រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ “​មិន​ចាប់អារម្មណ៍​” នឹង​ការ​គំរាម​របស់​ត្រាំ​នៅលើ​ធ្វី​ត​ធឺ សរសេរ​ជា​អក្សរ​ធំ​សុទ្ធ ៤៥ តួ​

879
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក ចា​វ៉ាត ហ្សា​រី​ហ្វ បាន​វាយបក​លើ​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ វិញ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៣ កក្កដា ដោយ​ហៅ​ការគំរាមកំហែង​កាលពី​ថ្ងៃអាទិត្យ​ដែល​សរសេរ​ជា​អក្សរ​ធំ ៤៥ តួ​នៅលើ​ធ្វី​ត​ធឺ​ថា “​មិន​ចាប់អារម្មណ៍​”​។​

​លោក​ហ្សា​រី​ហ្វ​បាន​សរសេរ​នៅលើ​ធ្វី​ត​ធឺ​ថា “​យើង​មិន​ចាប់អារម្មណ៍​ទេ​។ ពិភពលោក​បាន​ស្តាប់ឮ​ការគំរាមកំហែង​ធ្ងន់ៗ​ជាង​នេះ​កាលពី​ពីរ​បី​ខែ​មុន​។ ហើយ​ប្រជាជន​អ៊ីរ៉ង់​បានឮ​វា​រួចហើយ ទោះបីជា​ពួកគេ​មាន​អរិយធម៌​ខ្ពស់ជាង​ក៏ដោយ គឺ ស្តាប់ ៤០ ឆ្នាំ​ហើយ​”​។

​លោក​បាន​បន្ថែមថា “​យើង​បាន​នៅ​ច្រើន​សហស្ស​វត្សរ៍​និង​បានឃើញ​ការដួលរលំ​នៃ​ចក្រភព​ជាច្រើន [​រួមទាំង​] ចក្រភព​ផ្ទាល់ខ្លួន​របស់​យើង ដែលមាន​រយៈពេល​តែ​ប៉ុន្មាន​សតវត្សរ៍​ប៉ុណ្ណោះ​។ សូម​ប្រយ័ត្នប្រយែង​”​។​

​ការអត្ថាធិប្បាយ​របស់​លោក​ហ្សា​រី​ហ្វ​ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​ត្រាំ​បាន​ព្រមាន​ប្រធានាធិបតី​អ៊ីរ៉ង់​លោកហាស​សាន់ រូ​ហា​នី ថា អ៊ីរ៉ង់​នឹង​ទទួលរង​ផលវិបាក ប្រសិនបើ​ប្រទេស​នេះ​បន្ត​គំរាមកំហែង​សហរដ្ឋអាមេរិក​។​

​លោក​ត្រាំ​បានសរសេរថា “​ជូន​ចំពោះ​ប្រធានាធិបតី​អ៊ីរ៉ង់​រូ​ហា​នី : កុំមក​គំរាម​សហរដ្ឋអាមេរិក​ម្តងទៀត​ឱ្យសោះ បើ​មិន​ដូច្នេះ​ទេ អ្នកឯង​នឹង​ទទួលរង​ផលវិបាក ដែល​ក្នុង​ប្រវត្តិសាស្ត្រ​គឺមាន​តិចតួច​បំផុត​ដែល​ធ្លា​ប់រង​ការឈឺចាប់​ពីមុន​។ យើង​លែង​ជា​ប្រទេស​ដែល​អត់ទ្រាំ​នឹង​សម្តី​ឆ្កួតៗ​អំពី​ហិង្សា និង​ក្តី​ស្លាប់​ទៀតឡើយ​! សូម​ប្រយ័ត្នប្រយែង​!”​។​

​លោក​ត្រាំ​បាន​ឆ្លើយតប​ទៅនឹង​សម្តី​ដែល​លោក​រូ​ហា​នី​បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកការទូត​អ៊ីរ៉ង់ ថា លោក​ត្រាំ​មិនគួរ “​លេង​ជាមួយ​កន្ទុយ​តោ​នោះទេ ព្រោះ​វា​បានត្រឹមតែ​នាំមក​នូវ​ការសោកស្ដាយ​ប៉ុណ្ណោះ​” ។​

​លោក​រូ​ហា​នី​បាន​និយាយថា “​អាមេរិក​គួរតែ​ដឹងថា​សន្តិភាព​ជាមួយ​អ៊ីរ៉ង់​គឺជា​មាតា​នៃ​សន្តិភាព​ទាំងពួង និង សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​គឺជា​មាតា​នៃ​សង្គ្រាម​ទាំងពួង​” ។ លោក​ទំនង​បាន​វាយបក​ទៅលើ​របាយការណ៍​ដែលថា​សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​យ៉ាងសកម្ម​ដើម្បី​ធ្វើឱ្យ​អស្ថិរភាព​ដល់​ថ្នាក់ដឹកនាំ​របស់​អ៊ីរ៉ង់​។ លោក​បាន​និយាយថា “​អ្នក​មិន​ស្ថិតក្នុង​ជំហរ​ដើម្បី​ញុះញង់​ប្រជាជាតិ​អ៊ីរ៉ង់​ប្រឆាំងនឹង​សន្តិសុខ​និង​ផលប្រយោជន៍​អ៊ីរ៉ង់​នោះទេ​”៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក ចា​វ៉ាត ហ្សា​រី​ហ្វ

ទីតាំងផ្សាយពាណិជ្ជកម្ម