ដោយៈ យោធិន / សៀមរាបៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកបន្ទាយស្រី បានបង្កើនសកម្មភាព ក្នុងការតម្លើងបង្គោលចង្កៀងអំពូលសូឡា នៅតាមមូលដ្ឋានឃុំ ទាំងប្រាំមួយ ក្នុងទូទាំងស្រុកបន្ទាយស្រី ខណៈដែលមកទល់នឹងបច្ចុប្បន្ននេះ ចង្កៀងអំពូលសូឡាជា ១.៧០០ ដើម ត្រូវបានដាក់ពង្រាយ និងបានដាក់ឲ្យប្រើ ប្រាស់តាមចម្ងាយផ្លូវ ប្រមាណ ៣៦ គីឡូម៉ែត្រ ក្នុងមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោក សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប បានលើកឡើងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតី ក្នុងពិធី សំណេះសំណាលជាមួយ ប្រជាពលរដ្ឋជាង ៥០០ នាក់ និងប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវអំពូលសូឡា ចំនួន ៤៣២ អំពូល ដែលបានបំពាក់នៅតាមដងផ្លូវ នៅក្នុងឃុំរុនតាឯក កាលពីដំណាច់ខែឧសភា ឆ្នាំ២០២៣ ថ្មីៗនេះ។

ក្នុងពិធីខាងលើនេះ លោក សែម សុវណ្ណនី បាននាំមកនូវប្រសាសន៍សួរសុខទុក្ខ ដល់ប្រជាពលរដ្ឋទាំងអស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត សៀមរាប។

លោក សែម សុវណ្ណនី បានលើកឡើងថាៈ ក្រោមការដឹងនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវ សន្តិភាពពេញលេញ នាំមកនូវការអភិវឌ្ឍន៍​ប្រទេសជាតិ រីកចំរើនឥតឈប់ឈរ ជាពិសេសថ្មីៗនេះ សម្តេចតេជោ បានធ្វើប្រធាន កិច្ចប្រជុំអាស៊ាន និងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ទទួលបានជោគជ័យ និងល្បីល្បាញយ៉ាង ខ្លាំង នៅសកលលោកទៀតផង។

ទាក់ទងនៃការដាក់អំពូលសូឡាបំភ្លឺ នៅតាមដងផ្លូវនានា ក្នុងឃុំរុនតាឯកនេះ លោក សែម សុវណ្ណនី បានបញ្ជាក់ថាៈ ការដាក់អំពូលសូឡាបំភ្លឺតាមផ្លូវ គឺចូលរួមអនុវត្ត តាមយុទ្ធសាស្ត្រភូមិ ឃុំ មានសុវត្ថិភាព និងបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជា ពលរដ្ឋ អាចធ្វើដំណើរនៅពេលយប់ បានដោយមិនមានការភ័យខ្លាចនោះទេ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ ក៏សម្តែងពីការសប្បាយចិត្ត ដែលបានក្រុមការងារថ្នាក់ជាតិ បំពាក់អំពូលសូឡានៅតាមផ្លូវ ក្នុងមូលដ្ឋានភូមិ ឃុំរបស់ពួកគាត់។

នៅក្នុងពិធីនេះដែរ ក្រុមការងារ បានចែកជូនប្រជាពលរដ្ឋ បានចូលរួមចំនួនជាង ៥០០ នាក់ ក្នុងម្នាក់ ទទួលបានសារុង១ និងថវិកា ១ម៉ឺន រៀល។
សូមបញ្ជាក់ថា បន្ទាប់ពីប្រកាសដាក់ឲ្យប្រើប្រាស់ចង្កៀងអំពូលសូឡា នៅឃុំរុនតាឯក នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ លោក សែម សុវណ្ណនី ព្រមទាំងក្រុមការងារ ក៏បានប្រកាសបើកយុទ្ធាការដាក់អំពូលសូឡា ចំនួន ៣០០ ដើម ក្នុងប្រវែងផ្លូវជាង ៦ គីឡូម៉ែត្រ ជាបន្តទៀត ក្នុងមូលដ្ឋានឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕ V / N