ដោយៈ Pramila Crivelli, Stefano Inama, Gerald Pascua/ភ្នំពេញ៖ កម្ពុជាជិតនឹងឡើងចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច។ប្រទេសគួរតែពន្លឿនកំណែទម្រង់ពាណិជ្ជកម្មដើម្បីដោះស្រាយបញ្ហាប្រឈមដែលនឹងនាំមកជាមួយនឹងឋានៈថ្មីរបស់ខ្លួន។

ពីរទសវត្សរ៍បន្ទាប់ពីការដាក់បញ្ចូលក្នុងបញ្ជីប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកម្ពុជាបានបំពេញលក្ខណៈវិនិច្ឆ័យដើម្បីឡើង​ចេញ​ពីបញ្ជីនេះជាលើកដំបូងនៅឆ្នាំ ២០២១ ជាមួយនឹងផែនការឡើងចេញពីបញ្ជីនេះ ក្នុងអំឡុងឆ្នាំ ២០២៧ ។

នេះគឺជាសមិទ្ធផលដ៏សំខាន់មួយ ដោយសារការឡើងចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួចមានន័យថា ប្រទេសមួយបានសម្រេច​គោលដៅ​អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមយ៉ាងធំធេង។ទោះជាយ៉ាងណាក៏ដោយការឡើងចេញពីបញ្ជីប្រទេសអភិវឌ្ឍន៍តិចតួច​ក៏នឹង​នាំមកនូវបញ្ហាប្រឈមផងដែរ។

សម្រាប់ករណីប្រទេសកម្ពុជា ការឡើងចេញពីបញ្ជីនេះនឹងអាចនាំដល់ការបាត់បង់អត្ថប្រយោជន៍​ពាណិជ្ជកម្មដែលប្រទេសអភិវឌ្ឍន៍​តិចបំផុតទទួលបាន រួមទាំងការអនុគ្រោះពន្ធ និង«ច្បាប់កំណត់ប្រភពដើម»(rules of origin) ដែលអំណោយផល ផងដែរ។

ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួចបំផុតដែលបានបង្កើនការនាំចេញរបស់ខ្លួនទៅកាន់សហភាពអឺរ៉ុបយ៉ាងខ្លាំងតាមរយៈ​ការអនុគ្រោះពន្ធ និងការអនុគ្រោះតាមរយៈច្បាប់ កំណត់ប្រភពដើមដែលអនុញ្ញាតឱ្យផលិតផលរបស់ខ្លួនចូលទៅ​កាន់អឺរ៉ុប​ដោយមិនបង់ពន្ធ។បើមិនបានគ្រប់​គ្រងដោយប្រុងប្រយ័ត្នទេ ការបាត់បង់ការអនុគ្រោះនេះអាចប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជា។

កម្ពុជាត្រូវធានាលទ្ធភាពទទួលបានទីផ្សារជំនួសនៅពេលទទួលបានឋានៈថ្មី និងពង្រឹងសមត្ថភាពប្រកួតឈ្នះរបស់ខ្លួន។ ដើម្បីធ្វើដូច្នេះ​យើងសូមចែករំលែក​អនុសាសន៍សកម្មភាពជាក់ស្តែងដូចខាងក្រោម៖
.ពង្រីកការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៖កម្ពុជាទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃលំហូរនាំចេញនិងនិន្នាការឆ្ពោះទៅរកការធ្វើពិពិធកម្មក្នុងរយៈពេ​ជាច្រើនឆ្នាំកន្លងមក។ទោះជាយ៉ាងនេះក្តីអត្ថប្រយោជន៍ទាំងនេះគឺកំពុងរងសម្ពាធខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកាន់តែច្រើនបន្តកើតមាននៅក្នុងតំបន់។ កម្ពុជាអាចនឹងពិចារណាលើការពង្រឹងគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនដោយការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដើម្បីរក្សានិងបង្កើនលទ្ធភាពទទួលបានទីផ្សាររបស់ខ្លួន។

ចលនាមួយក្នុងទិសដៅនេះគឺការចូលរបស់កម្ពុជាទៅក្នុងកិច្ចព្រមព្រៀងទ្វេភាគីដាច់ដោយឡែកជាមួយសាធារណរដ្ឋប្រជាមានិតចិន និង​សាធារណរដ្ឋកូរ៉េក្នុងឆ្នាំ២០២២បន្ថែមពីលើការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់(RCEP)។ដោយឈរលើសន្ទុះនេះកម្ពុជាគួរតែពិចារណាលើ​ការបង្កើតកិច្ចព្រមព្រៀងថ្មីជាមួយដៃគូសំខាន់ៗរបស់ខ្លួន និងបន្តកែលម្អការអនុវត្ត និងការប្រើប្រាស់កិច្ចព្រមព្រៀងដែលមានស្រាប់។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបនឹងបញ្ចៀសការធ្លាក់ថយដោយសារការបាត់បង់ប្រព័ន្ធអនុគ្រោះទូទៅនៅឆ្នាំ២០៣១ហើយការពង្រីកការ​អនុវត្តច្បាប់កំណត់ប្រភពដើម (extended cumulation) នឹងជួយសម្រួលដល់អនុលោមភាពនៃច្បាប់​កំណត់ប្រភព​ដើម។ការរក្សាលទ្ធភាពទទួលបានទីផ្សារក្នុង​ប្រទេសជប៉ុនក៏សំខាន់ផងដែរ។ការពិគ្រោះយោបល់សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងច្បាប់កំណត់ប្រភពដើមដែលងាយស្រួលសម្រាប់អាជីវកម្មគួរតែចាប់ផ្តើមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

នៅកម្រិតតំបន់ ការពិភាក្សានៅក្នុងលេខាធិការដ្ឋាន RCEP, គណៈកម្មាធិការរួមRCEP,អាស៊ាន,និងដៃគូសន្ទនាអាស៊ាន+១គួរតែផ្តោត​ស៊ីជម្រៅ​​លើការកាត់បន្ថយពន្ធ​នាំចូលសម្រាប់RCEP,បញ្ជាក់ពីដំណើរការនៃកម្រិតខុសគ្នានៃពន្ធនាំចូលសម្រាប់RCEP,និងសម្រេចបាន​ការភ្ជាប់គ្នានៃច្បាប់បញ្ជាក់ប្រភពដើមនៃផលិតផលជាក់លាក់​នៅក្នុងតំបន់ អាស៊ី និងប៉ាស៊ីហ្វិក។

ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីនិងដែលមានស្រាប់នឹងតម្រូវឱ្យមានការដោះស្រាយរបាំងមិនមែនពន្ធគយ។តំបន់គួរតែពិចារណា​អនុម័តការអនុវត្តល្អបំផុត ដូចជាការបញ្ជាក់ប្រភពដើមដោយខ្លួនឯង (self-certification of origin)ដើម្បីជួយ​សម្រួលដល់ចលនាឆ្លងកាត់ព្រំដែននៃទំនិញ​ក្នុងចំណោមខ្សែសង្វាក់តម្លៃសកល។ កម្ពុជាក៏គួរតែប្រើប្រាស់យន្តការ «នីតិវិធីសម្រាប់ធ្វើ​ពាណិជ្ជកម្មជាក់លាក់» (specific trade concerns) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីលើកកំពស់វិធានការអនាម័យ និង ភូតគាមអនាម័យ (phytosanitary) សំខាន់ៗ ដែលកំណត់ដោយដៃគូពាណិជ្ជកម្មរបស់ខ្លួន​លើការនាំចេញកសិផល។

.អនុវត្តកំណែទម្រង់ក្នុងស្រុក និងការផ្លាស់ប្តូរបទប្បញ្ញត្តិដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ការចូលរួមក្នុងពាណិជ្ជកម្មអន្តរជាតិ៖

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី​កាន់តែមានវិសាលភាពលើសពីព្រំដែនដូចជា ការសម្របសម្រួលពាណិជ្ជកម្ម, ពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិចត្រូនិក (e-commerce), លទ្ធកម្មរបស់រដ្ឋាភិបាល, និងកម្មសិទ្ធិបញ្ញាជាដើម។ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ទ្រង់ទ្រាយធំ ក៏ជំរុញឱ្យមានការប្តេជ្ញាចិត្តពាណិជ្ជកម្មដែលមានលក្ខណៈកាន់តែទូលំទូលាយ ស៊ីជម្រៅ និងមិនមែនប្រពៃណី (non-traditional) ក្នុងទំហំការចូលរួមកាន់តែទូលំទូលាយ។ ទោះជាយ៉ាងណាក្តីអនុលោមភាពតាមការប្តេជ្ញាចិត្តប្រកបដោយមហិច្ឆតា​ទាំងនេះអាចជារឿងគួរ​ឱ្យបារម្ភសម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច។

ដៃគូអន្តរជាតិដូចជា ADB និង UNCTAD គួរតែត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយសម្រាប់ពាណិជ្ជកម្ម (Aid for Trade)ដើម្បីបង្កើន​អនុលោមភាពរបស់​កម្ពុជាសម្រាប់ផ្នែកដែលត្រូវការកំណែទម្រង់គោលនយោបាយ និងបទប្បញ្ញត្តិ។ ជាឧទាហរណ៍ នៅក្រោម RCEP ការវិភាគគម្លាត និងជំនួយគោលដៅ គឺត្រូវការជាចាំបាច់ដើម្បីគាំទ្រកម្ពុជាក្នុងការទទួលយកវិធីសាស្រ្តឆ្ពោះទៅរកភាព​ស្មើភាពសម្រាប់​សហគ្រាសវិនិយោគបរទេស (negative list approach)​ដើម្បីសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវាកម្មកាន់តែធំធេង, ភាពស៊ីសង្វាក់គ្នា​នៃបទប្បញ្ញត្តិ, និងតម្លាភាព។

.ប្រើប្រាស់ឌីជីថលភាវូបនីយកម្មដើម្បីទាញយកអត្ថប្រយោជន៍ពីឱកាសទីផ្សារឆ្លងព្រំដែនកាន់តែទូលំទូលាយ៖

