ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ថ្លៃប្រេងឆៅបានកើនឡើងបន្តិចកាលពីថ្ងៃព្រហស្បតិ៍ទី១មិថុនា នៅពេលមានសញ្ញាអំពីការផ្អាកការដំឡើងអត្រាកាប្រាក់នៅអាម៉េរិកនិងពង្រាងច្បាប់ស្តីពីពិដានបំណុលរបស់រដ្ឋាភិបាលនឹងឆ្លងផុតសភា ដែលនាំអោយមានសុទិដ្ឋិនិយមជាថ្មីអំពីតំរូវការឥន្ធនៈកាន់តែច្រើនឡើងនៅក្នុងប្រទេសប្រើប្រាស់ប្រេងធំបំផុតក្នុងលោកមួយនេះ។
ប្រេងម៉ាកBrentសំរាប់ប្រគល់នៅខែសីហាបានកើនឡើង៥៥សេន ដល់តំលៃ៧៣,១៥ដុល្លារក្នុងមួយបារ៉ែល នៅពេលប្រេងម៉ាកWTIនៅផ្សារអាម៉េរិកឡើង៤៦សេន ដល់៦៨,៥៥ដុល្លារក្នុងមួយបារ៉ែល។
មន្ត្រីធនាគារកណ្តាលFederal Reserveរបស់អាម៉េរិកកាលពីថ្ងៃពុធបានចង្អុលបង្ហាញ អំពីការផ្អាកការដំឡើងអត្រាការប្រាក់នៅក្នុងខែមិថុនា ដែលខុសពីការរំពឹងទុករបស់ទីផ្សារថានឹងមានការដំឡើងអត្រាការប្រាក់ក្នុងពេលឆាប់ៗ ដែលអាចពន្យឺតកំណើនសេដ្ឋកិច្ចនិងបន្ថយតំរូវការប្រេង។
ក្នុងពេលជាមួយគ្នា សភាជាន់ទាបអាម៉េរិកបានអនុម័តពង្រាងច្បាប់ស្តីពីព្រំដែនកំចីរបស់រដ្ឋាភិបាល ដែលវាកាន់តែកាត់បន្ថយឳកាសដែលរដ្ឋាភិបាលមិនមានលទ្ធភាពសងបំណុល។
សូមបញ្ជាក់ថា ប្រេងម៉ាកទាំងពីរបានធ្លាក់ចុះខ្លាំងគឺជាង៦ភាគរយចាប់តាំងពីសប្តាហ៍មុនមកដល់ថ្ងៃពុធទី៣១ឧសភា។
តំរូវការប្រេងចេញពីប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីរនិងអ្នកនាំចូលប្រេងធំបំផុតទីមួយ គឺចិនហាក់បង្ហាញសញ្ញាចំរុះនៅសប្តាហ៍នេះ ដោយទិន្នន័យផ្លូវការកាលពីថ្ងៃពុធបានបង្ហាញសកម្មភាពឧស្សាហកម្មចិនថយចុះនៅខែឧសភា ហើយវិស័យសេវាកើនឡើងក្នុងល្បឿនយឺត។ទោះជាយ៉ាងណា សន្ទស្សន៍ឧស្សាហកម្ម (PMI)ចិនចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថាវាកើនដល់ចំណុច៥០,៩។
ស្តុកប្រេងឆៅអាម៉េរិកក៏កើនប្រមាណ៥,២លានបារ៉ែលនិងប្រេងសាំងកើន១,៩លានបារ៉ែលកាលពីសប្តាហ៍មុន ៕