ដោយ: ពៅនិមល / ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយគណៈកម្មាធិការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្ត្រាលី (ACCC) បានរៀបចំវគ្គបណ្តុះបណ្តាលលើច្បាប់ ស្តីពីការប្រកួតប្រជែង ក្រោមប្រធានបទ «ជំនាញស៊ើបអង្កេតដែលផ្តោតសំខាន់លើ នីតិវិធីសម្ភាសន៍»។

អគ្គនាយកដ្ឋាន ក.ប.ប បានឲ្យដឹង តាមរយៈផេកហ្វេសប៊ុករបស់ខ្លួនថាៈ វគ្គបណ្តុះ បណ្តាលនេះ បានរៀបចំឡើង កាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ជាគម្រោងកម្មវិធីអនុវត្តច្បាប់ ស្តីពីការប្រកួតប្រជែង ដំណាក់កាលទី៥ (CLIP Phase V) ដែលប្រព្រឹត្តក្រោមវត្តមានរបស់លោក ពេជ ច័ន្ទ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប.។ សមាសភាពចូលរួម ក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមាន លោក លោកស្រី សមាជិក គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ដែលជាបុគ្គលឯករាជ្យ លោក/លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្រ្តីរាជការនៃ​ អគ្គនាយកដ្ឋាន ក.ប.ប. សរុបចំនួន ២៥ រូប។

ប្រភពដដែល បានបញ្ជាក់ថាៈ វគ្គបណ្តុះបណ្តាលខាងលើនេះ ត្រូវបានធ្វើបទបង្ហាញ ដោយលោក Mitchell Grayson ជំនួយការនៃប្រធានផ្នែកអនុវត្តច្បាប់ប្រកួត ប្រជែង នៃគណៈកម្មាធិការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្ត្រាលី (ACCC) ក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹង រួមទាំងចែករំលែកបទពិសោធន៍ អនុវត្តជាក់ស្តែង ដល់សមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ និងមន្រ្តីអនុវត្តច្បាប់ ឱ្យបានយល់ដឹង កាន់តែស៊ីជម្រៅបន្ថែមទៀត ពាក់ព័ន្ធការស៊ើបអង្កេត តាមរយៈ ការរៀបចំនីតិវិធីសម្ភាសន៍ជនសង្ស័យ ឬបុគ្គលពាក់ព័ន្ធផ្សេងៗ ប្រកបដោយប្រសិទ្ធភាព ដើម្បីប្រមូលព័ត៌មាន និងភស្តុតាជាក់លាក់ ដែលនឹងគាំទ្រដល់ការអនុវត្តច្បាប់ ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ V / N

( រូបភាព៖ វគ្គបណ្តុះបណ្តាលជំនាញស៊ើបអង្កេត ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ រៀបចំឡើងនៅអគ្គនាយកដ្ឋាន ក.ប.ប )