ប្រែសម្រួល : កញ្ញាដាលីស (អេស៊ាវ័ន) ៖ ក្រុមអ្នកវិទ្យាសាស្ត្របានពង្រីកការស្វែងរកអរិយធម៌ក្រៅភពដែលជឿនលឿនតាមបច្ចេកវិជ្ជាដោយតាមដានតំបន់ដែលមានផ្កាយច្រើនរហូតដល់ស្នូលនៃកាឡាក់ស៊ីរបស់យើងសម្រាប់ប្រភេទសញ្ញាដែលអាចផលិតដោយមនុស្សភពក្រៅដ៏ឆ្លាតវៃ ដែលរហូតមកទល់ពេលនេះ មិនត្រូវបានអើពើទេ។
កិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកសញ្ញាបច្ចេកវិជ្ជាភពក្រៅកាលពីមុនគឺផ្តោតលើប្រភេទរលកសញ្ញាតូចចង្អៀតដែលប្រមូលផ្តុំនៅក្នុងជួរប្រេកង់មានដែនកំណត់មួយឬនៅលើសញ្ញាខុសប្រក្រតីណាមួយប៉ុណ្ណោះ។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយកាលពីថ្ងៃពុធថា គំនិតផ្តួចផ្តើមថ្មីនេះគឺផ្តោតលើប្រភេទសញ្ញាផ្សេងគ្នាដែលប្រហែលជាអាចអនុញ្ញាតឱ្យអរិយធម៌ជឿនលឿនប្រាស្រ័យទាក់ទងគ្នាឆ្លងកាត់រយៈចម្ងាយឆ្ងាយៗពីចន្លោះផ្កាយទាំងនោះ។
រលកសញ្ញាធំទូលាយទាំងនេះ ដែលអ្នកវិទ្យាសាស្ត្រកំពុងត្រួតពិនិត្យតាមដាននេះ គឺមានគំរូដដែលៗជាច្រើន ពោលគឺស៊េរីនៃរលកសញ្ញាញឹកញរាប់រៀងរាល់ ១១ ទៅ ១០០ វិនាទីម្តងហើយរីករាលដាលនៅទូទាំងរង្វង់ចម្ងាយពីរបីគីឡូហឺត ស្រដៀងទៅនឹងរលកសញ្ញាដែលប្រើក្នុងការបញ្ជូនតាមរ៉ាដាដែរ។ ការស្វែងរកនេះគឺពាក់ព័ន្ធនឹងរយៈប្រវែងប្រេកង់ដែលគ្របដណ្ដប់តិចជាងមួយភាគដប់នៃទទឹងស្ថានីយវិទ្យុ FM ជាមធ្យម។
លោក អាក់សាយ សួរ៉េស (Akshay Suresh) និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យខូនែល (Cornell)ផ្នែកតារាសាស្ត្រនិងជាអ្នកនិពន្ធអត្ថបទវិទ្យាសាស្ត្រដែលបានបោះពុម្ពផ្សាយក្នុងទិនានុប្បវត្តិតារាសាស្ត្រ បាននិយាយថា «សញ្ញាដែលបានស្វែងរកនៅក្នុងការងាររបស់យើងអាចជាកម្មសិទ្ធិរបស់ប្រភេទសញ្ញា “យើងនៅទីនេះ” របស់ជីវិតក្រៅភព»។
“ជីវិតភពក្រៅប្រហែលជាអាចប្រើសញ្ញាបែបនេះសម្រាប់ការធ្វើទំនាក់ទំនងនៅទូទាំងកាឡាក់ស៊ី ដែលក្នុងនោះស្នូលនៃមីលគីវ៉េ (Milky Way) ត្រូវបានតម្រៀបយ៉ាងល្អ។ មនុស្សប្រហែលជាស្រមៃថាជីវិតភពក្រៅប្រើការបញ្ជូនសញ្ញាបែបនេះក្នុងល្បឿននៃពន្លឺដើម្បីធ្វើទំនាក់ទំនងជាមួយព្រឹត្តិការណ៍សំខាន់ៗ ដូចជាការត្រៀមខ្លួនសម្រាប់ការហោះហើររវាងកញ្ចុំផ្កាយ មុនពេលការផ្ទុះងាប់នៃផ្កាយដ៏ធំមួយ”។
កិច្ចខិតខំប្រឹងប្រែង ដែលគេហៅថា ការស៊ើបអង្កេតសំឡេងដ៏សំខាន់សម្រាប់សញ្ញាវិសាលគមតាមកាលកំណត់ (BLIPSS) គឺជាការសហការរវាងសាកលវិទ្យាល័យខូនែល ស្ថាប័នស្រាវជ្រាវរបស់វិទ្យាស្ថាន SETI និង កម្មវិធី Breakthrough Listen ដែលជាគំនិតផ្តួចផ្តើមតម្លៃ ១០០ លានដុល្លារ ដើម្បីស្វែងរកជីវិតក្រៅភពដ៏ជឿនលឿន៕