​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (Global Times) ៖ ក្រុម​អ្នកស្រាវជ្រាវ​ចិន​បាន​បង្កើត​បច្ចេកវិជ្ជា​ពិសេស​មួយ​ដើម្បី​កែខៃ​គែម​នៃ​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​ស៊ី​លី​កុនគ្រី​ស្តាល់ (c-Si) ដោយ​ផ្អែក​ទៅលើ​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​អាច​បត់បែន​បាន​និង​ស្តើង​ដូច​ក្រដាស ដែល​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​និង​អនុវត្តបាន​យ៉ាង​ទូលំទូលាយ​។​

​របកគំហើញ​នេះ​ត្រូវ​បានសម្រេច​ដោយ​អ្នកស្រាវជ្រាវ​ចិន​នៅ​វិទ្យាស្ថាន​មីក្រូ​ប្រព័ន្ធ​និង​បច្ចេកវិជ្ជា​ព័ត៌មាន​សៀង​ហៃ (SIMIT) ក្រោម​ចំណុះ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន​។​លទ្ធផល​នេះ​ត្រូវបាន​បង្ហាញ​​នៅលើ​គម្រប​មុខ​នៃ​ទស្សនា​វ​ដ្តី Nature លេខ​ចេញផ្សាយ​ថ្ងៃទី ២៤ ខែ​ឧសភា​។​

​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ c-Si ដែល​ផលិត​ដោយ​បច្ចេកវិជ្ជា​ថ្មី​នេះ អាច​ស្តើង​ត្រឹម ៦០ មិល្លីម៉ែត្រ ជាមួយនឹង​អង្កត់ផ្ចិត​ប្រហែល ៨ មិល្លីម៉ែត្រ​ពេល​មូរ​ចូលគ្នា​។​

​យោង​តាម​វេបសាយ Technology Daily បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ c-Si គឺជា​ប្រភេទ​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​ដែល​ឃើញ​មាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នាពេល​បច្ចុប្បន្ន​។ ពួក​វា​មាន​គុណសម្បត្តិ​ច្រើន​រួម​ទាំង​អាយុកាល​សេវាកម្ម​យូរអង្វែង​និង​ប្រសិទ្ធភាព​នៃ​ការ​បំប្លែង​ថាមពល​ខ្ពស់ ដែល​ធ្វើឱ្យ​ពួក​វា​ក្លាយជា​ផលិតផល​ឈានមុខ​គេ​នៅ​ក្នុង​ទីផ្សារ​ថាមពលព្រះអាទិត្យ​។​

​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ c-Si បែប​នេះ​មាន​ចំណែក​ទីផ្សារ​ជាង ៩៥ ភាគរយ នេះ​បើ​យោង​តាម​លោក ឌី ចេងហ្វឹង (Di Zengfeng) អនុប្រធាន​វិទ្យាស្ថាន SIMIT ដែល​ជា​អ្នកនិពន្ធ​ម្នាក់​នៃ​ឯកសារ​ស្រាវជ្រាវ​នេះ​។​

​ឯកសារ​ខាងលើ​បាន​ពន្យល់ថា ទោះបីជា​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ c-Si ត្រូវបាន​បង្កើត​ឡើង​ជិត ៧០ ឆ្នាំ​មុន​ក៏ដោយ ក៏​ការប្រើប្រាស់​របស់​វា​នៅតែ​មាន​កម្រិត​។ បច្ចុប្បន្ន បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ c-Si ត្រូវបាន​ប្រើប្រាស់​ជា​ចម្បង​នៅក្នុង​ស្ថានីយ​ចែកចាយ​ថាមពលព្រះអាទិត្យ​លើ​ដី​និង​ស្ថានីយ​ថាមពលព្រះអាទិត្យ​ក្រោម​ដី​។ សង្ឃឹមថា បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​បែបនេះ​អាច​ប្រើប្រាស់​ក្នុង​ការសាងសង់ កាបូប​ស្ពាយ តង់ រថយន្ត ទូក​ក្ដោង និង​សូម្បី​យន្តហោះ​។​

​ពួក​វា​ក៏​អាច​ត្រូវបាន​ប្រើ​ដើម្បី​បង្កើត​ថាមពល​ស្អាត​សម្រាប់​ផ្ទះសម្បែង​និង​ឧបករណ៍​អេឡិចត្រូនិក​ចល័ត និង​ឧបករណ៍​ទំនាក់ទំនង​ជា​ច្រើន​ប្រភេទ ក៏ដូចជា​សម្រាប់​ការដឹកជញ្ជូន​ផងដែរ នេះ​បើ​យោង​តាម​អ្នកស្រាវជ្រាវ​៕

​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ c-Si ត្រូវបាន​បង្កើតឡើង​ដោយ​អ្នកវិទ្យាសាស្ត្រ​ចិន