ដោយៈ ប.ខុន / ភ្នំពេញៈ អាងទឹកភាស ស្ថិតក្នុងភូមិសាស្ត្រ ស្រុកឯកភ្នំ និងស្រុកថ្មគោល ខេត្តបាត់ដំបង ដែលរងការខូចខាត ដោយសារទឹកជំនន់ នៅក្នុងឆ្នាំ២០២០ កំពុងត្រូវបានជួសជុលឡើងវិញ គម្រោងគ្រប់គ្រងទឹក និងការផ្លាស់ប្តូរកសិកម្ម នៅកម្ពុជា WAT4CAM សម្រេចបានលទ្ធផល ប្រមាណជា ៧៥ ភាគរយ ហើយ គ្រោងបញ្ចប់ការសាងសង់ នៅក្នុងខែកញ្ញា ខាងមុខ។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារ គម្រោងគ្រប់គ្រងទឹក និងការផ្លាស់ប្តូរកសិកម្ម នៅកម្ពុជា (WAT4CAM) កាលពីថ្ងៃទី៣១ ខែឧសភា បានដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋានជួសជុល និងស្តារឡើងវិញ អនុគម្រោងអាងទឹកភាស ស្ថិតក្នុងភូមិសាស្រ្ត ស្រុកឯកភ្នំ និងស្រុកថ្មគោល ខេត្តបាត់ដំបង ។ ទំនប់អាងទឹកភាស ទទួលរងនូវការខូចខាត ដោយសារទឹកជំនន់ កាលពីឆ្នាំ២០២០ កន្លងទៅ។
លោករដ្ឋលេខាធិការ បានឱ្យដឹងទៀតថាៈ ដើម្បីរក្សាទឹកទុក និងស្តុកទឹកក្នុងអាងឡើង វិញ សម្រាប់ការប្រើប្រាស់ ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារសហការជាមួយ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងដោយមានការគាំទ្រ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការជួសជុលឡើងវិញជាបន្ទាន់ ដោយមកដល់ពេលនេះ (៣១ឧសភា) ការងារជួសជុល និងសាងសង់ អនុវត្តសម្រេច បានលទ្ធផលប្រមាណ ៧៥ ភាគរយ ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់ ជាស្ថាពរនៅខែកញ្ញា ខាងមុខនេះ៕ V / N