ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹង ស្តីពីរដូវបិទនេសាទដែនទឹកសាប ឆ្នាំ២០២៣ តាមរយៈលិខិតលេខ ១០៧៤ជផ សម្រាប់តំបន់ខាងជើង ចតុមុខ ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា និងតំបន់ខាងត្បូងចតុមុខ ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣១ តុលា ។

នៅក្នុងសេចក្តីជូនដំណឹង ដែលចុះហត្ថលេខា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដោយលោក ពុំ ស៊ីថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាល ជលផល បានសរសេរថាៈ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែន នេសាទទឹកសាប ដែលរួមមាន ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខ្សែ ស្របចតុមុខ ។

ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និងមួយផ្នែកនៃរាជធានី ភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូង ខ្សែស្របចតុមុខ។

សេចក្តីជូនដំណឹង បានបញ្ជាក់ថាៈ នៅក្នុងរដូវបិទនេសាទនេះ អ្នកនេសាទទាំងអស់ ត្រូវប្រើប្រាស់តែឧបករណ៍នេសាទគ្រួសារ ដែលមានចែង ក្នុងប្រកាសលេខ ៤៥៨ ចុះ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២។

នៅក្នុងសេចក្តីជូនដំណឹង បានអំពាវនាវដល់ សាធារណជន និងអ្នកនេសាទទាំងអស់ ចូលរួមសហការអនុវត្ត តាមសេចក្តីជូនដំណឹងនេះ ជាពិសេសអនុវត្តតាមអនុសាសន៍ ទាំង ៧ ចំណុចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន ដើម្បីថែរក្សាការពារធនធានជលផល ឱ្យបានគង់វង្ស សម្រាប់កូនចៅ ជំនាន់ក្រោយៗទៀត៕ V / N