ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កងកម្លាំង​អ៊ុយ​ក្រែន​នៅ​ទីក្រុង​គៀវ​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​២​មិថុនា​នេះ​ថា ខ្លួន​បាន​បាញ់​ទម្លាក់ដ្រូន​និង​កាំជ្រួច​រុស្ស៊ី​យ៉ាងតិច​ចំនួន​៣៦​នៅលើ​និង​ម្តុំ​រដ្ឋធានី​​គៀវ​កាល​ពី​យប់មិញ​ហើយ​មនុស្ស​ពីរ​នាក់​រងរបួស​ដោយ​បំណែក​ធ្លាក់​ពី​លើ​មេឃ​។​

​សូមបញ្ជាក់​ថា រុស្ស៊ី​បាន​ធ្វើ​ការវាយប្រហារ​ដោយ​កាំជ្រួច​និង​ដ្រូ​ន​លើ​រដ្ឋធានី​គៀវ​ប្រមាណ​២០​លើក​ចាប់តាំងពី​ដើម​ខែ​ឧសភា ជា​កំណើន​នៃ​ការវាយប្រហារ​មួយ​ដែល​រដ្ឋាភិបាល​និយាយថា ទំនង​ជា​យុទ្ធ​​សាស្ត្រ​របស់​រុស្ស៊ី​ដើម្បី​បំផ្លាញ​ការត្រៀមខ្លួន​របស់​អ៊ុយ​ក្រែន​ក្នុង​ការបើកការ​វា​យ​បក​ដ៏​ធំ​មួយ​លើ​កងកម្លាំង​រុស្ស៊ី​។​

​សេចក្តីថ្លែងការណ៍​របស់​កងទ័ពអាកាស​មួយ​បាន​និយាយថា កងការពារ​ដែនអាកាស​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​កាំជ្រួច​រុស្ស៊ី​១៥​ដើម​និង​ដ្រូ​ន​ចំនួន​២១​ក្នុង​ការវាយប្រហារ​មួយ​ប្រាវ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​​និង​ក្រោយមក​មាន​ការវាយប្រហា​រ​ដោយ​កាំជ្រួច​បណ្តែត​មួយ​ប្រាវ​ទៀត​។​

​អភិបាល​ទីក្រុង​គៀវ លោក វី​តា​លី គ្លី​តស្កូ បាន​និយាយថា មាន​ការវាយប្រហារ​ពីរ​ប្រាវ តែ​មិន​មាន​ការស្រែក​រក​ជំនួយ​សេវា​ជួយសង្គ្រោះ​ទេ​។​

​ដោយសារ​សព្វាវុធ​ជួយ​ពី​លោក​ខាងលិច​អ៊ុយ​ក្រែន​បាន​បំផ្លាញចោល​កាំជ្រួ​ចនិង​ដ្រូ​ន​ដែល​រុស្ស៊ី​បញ្ជូនមក​ភាគច្រើន​តែ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្មេងស្រី​អាយុ​ប្រាំបួន​ឆ្នាំ​ម្នាក់​ស្ថិត​ចំណោម​អ្នកស្លាប់​បីនាក់​​ពី​ការវាយប្រហារ​ដោយ​កាំជ្រួច​រុស្ស៊ី​លើ​ទីក្រុង​គៀវ​។​

​នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ មន្ត្រី​រុស្ស៊ី​បាន​រាយការណ៍​អំពី​ការបាញ់​ផ្លោង​កាត់​ព្រំដែន​ទៅ​ពី​អ៊ុយ​ក្រែ​ន​និង​ដ្រូ​ន​ចម្ងាយ​ឆ្ងាយ​ពីរ​បាន​វាយប្រហារ​ទីតាំង​ប្រេង​និង​ថាមពល​នៅ​រុស្ស៊ី​ខាងជើង តែ​មិន​បង្ក​អគ្គិភ័យ​ឬ​មាន​​មនុស្ស​រងរបួស​ឬ​ស្លាប់​ពី​ការវាយប្រហារ​នេះ​ទេ​។​

​ក្នុងពេល​ជាមួយគ្នា អភិបាល​តំបន់​បែ​ល​ហ្គោ​រ៉ូត​រុស្ស៊ី បាន​សរសេរ​បង្ហោះ​ថា ភូមិ​ជា​ច្រើន​នៅ​តំបន់​របស់​លោក​បានរ​ង​ការបាញ់​ផ្លោង​មកពី​អ៊ុយ​ក្រែន​ដោយ​«​អំបែង​គ្រាប់​ត្រូវ​រថយន្ត​មួយ​បណ្តាល​អោយ​​ស្ត្រី​ម្នាក់​បាន​ស្លាប់​ហើយ​ម្នាក់​ទៀត​រងរបួស​។​ស្ត្រី​ពីរ​នាក់​ទៀត​ក្នុង​រថយន្ត​មួយ​ទៀត​រងរបួស​»៕

​គ្រាប់ផ្លោង​មកពី​ខាង​អ៊ុយ​ក្រែន​ធ្លាក់​នៅ​តំបន់​បែ​ល​ហ្គោ​រ៉ូត​របស់​រុស្ស៊ី​បណ្តាលអោយ​ស្លាប់​និង​របួស​មនុស្ស​