ដោយៈសុផល/ភ្នំពេញ៖ពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ CamDEBATE Championship Series ដែលបង្កើតឡើងនៅឆ្នាំ ២០១៩ ដោយស្ថាប័នអប់រំ IDP Education ជាស្ថាប័ននាំមុខគេជុំវិញពិភពលោកក្នុងការផ្តល់ប្រឹក្សាព័ត៌មានទៅសិក្សានៅបរទេសបានក្លាយជាវេទិកាឆ្លុះបញ្ចាំងជាលើកដំបូងរបស់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍វិជ្ជាជីវៈក្នុងការនិយាយ និងជជែកពិភាក្សាជាសាធារណៈ។
ការប្រកួតនេះបង្កើតនូវវប្បធម៌សន្ទនាប្រកបដោយសុជីវធម៌ និងការចែករំលែកនូវទស្សនៈផ្សេងៗដើម្បីលើកកម្ពស់ និងជំរុញឲ្យមានការយល់ដឹងរវាងគ្នា មិត្តភាព និងចំណេះដឹងក្នុងចំណោម យុវជន និងយុវនារី នៅកម្ពុជា។
CamDEBATE ២០២៣ បានទាក់ទាញអ្នកប្រកួតប្រមាណជា ៥២៥ នាក់តំណាងឲ្យ ៨ សញ្ជាតិ (ខ្មែរ, ថៃ, ហ្វីលីពីន, ម៉ាឡេស៊ី, ចិន, បារាំង, អាមេរិក និងកាហ្សាក់ស្ថាន) ពីសាលារៀននិងសាកលវិទ្យាល័យជាង ១០០ នៅទូទាំងប្រទេសកម្ពុជា ក្នុងនោះការប្រកួតវគ្គផ្តាច់ព្រ័ត្របានប្រព្រឹត្តទៅនៅក្នុងខែឧសភា ឆ្នាំ ២០២៣ ដែលមានបេក្ខជនឈានដល់វគ្គផ្តាច់ព្រ័ត្រចំនួន ១៦ នាក់ឡើងមកបង្ហាញសមត្ថភាពទៅកាន់គណៈកម្មការ និងទស្សនិកជនដ៏ច្រើនកុះករជាង ១០០០ នាក់។វគ្គផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ (CamDEBATE) ឆ្នាំ២០២៣ដែលប្រព្រឹត្តិទៅនៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
លោក ម៉ៅ ស្រេង ស្ថាបនិកពានរង្វាន់ជើងឯក CamDEBATE និង នាយកស្ថាប័នអប់រំ IDP Education ប្រចាំប្រទេសកម្ពុជាបានលើកឡើងថា “ពានរង្វាន់ជើងឯក CamDEBATE ធ្វើឡើងក្នុងគោលបំណងជំរុញវប្បធម៌សន្ទនា និងជជែកពិភាក្សាគ្នារវាងសិស្ស និស្សិត និងបញ្ញវន្តកម្ពុជាព្រមទាំងគាំទ្រនិងអបអរសាទលើការផ្លាស់ប្តូរមតិយោបល់ទៅវិញទៅមក និងដោយក្តីគោរព។”
“បេក្ខជន និងបេក្ខនារីចូលរួមប្រកួតនឹងត្រូវឆ្លងកាត់វគ្គជម្រុះនានាដូចជា វគ្គបង្ហាញសមត្ថភាពជាលើកដំបូង រហូតដល់វគ្គផ្តាច់ព្រ័ត្រ ដោយក្នុងនោះបេក្ខភាពប្រកួតនឹងទទួលបានបទពិសោធន៍ថ្មី និងការពិភាក្សាគំនិតល្អៗពីមួយវគ្គទៅមួយវគ្គ។ ក្នុងនោះបេក្ខជននឹងអាចពង្រីកចំណេះដឹងបន្ថែមលើជុំវិញបញ្ហាសំខាន់ៗ ដែលកើតមានឡើងទាំងនៅក្នុងស្រុក និងជាសាកល។”
លោក Dominic Williams ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជា និងក្នុងនាមជាគណៈកម្មការសម្រាប់វគ្គផ្តាច់ព្រ័ត្របានសរសើរដល់បេក្ខជន និងបេក្ខនារីលើការខិតខំប្រឹងប្រែង និងការបេ្តជ្ញាចិត្តដ៏មុតមាំរបស់ពួកគេ។
លោកDominic បានលើកឡើងថា“ខ្ញុំពិតជាមានការចាប់អារម្មណ៍លើគុណភាពនៃការជជែកពិភាក្សានៅថ្ងៃនេះ។យុវជនខ្មែរពិតជាមានជំនាញនិងសមត្ថភាពដ៏អស្ចារ្យ។ប្រាកដណាស់ពួកគេម្នាក់ៗបានស្រាវជ្រាវប្រធានបទរបស់ពួកគេយ៉ាងច្បាស់ដោយហេតុថាពួកគេបានលើកយកហេតុ ផលដែលសមស្របការប្រើប្រាស់ពាក្យបច្ចេកទេសក្នុងការជជែកពិភាក្សាបានយ៉ាងល្អដែលទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត គឺពួកគេប្រកួតប្រជែង ឬបង្ហាញសមត្ថភាពជាភាសាអង់គ្លេស ដែលនេះមិនមែនជាភាសាកំណើតរបស់ពួកគេឡើយ។ ខ្ញុំពិតជារំភើប និងចាប់អារម្មណ៍ជាខ្លាំងលើសមត្ថភាពរបស់យុវជន CamDEBATE ទាំងអស់ដែលបានបង្ហាញសមត្ថភាពនៅក្នុងថ្ងៃនេះ។”
