ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃពុធថាបេសកជនពិសេសអ.ស.បសម្រាប់មីយ៉ាន់ម៉ានឹងចុះចេញពីតំណែងក្នុងខែមិថុនានេះ បន្ទាប់ពីកាន់តំណែងនេះបាន១៨ ខែ ដែលក្នុងនោះលោកស្រីត្រូវបានរិះគន់ដោយរបបយោធានិងគូប្រជែងរបស់យោធា។
មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានដណ្តើមអំណាចក្នុងខែកុម្ភៈ ឆ្នាំ ២០២១ដោយបញ្ចប់ដំណើរការលទ្ធិប្រជាធិបតេយ្យនិងបង្កឱ្យមានការប៉ះទង្គិចរវាងកងកម្លាំងរបស់អាជ្ញាធរជាមួយក្រុមឧទ្ទាមជនជាតិភាគតិចនិងក្រុមអ្នកប្រយុទ្ធនានាដែលប្រឆាំងនឹងរដ្ឋប្រហារ។
កិច្ចខិតខំប្រឹងប្រែងការទូត ដែលដឹកនាំដោយអ.ស.បនិងប្លុកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីដោះស្រាយវិបត្តិនេះ រហូតមកទល់ពេលនេះ គឺបរាជ័យមិនអាចទប់ស្កាត់ការបង្ហូរឈាម ដែលបង្កឡើងដោយរដ្ឋប្រហារបានទេ។
លោក ស្តេហ្វេន ឌួចារិក (Stephane Dujarric)បាននិយាយថា លោកស្រី ណូលីន ហេយើ (Noeleen Heyzer) ដែលត្រូវបានតែងតាំងជាបេសកជនដោយអគ្គលេខាធិការអ.ស.បលោក អង់តូនីញ៉ូ គូថេរ៉េស ក្នុងខែតុលា ឆ្នាំ ២០២១ “នឹងបញ្ចប់ការចាត់តាំងរបស់លោកស្រីនៅថ្ងៃទី ១២ ខែមិថុនា” នៅពេលដែលកិច្ចសន្យារបស់លោកស្រីបានបញ្ចប់។
អ្នកនាំពាក្យរូបនេះបាននិយាយថា “សូមថ្លែងអំណរគុណចំពោះលោកស្រីហេយើសម្រាប់កិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់លោកស្រីក្នុងនាមសន្តិភាពនិងប្រជាជនមីយ៉ាន់ម៉ា” ដោយបន្ថែមថា បេសកជនថ្មីនឹងត្រូវតែងតាំង។
លោកស្រីហេយើ ជាអ្នកសង្គមវិទូជនជាតិសិង្ហបុរី មានភារកិច្ចជំរុញឱ្យរបបយោធាមីយ៉ាន់ម៉ាចូលរួមក្នុងកិច្ចសន្ទនានយោបាយជាមួយគូប្រជែងរបស់ខ្លួននិងបញ្ចប់ការបង្ក្រាបដ៏បង្ហូរឈាមដែលខ្លួនបានចាប់ផ្តើមបន្ទាប់ពីការផ្តួលរំលំរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី។
លោកស្រីបានបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះកាលពីខែសីហាឆ្នាំមុន ហើយបានជួបជាមួយប្រមុខរបបយោធាលោក មីន អ៊ុងហ្លាំងនិងមន្ត្រីយោធាកំពូលផ្សេងទៀតក្នុងចំណាត់ការមួយដែលត្រូវបានរិះគន់ដោយក្រុមសិទ្ធិមនុស្សថាជាការផ្តល់ភាពស្របច្បាប់ដល់ឧត្តមសេនីយ៍។
ប៉ុន្តែលោកស្រីត្រូវបានបដិសេធមិនឱ្យជួបជាមួយមេដឹកនាំលទ្ធិប្រជាធិបតេយ្យដែលកំពុងជាប់ឃុំ លោកស្រី អ៊ុងសាន ស៊ូជី នោះទេ ហើយក្រោយមកបានធ្វើឱ្យក្រុមមន្ត្រីរបបយោធាខឹងសម្បាដែលបានចោទលោកស្រីថាចេញ “សេចក្តីថ្លែងការណ៍តែម្ខាង” ពីអ្វីដែលបានពិភាក្សា។
ក្រោយមកលោកស្រីបានប្តេជ្ញាថានឹងមិនធ្វើដំណើរទៅប្រទេសនេះម្តងទៀតទេ លុះត្រាតែលោកស្រីត្រូវបានអនុញ្ញាតឱ្យជួបលោកស្រីស៊ូជី ដែលចាប់តាំងពីនោះមកត្រូវបានតុលាការរបបយោធាកាត់ទោសឱ្យជាប់ពន្ធនាគារសរុប ៣៣ ឆ្នាំ៕
លោកស្រីហេយើនឹងបញ្ចប់តួនាទីរបស់លោកស្រីនៅថ្ងៃទី១២ខែមិថុនា