ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បាននិយាយកាលពីថ្ងៃពុធថា លោកកំពុងទាក់ទងជាមួយអាជ្ញាធរនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា ក៏ដូចជាសមាជិកនៃក្រុមតស៊ូប្រដាប់អាវុធ បន្ទាប់ពីដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសនេះកាលពីខែមេសាហើយបានអំពាវនាវឱ្យមានសម្ពាធការទូតបន្ថែមទៀតលើពួកឧត្តមសេនីយ៍ដែលកំពុងកាន់អំណាចដើម្បីបញ្ចប់អំពើហិង្សា។
លោកបានមិនបានបញ្ជាក់ពីចរិតលក្ខណៈនៃការធ្វើទំនាក់ទំនងទាំងនោះទេហើយបានបដិសេធមិនបង្ហាញព័ត៌មានលម្អិតនៃការសន្ទនារបស់គាត់ជាមួយមេដឹកនាំយោធាក្នុងអំឡុងកិច្ចប្រជុំខែមេសារបស់លោកជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាទេ។ លោកនិយាយរឿងនេះនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងសេអ៊ូល រួមជាមួយសមាជិកដទៃទៀតនៃក្រុមព្រឹទ្ធាចារ្យ The Elders ជាក្រុមរដ្ឋបុរសជាន់ខ្ពស់ដែលចូលរួមក្នុងការបង្កើតសន្តិភាពនិងគំនិតផ្តួចផ្តើមសិទ្ធិមនុស្សនៅជុំវិញពិភពលោក។
លោកបាន និយាយថា “ខ្ញុំកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយមនុស្សទាំងអស់ដើម្បីប្រឹងប្រែងឱ្យបានខ្លាំងតាមដែលយើងអាចធ្វើបាន ដើម្បីជួយពួកគេធ្វើឱ្យមីយ៉ាន់ម៉ាមានប្រជាធិបតេយ្យ”។
លោកបាននិយាយថា លោកនៅតែទាក់ទងជាមួយអាជ្ញាធរមីយ៉ាន់ម៉ា ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលកាន់តំណែងប្រធានប្តូរវេននៃអាស៊ានដែលមាន១០សមាជិក និងរដ្ឋាភិបាលរួបរួមជាតិរបស់មីយ៉ាន់ម៉ា ដែលកំពុងដឹកនាំរដ្ឋបាលស៊ីវិលលាក់ខ្លួនមួយ បន្ទាប់ពីការកាន់កាប់អំណាចដោយយោធាក្នុងឆ្នាំ ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី។
នៅក្នុងជំនួបរបស់គាត់ជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងហ្លាំង និងមន្ត្រីកំពូលផ្សេងទៀតលោកបានបានជំរុញឱ្យពួកគេផ្តួចផ្តើមគំនិតក្នុងការដោះស្រាយវិបត្តិនយោបាយដ៏ហិង្សារបស់ប្រទេស និងដោះលែងអ្នកជាប់ឃុំនយោបាយ។ លោកក៏បានអំពាវនាវឱ្យមេដឹកនាំយោធាអនុវត្តផែនការសន្តិភាពដែលស្នើឡើងដោយអាស៊ាននិងសេចក្តីសម្រេចចិត្តដាច់ដោយឡែករបស់អ.ស.ប ដើម្បីបញ្ឈប់អំពើហិង្សារវាងយោធានិងកងកម្លាំងតស៊ូ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យផងដែរ។
ដំណើរទស្សនកិច្ចរបស់លោកបានធ្វើឡើងតាមការអញ្ជើញរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ លោកនៅតែមិននិយាយអំពីអ្វីដែលមេដឹកនាំយោធាបាននិយាយទៅកាន់លោកក្នុងពេលប្រជុំ។រដ្ឋាភិបាលយោធាបានច្រានចោលការអំពាវនាវពីខាងក្រៅឱ្យមានការចរចា ដោយចាត់ទុកវាថាជាការរំលោភលើអធិបតេយ្យភាពរបស់មីយ៉ាន់ម៉ា ហើយបានចាត់ទុកក្រុមប្រឆាំងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យជាភេរវករដែលត្រូវកំទេចនិងផាត់ចេញពីការបោះឆ្នោត៕
លោក បាន គីមូន (ឆ្វេង)ជួបលោកមីន អ៊ុងហ្លាំង កាលពីខែមេសា