បេក្ខជនប្រកួតទាំងអស់ទទួលបានវគ្គបណ្តុះបណ្តាលសម្រាប់ត្រៀមប្រកួតវគ្គទាំងបួន ពីគ្រូជំនាញមកពីមជ្ឈមណ្ឌល អូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល ( ACE ) និង ស្ថាប័នអប់រំជាដៃគូរបស់ CamDEBATE ជាច្រើនទៀត។ វគ្គបណ្តុះបណ្តលទាំងនេះពិតជាបានជួយជំរុញ និងលើកកម្ពស់សមត្ថភាពរាល់បេក្ខជនលើជំនាញនិយាយនិងជជែកពិភាក្សាជាសាធារណៈព្រមទាំងពង្រឹងនូវគំនិតត្រិះរិះពិចារណានិងសមត្ថភាពក្នុងការដោះស្រាយបញ្ហានានា។
គណៈកម្មការកិត្តិយសមួយរូបទៀត ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា បានគូសបញ្ជាក់ពីសារៈសំខាននៃសិល្បៈនៃការនិយាយ និងការជជែកពិភាក្សាជាសាធារណៈ និងមូលហេតុចំបងដែលថាជំនាញនិយាយនិងជជែកពិភាក្សាជាសាធារណៈនេះពិតជាសំខាន់សម្រាប់សង្គមជាតិ។
ឯកឧត្តមបណ្ឌិត សោម រតនា បានលើកឡើងថា៖ “ពានរង្វាន់ជើងឯក CamDEBATE ជាវេទិកាផ្តល់ឱកាសដល់បេក្ខជនដើម្បីវាស់ស្ទង់សមត្ថភាពរបស់ខ្លួនជាមួយបេក្ខជនខ្លាំងៗដទៃទៀត ហើយការចូលរួមក្នុងការប្រកួតពានរង្វាន់ជើងឯក CamDEBATE ឬការប្រកួតជជែកពិភាក្សាដទៃទៀតពិតជាបានពង្រឹងសមត្ថភាព និងបង្កើនភាពក្លាហានដល់បេក្ខជនរាល់គ្នា។ អ្នកនឹងអាចអភិវឌ្ឍជំនាញនិយាយ និងជជែកពិភាក្សាជាសាធារណៈនេះបានដោយគ្រាន់តែចំណាយពេល អនុវត្ត និងចូលរួមឲ្យបានច្រើន បើទោះបីជាជំនាញទាំងនេះលំបាកសម្រាប់មនុស្សរាល់គ្នាក៏ដោយ។”
លោក Travis Mitchell នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជា (AmCham) និង ក្នុងនាមជាគណៈកម្មការ បានបញ្ជាក់ពីអារម្មណ៍ និងការយល់ឃើញលើពានរង្វាន់និងសមត្ថភាពបេក្ខជនថា៖ “ខ្ញុំពិតជារំភើប និងចាប់អារម្មណ៍ជាខ្លាំងនៅពេលដែលឃើញបេក្ខជននិងបេក្ខនារីពោរពេញដោយភាពក្លាហាន មានសមត្ថភាពខ្ពស់ និងនិយាយបានល្អ ទៅកាន់ទស្សនិកជនរាប់ពាន់នាក់នៅក្នុងសាលដ៏ធំរួមជាមួយនឹងគណៈកម្មកាដែលមានជំនាញជាច្រើនរូបទៀត។”
ក្នុងនាមជាជើងឯក CamDEBATE លើជំនាញនិយាយជាសាធារណៈ កម្រិតវិទ្យាល័យ កញ្ញា អ៊ុង ស្រីពេជ្រ បាននិយាយថា៖”ខ្ញុំពិតជារំភើបនិងអរគុណដែលបានទទួលពានរង្វាន់ជើងឯកឆ្នាំនេះដោយការខិតខំប្រឹងប្រែងតស៊ូក្នុងកម្មវិធី។ បើទោះបីជាខ្ញុំត្រូវឆ្លងកាត់វគ្គជម្រុះជាច្រើនក្នុងការប្រកួតប៉ុន្តែចុងក្រោយវាពិតជាមានតម្លៃក្នុងការប្រឹងប្រែង។”
