​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់ Apple Inc គឺ Foxconn បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា កម្មវិធី​បញ្ញា​សិប្ប​និមិត្ត (AI)​នឹង​ជំរុញ​យ៉ាងខ្លាំង​ដល់​តម្រូវ​​ការ​សម្រាប់​អាជីវកម្ម​សឺ​វើ (Server)​របស់​ខ្លួន​នៅ​ឆ្នាំនេះ ប៉ុន្តែ​បាន​រំលឹក​ឡើងវិញ​ថា ឆ្នាំ ២០២៣ ជា​រួម​នឹង​មាន​សភាព​ទ្រឹង​សម្រាប់​ក្រុមហ៊ុន​ដោយសារតែ​បញ្ហា​សេដ្ឋកិច្ច​ពិភពលោក​។​

​ប្រធាន​ក្រុមហ៊ុន Foxconn លោក លីវ យ៉ុង​វ៉េ (Liu Young-way) បាន​ប្រាប់​កិច្ចប្រជុំ​ម្ចាស់​ភាគហ៊ុន​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​ថា ក្រុមហ៊ុន​នៅតែ​ប្រុងប្រយ័ត្ន​ក្នុង​ឆ្នាំនេះ​ដោយសារតែ​ការ​រឹតបន្តឹង​​គោលនយោបាយ​រូបិយវត្ថុ ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ និង​ភាព​មិន​ច្បាស់លាស់​អំពី​អតិផរណា ប៉ុន្តែ​សឺ​វើ​គឺជា​ចំណុច​ល្អ​ប្រសើរ​ជាងគេ ដោយសារតែ​ការចាប់អារម្មណ៍​កើនឡើង​ចំពោះ AI ។​

​លោក​បាន​និយាយថា “​មនុស្ស​កាន់តែ​ច្រើន​ឡើង​កំពុង​ប្រើ ChatGPT​។ អ្នក​អាច​មើលឃើញ​ទីផ្សារ​សម្រាប់​សឺ​វើ AI នឹង​កើនឡើង​លឿន​ជាង​ការរំពឹង​ទុក​។​យើង​រំពឹងថា​ក្នុង​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ​នេះ​អាច​​នឹង​មាន​ការកើនឡើង​បី​ខ្ទង់​”​។​

​លោក​លីវ​បាន​បន្ថែមថា ក្រុមហ៊ុន​តៃវ៉ាន់​មាន​ចំណែក​ទីផ្សារ​សកល ៤០ ភាគរយ​សម្រាប់​សឺ​វើ ហើយ​មាន​បំណង​បង្កើន​បន្ថែមទៀត​។​

​នៅក្នុង​ត្រីមាស​ទីមួយ ផ្នែក​ផលិតផល​ក្លោដ (Cloud)​និង​បណ្តាញ​ណេ​តវើក (Newtwork) របស់ Foxconn ដែល​រួម​ទាំង​សឺ​វើ មាន​ចំនួន ២២ ភាគរយ​នៃ​ប្រាក់​ចំណូល​ដែល​ស្ថិតនៅ​លំដាប់​ទី​ពីរ​​បន្ទាប់​ពី​គ្រឿង​អេឡិចត្រូនិក​ឆ្លាត​វៃ ដែល​រួមមាន​ស្មា​ត​ហ្វូន ៥៦ ភាគរយ​។​

Foxconn ក្នុង​ខែ​នេះ​បាន​ប្រកាស​ពី​ការធ្លាក់ចុះ ៥៦ ភាគរយ​នៅក្នុង​ប្រាក់ចំណេញ​សុទ្ធ​នៅ​ត្រីមាស​ទីមួយ ដោយ​ទាប​ជាង​ការព្យាករណ៍​ប្រចាំត្រីមាស​របស់ខ្លួន​ក្នុង​រយៈពេល​បី​ឆ្នាំ​មកនេះ ហើយ​និយាយ​ថា ការប្រមើលមើល​សម្រាប់​មួយ​ឆ្នាំ​ពេញ​គឺ “​មាន​កម្រិត​”៕

បុគ្គលិក Foxconn ឈរ​ក្បែរ​រថយន្ត​អគ្គិសនី EV Model V ក្នុងអំឡុង​កិច្ចប្រជុំ​ម្ចាស់​ភាគហ៊ុន​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​កាលពី​ថ្ងៃ​ពុធ