ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក អេឡុន ម៉ាស បាននិយាយវាយតម្លៃខ្ពស់អំពីកម្មវិធីអវកាសរបស់ចិន ក្រោមសារបង្ហោះលើ Twitter កាលពីថ្ងៃចន្ទ ដោយនិយាយថា វាមានភាពទំនើបជាងមនុស្សភាគច្រើនបានជ្រាបទៅទៀត។
ចៅហ្វាយ Twitter រូបនេះបានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពី Tweet របស់លោក គ្រីស ហាដហ្វៀល (Chris Hadfield) ជាអវកាសយានិកកាណាដាចូលនិវត្តន៍ បានផ្សាយឡើងវិញនូវរបាយការណ៍របស់សារព័ត៌មានចិន CGTN ដោយស្រង់សម្តីលោក វូ វៃរិន (Wu Weiren) ប្រធានអ្នករចនាកម្មវិធីរុករកឋានព្រះចន្ទរបស់ចិន។
លោកវូបាននិយាយថា “នៅឆ្នាំ ២០៣០ ប្រជាជនចិនប្រាកដជាអាចដើរលើឋានព្រះចន្ទបាន។ នោះមិនមែនជាបញ្ហាទេ”។
រដ្ឋបាលអវកាសជាតិចិនបានប្រកាសផែនការដើម្បីចាប់ផ្តើមដំណាក់កាលទី៤នៃកម្មវិធីស៊ើបអង្កេតឋានព្រះចន្ទរបស់ខ្លួនក្នុងឆ្នាំ ២០២២ រួមទាំងការបាញ់បង្ហោះយានបេសកកម្មចំនួន៣ ដែលមានឈ្មោះថា Chang’e-6, Chang’e-7 និង Chang’e-8 ព្រមទាំងការសាងសង់ស្ថានីយស្រាវជ្រាវព្រះចន្ទអន្តរជាតិមួយនៅលើព្រះចន្ទ។
ប្រធានអ្នករចនារូបនេះ ក៏និយាយផងដែរថា ចិនស្វាគមន៍ប្រទេសទាំងអស់និងស្ថាប័នអន្តរជាតិក្នុងការសហការលើការសាងសង់ស្ថានីយស្រាវជ្រាវព្រះចន្ទ។
លោកវូបាននិយាយថា “ស្ថានីយស្រាវជ្រាវព្រះចន្ទអន្តរជាតិ ដែលសាងសង់ដោយចិន បានបើកហើយ”។
លោក លីន ស៊ីឈាង (Lin Xiqiang) នាយករងនៃទីភ្នាក់ងារអវកាសមានមនុស្សរបស់ចិន បានបញ្ជាក់ជាថ្មីអំពីផែនការកាលពីថ្ងៃចន្ទក្នុងសន្និសីទមួយដោយថ្លែងពីការបាញ់បង្ហោះយានអវកាសមានមនុស្ស Shenzhou-16 ដោយបន្ថែមថា ចិនបានផ្តួចផ្តើមដំណាក់កាលចុះចតលើឋានព្រះចន្ទនៃកម្មវិធីរុករកព្រះចន្ទរបស់ខ្លួននាពេលថ្មីៗនេះ៕
លោកម៉ាសថាកម្មវិធីអវកាសចិនទំនើបជាងការគិត