សេណារីយ៉ូពាណិជ្ជកម្មកាន់តែមានភាពស្មុគស្មាញ ដោយសារតែការពង្រីកវិសាលភាពពាណិជ្ជកម្មទៅកាន់ផ្នែកថ្មីៗដូច​ជាពាណិជ្ជកម្ម​អេឡិចត្រូនិក និងសេវាកម្មឌីជីថល។
អស់ជាច្រើនទស្សវត្សមកហើយសេវាឆ្លងព្រំដែនលេចធ្លោជាងគេក្នុងការនាំចូលរបស់កម្ពុជាហើយជាតំបន់ពាណិជ្ជកម្មយុទ្ធសាស្ត្រមួយ។កម្ពុជាអាចពិចារណាចូលរួមក្នុង​កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល និងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានបទប្បញ្ញត្តិបង្កលក្ខណៈ​ដល់ពាណិជ្ជកម្មអេឡិចត្រូនិក និងពាណិជ្ជកម្មឌីជីថល ដើម្បីបង្កើនការចូលរួមពាណិជ្ជកម្មឌីជីថលរបស់ខ្លួនបន្ថែមទៀត។

កម្ពុជាក៏អាចអនុម័តគំនិតផ្តួចផ្តើមពហុភាគី ដូចជាកិច្ចព្រមព្រៀងបច្ចេកវិទ្យាព័ត៌មានរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO’s Information Technology Agreements) ដែលលុបបំបាត់ពន្ធគយលើផលិតផលបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និងកិច្ច​ព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកផ្សេងៗទៀត ដើម្បីសម្របសម្រួលការបញ្ជាក់លើផលិតផលអគ្គិសនីនានា។

យ៉ាងណាក៏ដោយ កង្វះជំនាញនិងធនធានឌីជីថល ដែលរារាំងដល់ការប្រើឧបករណ៍និងវេទិកាឌីជីថលនៅតែជា​ឧបសគ្គដ៏ធំដែល​ដាក់​កំហិតសក្តានុពល​ពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា។ កំណែទម្រង់រចនាសម្ព័ន្ធ និងគោលនយោបាយគឺចាំបាច់ដើម្បីបន្ស៊ីបទប្បញ្ញត្តិក្នុងស្រុក ទៅនឹងស្តង់ដារអន្តរជាតិ និងដើម្បីពង្រឹងវិធីសាស្រ្តដែលកាន់តែមានសុវត្ថិភាព និងប្រកបដោយបរិយាបន្នបន្ថែមទៀតសម្រាប់​អន្តរកម្ម​ឌីជីថល។

អវត្ដមាននៃច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការការពារទិន្នន័យ នៅតែជាឧបសគ្គផ្លូវច្បាប់ក្នុងការសម្របសម្រួលពាណិជ្ជកម្ម​ឌីជីថលនៅកម្ពុជា។ លក្ខខណ្ឌតម្រូវក្នុងការចេញអាជ្ញាប័ណ្ណនិងការអនុញ្ញាតសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក បង្កការលំបាកមួយចំនួន​ដល់ធុរកិច្ចក្នុងស្រុកបើប្រៀបធៀបទៅនឹង​ប្រតិបត្តិករបរទេស។ ជំនួយសម្រាប់ពាណិជ្ជកម្មអាចជួយកម្ពុជាក្នុងការដោះស្រាយភាពស្មុគស្មាញនៃឌីជីថលភាវូបនីយកម្ម,កំណត់និងអនុវត្ត​វិធានការនានាដើម្បី​កែ​លម្អបរិយាកា សម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក, និងអនុញ្ញាតឱ្យមានការចូលរបស់កម្ពុជាជាសមាជិកកិច្ចព្រមព្រៀង និងគំនិតផ្តួចផ្តើម​ឌីជីថល។

ការឡើងចេញរបស់កម្ពុជាពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចដែលនឹងមកជាអ្វីដែលប្រទេសកម្ពុជាត្រូវអបអរ។ វាជាសមិទ្ធផល​ដ៏ធំធេង។ ប៉ុន្តែ វានាំមកនូវបញ្ហាប្រឈមក្នុងកម្រិតថ្មីទៀត ជាពិសេសភាពស្មុគស្មាញនៃពាណិជ្ជកម្មអន្តរជាតិ ដែលកម្ពុជាត្រូវដោះស្រាយ។

សូមជម្រាបថា អត្ថបទវិភាគនេះត្រូវបានបោះផ្សាយនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ ហើយនិពន្ធដោយ Gerald Pascua ជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ច, Pramila Crivelli ជាសេដ្ឋវិទូ នាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការក្នុងតំបន់ របស់ADB, និង Stefano Inama ជាប្រធាន ជំនួយបច្ចេកទេស របស់ UNCTAD។
អានអត្ថបទវិភាគនេះជាភាសាអង់គ្លេស៖ https://blogs.adb.org/blog/cambodia-celebration-and-new-trade-challenges