លោក កាំង គាងប៊ូ ជាជើងឯក CamDEBATE លើជំនាញជជែកពិភាក្សាជាសាធារណៈ កម្រិតវិទ្យាល័យ បានលើកឡើងថា៖“វាជាបទពិសោធន៍រៀនសូត្រដ៏អស្ចារ្យមួយសម្រាប់ពួកយើង ដែលក្នុងនោះពួកយើងទទួលបាននូវមតិយោបល់ និង ការណែនាំល្អៗពីអ្នកជំនាញ។ ពួកយើងមិនបានផ្តោតទាំងស្រុងលើការចាញ់ ឬឈ្នះតែមួយប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះពួកយើងទទួលបាននូវបទពិសោធន៍ និងជំនាញដើម្បីអភិវឌ្ឍខ្លួនក្រោយពេលចូលរួមក្នុងការប្រកួត។ពួកយើងពិតជាមានមោទនភាពចំពោះជ័យជំនះរបស់ពួកយើង ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឈម និងយកឈ្នះលើឧបសគ្គនាពេល អនាគត។”
លោក គង់ បញ្ញាវុឌ្ឍ ជើងឯករង លើជំនាញជជែកពិភាក្សាជាសាធារណៈ កម្រិតវិទ្យាល័យបានចែករំលែកពីបទពិសោធន៍ដោយលើកឡើងថា៖ “ពានរង្វាន់ជើងឯក CamDEBATE បានពង្រឹងសមត្ថភាពនិយាយឲ្យកាន់តែប្រសើរឡើង។ ពេលដែលខ្ញុំចូលរួមការប្រកួតជាលើកដំបូងជាមួយក្រុមរបស់ខ្ញុំខ្ញុំមិនដែលគិតថាយើងនឹងធ្វើវាបានមកដល់វគ្គផ្តាច់ព្រ័ត្រនោះទេ ហេតុដូច្នេះវាពិតជាបទពិសោធន៍ដ៏អស្ចារ្យដែលពួកយើងអាចធ្វើបាន។”
ជើងឯកទាំង ៨ រូប ក្នុងពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ (CamDEBATE) ប្រចាំឆ្នាំ២០២៣ នឹងទទួលបានដំណើរទស្សនកិច្ចសិក្សា រយៈពេល ២ សប្ដាហ៍ ទៅកាន់ចក្រភពអង់គ្លេស ដែលរៀបចំឡើងដោយ Stafford House (ដែលជាផ្នែក CATS Global Schools)អាហារូបករណ៍ទៅសិក្សានៅសាលា អេ ស៊ី អ៉ី មួយឆ្នាំពេញ ពានរង្វាន់ មេដាយ និងរង្វាន់ផ្សេងៗទៀត រីឯជើងឯករងនឹងទទួលបានមេដាយប្រាក់ អាហារូបករណ៍ទៅសិក្សានៅសាលា អេ ស៊ី អ៉ី មួយឆ្នាំពេញ ឧបករណ៍អានឌីជីថល កង់ និងរង្វាន់ជាច្រើនដទៃទៀត។
វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ (CamDEBATE) ប្រចាំឆ្នាំ២០២៣ ក៏មានការចូលរួមពីអ្នកជំនាញនិងថ្នាក់ដឹកនាំស្ថាប័នជាច្រើនទៀតជាគណៈកម្មការដែលក្នុងនោះរួមមាន លោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិ នៃវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI), លោកស្រី Katherine McLean នាយិកាប្រតិបត្តិនៃសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា, លោក Kenneth TANG ប្រធានសភាពាណិជ្ជកម្មអូស្ត្រាលីនៅកម្ពុជា, លោក ធន់ ប៊ុនធឿន នាយកផ្នែកស្រាវជ្រាវនិងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃសាលាភូមិន្ទរដ្ឋបាល លោក Ashley Irving នាយកសាលានៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (អេ ស៊ី អ៊ី), លោក ចាន់ សុផល អនុប្រធានដេប៉ាតឺម៉ង់ភាសាអង់គ្លេសប្រចាំវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងលោកបណ្ឌិត Raymond Leos អនុប្រធានផ្នែកAcademic and Student Affairsនៃសាកលវិទ្យាល័យអាមេរិកភ្នំពេញ។
គួរឲ្យកត់សម្គាល់ផងដែរ ពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ (CamDEBATE) ទទួលបានការគាំទ្រពីស្ថាប័ន និងក្រសួងធំៗនានារួមមាន ស្ថាប័នអប់រំ IDP Education ស្ថាប័នប្រលងតេស្ត IELTS នៅកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា៕Ph