មតាដែលមិនអាចពន្យល់បាន នៅលើមេឃ ក្នុងលំហ ឬ នៅក្រោមសមុទ្រ។
លោកឃែលលី អតីតអ្នកបើកបរយន្តហោះចម្បាំងរបស់កងទ័ពជើងទឹក បាននិយាយថា ការបំភ័ន្តអុបទិកអាចពន្យល់បានខ្លះអំពីរឿងនេះ។ លោកបានរំលឹកអំពីការបើកយន្តហោះ Tomcat ចេញពីឆ្នេររដ្ឋវើជីនៀកាលពីឆ្នាំមុន ដែលក្នុងអំឡុងពេលនោះមន្ត្រីកាន់ខាងរ៉ាដារបស់គាត់នៅកៅអីក្រោយជឿថា ពួកគេបានហោះកាត់ UFO ។
លោកឃែលលីបាននិយាយថា “ចុងក្រោយវាគ្រាន់តែជាបាឡុងឈ្មោះ Bart Simpson។ ហើយតាមបទពិសោធន៍របស់ខ្ញុំ ឧបករណ៍ចាប់សញ្ញាគឺមានបញ្ហាដូចគ្នាទៅនឹងកែវភ្នែករបស់មនុស្សយើងដែរ”។
លោកអ៊ីវ៉ាន់បានចង្អុលបង្ហាញថា ការផ្សាយបន្តផ្ទាល់នៃកិច្ចប្រជុំនេះបាននាំឱ្យមានការសើចចម្អកច្រើនសន្ធឹកសន្ធាប់។ រឿងនេះកើតឡើងចេញពី “ការប្រមាថតាមអនឡាញ” សំដៅទៅលើសមាជិកគណៈកម្មាធិការមួយចំនួន។
លោកអ៊ីវ៉ាន់បាននិយាយថា ការយាយីបានបង្អាក់ដំណើរការវិទ្យាសាស្ត្រនិងពង្រឹងការមាក់ងាយជុំវិញប្រធានបទនេះ ដោយបន្ថែមថា សន្តិសុខរបស់ណាសាកំពុងដោះស្រាយរឿងនេះហើយ។
លោកបានបន្តថា “វាច្បាស់ណាស់ថានេះជាវិធីសាស្ត្រផ្អែកលើភស្តុតាងដ៏តឹងរ៉ឹង ដែលអនុញ្ញាតឱ្យគេញែកដាច់ការពិតពីរឿងប្រឌិត”។
ក្រុមនេះកំពុងសម្លឹងមើលថាតើព័ត៌មានសម្ងាត់ប្រភេទណាអាចរកបានលើប្រធានបទនេះ និងថាតើត្រូវការប៉ុន្មានបន្ថែមទៀតដើម្បីយល់ពីអ្វីដែលកំពុងកើតឡើងនៅលើមេឃ នេះបើយោងតាមអ្នកវិទ្យាសាស្ត្រតារាវិទូលោក ដេវីដ ស្ពើហ្គែល (David Spergel) ជាប្រធានគណៈកម្មាធិការដែលគ្រប់គ្រងមូលនិធិ Simons ។
គ្មានទិន្នន័យយោធាសម្ងាត់ណាមួយត្រូវបានរួមបញ្ចូលនោះទេ ដូចជាអ្វីដែលបានកើតឡើងជុំវិញបាឡុងចារកម្មសង្ស័យពីចិន ដែលគេប្រទះឃើញហោះលើទឹកដីអាម៉េរិកកាលពីដើមឆ្នាំនេះ។
កិច្ចប្រជុំនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់អង្គការណាសាក្នុងទីក្រុងវ៉ាស៊ីនតោន ដោយសាធារណជនចូលរួមតាមអនឡាញ។
របាយការណ៍ចុងក្រោយរំពឹងចេញនៅចុងខែកក្កដា៕
អង្គការណាសាបានបើកកិច្ចប្រជុំជាសាធារណៈលើកដំបូងរបស់ខ្លួនអំពី UFO កាលពីថ្ងៃពុធ